តំណាង AUF នៅកម្ពុជា ៖ ភាសាបារាំង ជួយជំរុញឱ្យនិស្សិតបន្តការស្រាវជ្រាវ និងមានឱកាសអភិវឌ្ឍខ្លួនកម្រិតអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាង AUF នៅកម្ពុជា ៖ ភាសាបារាំង ជួយជំរុញឱ្យនិស្សិតបន្តការស្រាវជ្រាវ និងមានឱកាសអភិវឌ្ឍខ្លួនកម្រិតអន្តរជាតិ

តំណាង AUF នៅកម្ពុជា ៖ ភាសាបារាំង ជួយជំរុញឱ្យនិស្សិតបន្តការស្រាវជ្រាវ និងមានឱកាសអភិវឌ្ឍខ្លួនកម្រិតអន្តរជាតិ

លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ភាសាបារាំង គឺជាភាសាមួយដែលជួយជំរុញឱ្យនិស្សិតបន្តការស្រាវជ្រាវ និងមានឱកាសអភិវឌ្ឍខ្លួនកម្រិតអន្តរជាតិ។ លោក អ៊ឹម ក្រាវង្ស លើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងកម្មវិធី វដ្តវិទ្យាសាស្រ្តហ្រ្វង់កូហ្វូន តំបន់អាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងភាសាបារាំងដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែង» ដែលរៀបចំរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា (MoEYS) និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF – Asie-Pacifique)។

ព្រឹត្តិការណ៍នេះ រៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ន អ្នកសិក្សាអប់រំ អ្នកស្រាវជ្រាវ និងដៃគូសហប្រតិបត្តិការអន្តរជាតិ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។

លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា

លោក អ៊ឹម ក្រាវង្ស បន្ថែមថា ភាសាបារាំង គឺជាភាសាអន្តរជាតិមួយនៅកម្ពុជា ក្នុងចំណោមកម្មវិធីសិក្សាអន្តរជាតិចំនួន២ គឺភាសាអង់គ្លេស និងភាសាបារាំង។ លោក អ៊ឹម ក្រាវង្ស មានប្រសាសន៍ថា ភាសាបារាំង គឺជាភាសាអន្តរជាតិមួយ ដែលភាគច្រើនមានការប្រើប្រាស់នៅតាមសាកលវិទ្យាល័យ។ ក្នុងន័យនេះ ការប្រើប្រាស់ភាសាបារាំងមិនមែនគ្រាន់តែដើម្បីទំនាក់ទំនងរវាងនិស្សិត និងនិស្សិតនោះទេ តែគឺទាក់ទងនឹងការស្រាវជ្រាវ ក៏ដូចជាការសិក្សារបស់និស្សិតដែរ។

បើតាមតំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា និស្សិតដែលរៀនភាសាបារាំង អាចធ្វើការស្រាវជ្រាវ ដោយមានជម្រើសច្រើន ព្រោះភាសាបារាំង គឺជាភាសាមួយដែលជួយជំរុញឱ្យនិស្សិតបន្តការស្រាវជ្រាវ និងអាចបន្តការសិក្សារបស់ខ្លួននៅក្នុងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលមានប្រមាណ ៩០ប្រទេសនៅជុំវិញពិភពលោក។

«ពេលគាត់ចេះភាសាបារាំង គឺគាត់មានអាទិភាពច្រើននៅក្នុងឱកាសទទួលបានអាហារូបករណ៍ និងមានឱកាសច្រើនក្នុងការធ្វើការងារ និងការស្រាវជ្រាវ ក៏ដូចជាការសហការជាមួយដៃគូអភិវឌ្ឍជាច្រើនទៀត»។

«ពេលគាត់ចេះភាសាបារាំង គឺគាត់មានអាទិភាពច្រើននៅក្នុងឱកាសទទួលបានអាហារូបករណ៍ និងមានឱកាសច្រើនក្នុងការធ្វើការងារ និងការស្រាវជ្រាវ ក៏ដូចជាការសហការជាមួយដៃគូអភិវឌ្ឍជាច្រើនទៀត»

លោក អ៊ឹម ក្រាវង្ស បន្ថែមទៀតថា ប្រសិនបើយុវជនចេះប្រើប្រាស់ភាសាបារាំង អាចចាត់ទុកថា ជាធនធានដ៏កម្រ ព្រោះបច្ចុប្បន្នយុវជនភាគច្រើនចេះប្រើប្រាស់ភាសាអង់គ្លេស ហើយមានយុវជនភាគតិចដែលចេះប្រើប្រាស់ភាសាបារាំង និងកំពុងមានតម្រូវការបំផុត។ ជាពិសេស ការជ្រើសរើសបម្រើការងារជាមន្រ្តីរាជការ នៅតាមក្រសួង ស្ថាប័ន ឬបុគ្គលិកបម្រើការងារនៅតាមអង្គការអន្តរជាតិ គឺមានតម្រូវការអ្នកចេះភាសាបារាំង។

កញ្ញា សេង ជីងអឺ ជានិស្សិតបញ្ចប់ការសិក្សាឯកទេសភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស និងជាយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងឱ្យកម្ពុជាមួយរូប លើកឡើងថា ភាសាបារាំង ជាភាសាមួយដែលមានតម្រូវការខ្លាំងនៅក្នុងសង្គមបច្ចុប្បន្នបន្ទាប់ពីភាសាចិន និងភាសាអង់គ្លេស។ កញ្ញា ជីងអឺ លើកទឹកចិត្តឱ្យយុវជនខ្មែរខិតខំរៀនជំនាញរបស់ខ្លួន ព្រមទាំងសិក្សាបន្ថែមមួយភាសាទៀត ជាពិសេសភាសាបារាំង ដែលយើងអាចប្រើប្រាស់បានទៅមុខទៀត ដោយសារតែប្រទេសកម្ពុជា ក៏ជាសមាជិកនៃសមាគមហ្រ្វង់កូហ្វូនីអន្តរជាតិ។

កញ្ញា សេង ជីងអឺ

កញ្ញា ជីងអឺ បន្ថែមថា ការរៀនភាសាបារាំង មិនមែនមានន័យថា បានទៅតែប្រទេសបារាំងនោះទេ ពោលគឺនិស្សិតអាចមានឱកាសបន្តការសិក្សាទៅតំបន់អឺរ៉ុប អាហ្វ្រិក មជ្ឈឹមបូព៌ា ក៏ដូចជាទៅប្រទេសផ្សេងៗដែលគេប្រើប្រាស់ភាសាបារាំង ហើយនេះជាឱកាសល្អសម្រាប់យុវជនហ្វឹកហាត់ជំនាញផង និងចេះភាសាបារាំងជាជំនួយទៀតផង។

សូមជំរាបជូនថា ប្រទេស​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20e Sommet de la Francophonie) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា ក៏​រៀបចំកម្មវិធីសំខាន់ៗចំនួន២ គឺ វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីតំបន់អាស៊ី-ប៉ាស៊ីហ្វិក (CSFAP) និង ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា