៤០% នៃជ័យលាភីអាហារូបករណ៍អូស្រ្តាលី ឆ្នាំ២០២៧ ផ្តោតលើជំនាញ STEM | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៤០% នៃជ័យលាភីអាហារូបករណ៍អូស្រ្តាលី ឆ្នាំ២០២៧ ផ្តោតលើជំនាញ STEM

៤០% នៃជ័យលាភីអាហារូបករណ៍អូស្រ្តាលី ឆ្នាំ២០២៧ ផ្តោតលើជំនាញ STEM

ប្រមាណ ៤០% នៃជ័យលាភីអាហារូបករណ៍អូស្ត្រាលី (Australia Awards Scholarships) សម្រាប់ឆ្នាំសិក្សា២០២៧ និស្សិតកម្ពុជាមានបំណងបន្តការសិក្សាលើមុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលកើនឡើងពី១៥% ក្នុងឆ្នាំ២០២២ ខណៈនិស្សិតជ័យលាភីចំនួន៥៥រូប កំពុងត្រៀមខ្លួនសម្រាប់បន្តការសិក្សានៅប្រទេសអូស្ត្រាលី។

តាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និស្សិតជ័យលាភីអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៧ ចំនួន៥៥រូប បានចូលរួមកម្មវិធីណែនាំអាហារូបករណ៍ (Induction Day) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី។

ក្នុងចំណោមជ័យលាភីទាំង៥៥រូប មាន៥រូបទទួលបានអាហារូបករណ៍តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី។ ជ័យលាភីជំនាន់ថ្មីទាំងនេះ នឹងចូលរួមជាមួយនិស្សិតកម្ពុជាជាង១,១០០រូបផ្សេងទៀត ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី Australia Awards និងកម្មវិធីអាហារូបករណ៍មុនៗ។

ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានចូលរួមក្នុងកម្មវិធីណែនាំ និងអបអរសាទរដល់ជ័យលាភីអាហារូបករណ៍ជំនាន់ថ្មី។ ឯកឧត្តមបានលើកឡើងថា វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងអូស្ត្រាលី និងកម្ពុជា។

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ប្រសិនបើចង់វិនិយោគលើអនាគតរបស់ប្រទេសមួយ គេត្រូវវិនិយោគលើប្រជាជនរបស់ប្រទេសនោះ ដោយចាត់ទុកប្រជាជនជាធនធានដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិ។

ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា

ទន្ទឹមនឹងការកើនឡើងនៃការផ្តោតលើជំនាញ STEM ជ័យលាភីអាហារូបករណ៍ឆ្នាំ២០២៧ ក៏មានភាពចម្រុះគួរឱ្យកត់សម្គាល់ផងដែរ ដោយជាងពាក់កណ្តាលនៃជ័យលាភីទាំងអស់ជាស្ត្រី ខណៈ ១៥% ទទួលបានការគាំទ្រតាមរយៈកម្មវិធី Equity Pathway Program។ ក្នុងចំណោមនោះ មានជ័យលាភី ២រូបជាជនមានពិការភាព។

ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា សមាមាត្រជ័យលាភីដែលមានបំណងសិក្សាលើមុខជំនាញ STEM បានកើនឡើងពី ១៥% ក្នុងឆ្នាំ២០២២ មកប្រមាណ ៤០% ក្នុងឆ្នាំ២០២៧។ ការកើនឡើងនេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា។

ស្ថានទូតអូស្ត្រាលីចាត់ទុកកម្មវិធី Australia Awards ថា ជាការវិនិយោគរយៈពេលវែងសម្រាប់អនាគតកម្ពុជា តាមរយៈការផ្តល់ជំនាញកម្រិតពិភពលោក បណ្តាញទំនាក់ទំនង និងគុណតម្លៃរួមដល់អ្នកដឹកនាំជំនាន់ថ្មី។

កម្មវិធីនេះត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញនវានុវត្តន៍ ពង្រឹងស្ថាប័ន និងកសាងភាពជាដៃគូកាន់តែរឹងមាំរវាងអូស្ត្រាលី និងកម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពសម្រាប់អនាគត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា