អូស្ត្រាលីគាំទ្រកម្ពុជាអនុវត្តផែនការជាតិថ្មី ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលីគាំទ្រកម្ពុជាអនុវត្តផែនការជាតិថ្មី ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

អូស្ត្រាលីគាំទ្រកម្ពុជាអនុវត្តផែនការជាតិថ្មី ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ និងប្រព័ន្ធឆ្លើយតបប្រកបដោយបរិយាបន្ន ខណៈកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០»។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានឱ្យដឹងថា ផែនការសកម្មភាពជាតិលើកទី៤ (NAPVAW IV) គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងអនាគតដែលកាន់តែមានសុវត្ថិភាព និងបរិយាបន្នសម្រាប់ស្ត្រី និងក្មេងស្រី ព្រមទាំងជាការបញ្ជាក់សាជាថ្មីនូវភាពជាដៃគូរវាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានរយៈពេលជាងមួយទសវត្សរ៍មកហើយ។

លោកស្រី ប្រ៊ីជិត ខូល្លៀ ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានស្វាគមន៍ចំពោះវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដែលមានចែងក្នុងផែនការនេះ ដោយផ្តោតលើការបង្ការ ការផ្តល់សេវាគាំទ្រដល់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សា កំណែទម្រង់ច្បាប់ និងគោលនយោបាយ ការប្រើប្រាស់ភស្តុតាង និងការពង្រឹងគណនេយ្យភាព។

លោកស្រី ប្រ៊ីជិត ខូល្លៀ ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

លោកស្រីបានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីមានមោទនភាពដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងទន្ទឹងរង់ចាំបន្តភាពជាដៃគូដ៏រឹងមាំ ដើម្បីគាំទ្រការអនុវត្តផែនការ NAPVAW IV និងសម្រេចបាននូវលទ្ធផលប្រកបដោយអត្ថន័យ និងនិរន្តរភាពសម្រាប់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

ផែនការនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្មីៗនេះ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលីតាមរយៈកម្មវិធី ACCESS 2 និងការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូសង្គមស៊ីវិល ដើម្បីជំរុញសមភាពយេនឌ័រ លើកកម្ពស់សិទ្ធិស្ត្រី និងពង្រីកសេវាគាំទ្រដល់អ្នករងគ្រោះដោយអំពើហិង្សានៅទូទាំងប្រទេស។

ផែនការសកម្មភាពជាតិលើកទី៤នេះ មានសសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន ការបង្ការអំពើហិង្សា និងការដោះស្រាយមូលហេតុឫសគល់ ការពង្រីកកិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ ការពង្រឹងការបង្កើត និងការអនុវត្តច្បាប់និងគោលនយោបាយ ព្រមទាំងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើភស្តុតាង។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 និងដៃគូពាក់ព័ន្ធ ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរៀបចំផែនការនេះ ព្រមទាំងការរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

លោកជំទាវបានបញ្ជាក់ថា ការគាំទ្រនេះបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការអំពើហិង្សា និងជួយស្ត្រីនិងក្មេងស្រីដែលរងគ្រោះឱ្យរួចផុតពីវដ្តនៃអំពើហិង្សា ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

តាមរយៈការអនុវត្តផែនការនេះ កម្ពុជាមានគោលដៅពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងពង្រីកការឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់តម្រូវការ សុវត្ថិភាព និងសិទ្ធិរបស់អ្នករងគ្រោះជាចំណុចស្នូល៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា