ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ ​កំពុង​មាន​តម្រូវការទីផ្សារការងារ​ខ្ពស់​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ ​កំពុង​មាន​តម្រូវការទីផ្សារការងារ​ខ្ពស់​នៅ​កម្ពុជា​

ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ ​កំពុង​មាន​តម្រូវការទីផ្សារការងារ​ខ្ពស់​នៅ​កម្ពុជា​

​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​មាន​តម្រូវការ​ខ្ពស់​លើ​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ ​ហើយ​កម្ពុជា​ក៏​កំពុង​ព្យាយាម​ជំរុញ​ជំនាញ​នេះ​ឱ្យ​មាន​ដំណើរការ​កាន់តែ​ខ្លាំង​ផងដែរ​។ ​នេះ​ជា​ការ​លើកឡើង​របស់​ លោក​ ​គង់វង្ស​ ​ប្រាកដ​ ​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស ​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ​ហៅ​កាត់​ថា​ ​NTTI​។​

Advertisement

​លោក​ ​គង់វង្ស​ ​ប្រាកដ​ ​មានប្រសាសន៍​ថា​ ​ជំនាញ​ស្វ័យប្រវត្តិកម្ម​ ​គឺជា​ជំនាញ​ដែល​មាន​សារៈសំខាន់​ ​និង​បាន​ជំរុញ​យ៉ាង​ខ្លាំង​ទៅលើ​ផ្នែក​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ ​ព្រោះ​លុះត្រាតែ​មាន​ម៉ាស៊ីន​ទាំងអស់​នេះ​ទើប​អាច​ជំរុញ​ឱ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​មាន​សមត្ថភាព​ផលិត​បាន​នៅក្នុង​ល្បឿន​លឿន​ស្រប​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង​។ ​លោក​បន្ត​ថា​ ​ជំនាញ​មួយ​នេះ​ផ្ដោត​ទៅលើ​ការ​សិក្សា​ ​និង​ការ​អនុវត្ត​ជាក់ស្ដែង​ ​លើ​ការ​ផលិត​វត្ថុ​ឧបករណ៍​ ​ក៏​ដូច​បរិក្ខារ​ដោយ​ស្វ័យប្រវត្តិ​ ​ធ្វើ​យ៉ាងណា​ឱ្យ​គ្រឿងចក្រ​អាច​ផលិត​របស់របរ​ណាមួយ​ដែល​យើង​អាច​យកមក​ប្រើប្រាស់​តាម​តម្រូវការ​។​

​”​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​នេះ​ ​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ​ដោយ​វា​អាច​ជួយ​បង្កើន​ទាំង​ផលិតផល​ ​ទាំង​បរិមាណ​ ​និង​គុណភាព​នៅក្នុង​ចំនួន​ច្រើន​ដែល​យើង​អាច​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​”​

​ចំពោះ​ការ​សិក្សា​ជំនាញ​ស្វ័យប្រវត្តិកម្ម​នេះ​វិញ​ ​បើ​តាម​លោក​ ​គង់វង្ស​ ​ប្រាកដ​ ​មាន​មុខវិជ្ជា​ជាច្រើន​ ​ប៉ុន្តែ​មុខវិជ្ជា​គោល​សំខាន់​ៗ​នៅក្នុង​ការ​សិក្សា​មាន​ដូចជា​ ​ការ​ដំឡើង​ប្រព័ន្ធ​អគ្គិសនី​,​ ​PLC​ ​ឬ​ប្រព័ន្ធ​ឧស្សាហកម្ម ​ដៃ​ ​Robot​ ​ហើយ​ក្នុង​នោះ​ក៏​មាន​រួមផ្សំ​ការ​បញ្ជា​តាម​ប្រព័ន្ធ​ ​IOT​ ​Cloud​ ​ផងដែរ​។ ​នេះ​គ្រាន់តែ​ជា​វិជ្ជា​គោល​មួយចំនួន​ដែល​លើក​យកមក​បង្ហាញ​ប៉ុណ្ណោះ​ ​ជាក់ស្ដែង​ ​នៅក្នុង​កម្មវិធី​សិក្សា​ចំពោះ​ថ្នាក់​មធ្យម​ មាន​ប្រមាណ​ ​៣០​មុខវិជ្ជា​ ​ហើយ​ចំពោះ​ថ្នាក់​បរិញ្ញាបត្រ​វិញ​អាច​មាន​ដល់​ទៅ​ជិត​ ​៥០​មុខវិជ្ជា​។​

​ដោយឡែក​ជុំវិញ​កម្មវិធី​សិក្សា​វិញ​ ​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស​រូប​នេះ​ ​បាន​បន្ថែម​ថា​ ​នៅ​ ​NTTI​ ​ការ​សិក្សា​មាន​បែងចែក​ជា​ ​២​ កម្រិត​ ​គឺ​ថ្នាក់​បរិញ្ញាបត្រ​រង ​មាន​រយៈពេល​ ​២​ ​ឆ្នាំ​ និង​បូក​បន្ថែម​កន្លះ​ឆ្នាំ​ ​ដើម្បី​ធ្វើ​របាយការណ៍​ដើម្បី​បញ្ចប់​ការ​សិក្សា​ ​និង​ថ្នាក់​បរិញ្ញាបត្រ ​មាន​រយៈពេល​ ​៤​ ​ឆ្នាំ​ និង​បូក​បន្ថែម​ កន្លះ​ឆ្នាំ​ ​ដើម្បី​ធ្វើ​សារណា​បញ្ចប់​ការ​សិក្សា​។​

​ចំពោះ​ទីផ្សារ​ការងារ​វិញ​ លោក​ ​គង់វង្ស​ ​ប្រាកដ​ ​លើកឡើង​ថា​ ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​តម្រូវការ​ច្រើន​លើ​ជំនាញ​នេះ​ ​ប៉ុន្តែ​ដោយ​ហេតុ​ថា​ ​នេះ​ជា​ជំនាញ​មួយ​ដែល​ថ្មី​នៅ​មិន​ទាន់​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​នៅឡើយ​។ ​ប៉ុន្តែ​នៅ​តាម​រោងចក្រ ​សហគ្រាស​នានា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ មាន​ការ​ហូរ​ចូល​ជាបន្តបន្ទាប់​ ​ដែល​សុទ្ធសឹងតែ​មាន​តម្រូវការ​ ​ដូច្នេះ​ការ​សិក្សា​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​នេះ​ ក្រោយពេល​បញ្ចប់​ការ​សិក្សា​ ​គឺ​អាច​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ ​រោងចក្រ​ឧស្សាហកម្ម​ ​ដែល​មាន​នៅក្នុង​ប្រទេស​ ​ឬ​ទៅ​ក្រៅ​ប្រទេស​ប្រសិនបើ​អាច​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​អន្តរជាតិ​។​

​មួយ​វិញទៀត​ ​នៅក្នុង​ជំនាញ​ស្វ័យប្រវត្តិកម្ម​នេះ​ ​គឺ​មាន​បែងចែក​ជា​ប្រភេទ​អ្នក​បញ្ជា ​ជា​អ្នកដំឡើង​ ​ជា​អ្នក​ជួសជុល ​ក៏​ដូចជា​អ្នក​រចនា​ផ្សេង​ៗ​ ​ដូច្នេះ​ក្រោយពេល​បញ្ចប់​ការ​សិក្សា​ ​ក្រៅតែ​ពី​ការ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ ​ក៏​អាច​បើក​ជា​មុខរបរ ​ផលិត​ម៉ាស៊ីន​លក់​ ​ឬ​បង្កើត​ជា​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​ណាមួយ​ដើម្បី​ប្រកប​មុខរបរ​ដោយ​ខ្លួនឯង​បាន​ផងដែរ​។​

​តាម​បទពិសោធន៍​កន្លងមក​ ក្រោយពេល​បញ្ចប់​ការ​សិក្សា​ ​នៅ​ដំណាក់កាល​ដំបូង​ពេល​ចូល​បម្រើ​ការងារ​ សិស្ស​អាច​ទទួលបាន​បៀវត្ស​ចន្លោះ​ពី​ ​៤០០​ ​ដុល្លារ​ ​ដល់​ ​៥០០​ ​ដុល្លារ​ ​ឬ​អាច​មាន​ដល់​ ​៨០០​ ​ដុល្លារ​ ​ដល់​ ​៩០០​ ​ដុល្លារ​ ​អាស្រ័យ​ទៅលើ​ការ​ខិតខំប្រឹងប្រែង​ និង​បទពិសោធន៍​ធ្វើការ​ជាក់ស្ដែង​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា