បេក្ខជនត្រៀមខ្លួនរួចជាស្រេចដោយទំនុកចិត្ត ខណៈការប្រឡងបាក់ឌុបផ្តើមនៅសប្ដាហ៍ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជនត្រៀមខ្លួនរួចជាស្រេចដោយទំនុកចិត្ត ខណៈការប្រឡងបាក់ឌុបផ្តើមនៅសប្ដាហ៍ក្រោយ

បេក្ខជនត្រៀមខ្លួនរួចជាស្រេចដោយទំនុកចិត្ត ខណៈការប្រឡងបាក់ឌុបផ្តើមនៅសប្ដាហ៍ក្រោយ

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ គ្រប់មណ្ឌលសំណេរទាំងអស់បានចាប់ផ្តើមបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប), បេក្ខជនក៏បានមកពិនិត្យ​មើលឈ្មោះ​នៅតាមមណ្ឌលប្រឡងរៀងៗខ្លួនផងដែរ ដោយ​ពួកគេបានបង្ហាញក្ដីសង្ឃឹម និងការត្រៀមខ្លួនពេញដោយទំនុកចិត្ត ក្នុងការប្រឡង ដែលគ្រោងប្រព្រឹត្តទៅនៅ ១០ សីហា សប្តាហ៍ក្រោយនេះ។

Advertisement

យុវតី អន ចាន់សុគន្ធាវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានមកពិនិត្យមើលឈ្មោះនៅមណ្ឌលប្រឡង នៃវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ និយាយថា សម្រាប់ការប្រឡងបាក់ឌុបខាងមុខ កញ្ញាមានអារម្មណ៍ភ័យផងអរផង ប៉ុន្តែកញ្ញាបានត្រៀមខ្លួនរួចជាស្រេច​ ដោយរំពឹងថា នឹងទទួលបាននិទ្ទេសល្អ​។

យុវតី អន ចាន់សុគន្ធាវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

ដូចគ្នានេះដែរ យុវសិស្ស ហេង រក្សា ក៏បាននិយាយដែរថា រូបគេមានអារម្មណ៍សប្បាយចិត្តដែលបានឃើញឈ្មោះរបស់ខ្លួននៅមណ្ឌលប្រឡងនេះ ហើយក៏ឈប់ភ័យទៀតដែរ។ រក្សា បន្តថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រូបគេនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អ ជាពិសេស រូបគេក៏បានត្រៀមខ្លួន និងសម្ភារៈក្នុងការប្រឡងរួចជាស្រេច ដោយរំពឹងថា នឹងអាចយកយ៉ាងហោចណាស់និទ្ទេស C ឱ្យបាន។

យុវសិស្ស ហេង រក្សា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

សម្រាប់ យុវសិស្ស ចាន់ វណ្ណា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងដែរថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រូបគេបានត្រៀមខ្លួនរួចជាស្រេចនូវចំណេះដឹងដែលបានរៀនអស់រយៈពេល ១២ឆ្នាំកន្លងមក។ វណ្ណា រំពឹងថា សម្រាប់ការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃខាងមុខ រូបគេសង្ឃឹម ៧០ភាគរយ និងយកលទ្ធផលល្អឱ្យបាន។

យុវសិស្ស ចាន់ វណ្ណា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

មណ្ឌលប្រឡង​វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ ជាមណ្ឌលប្រឡង​សម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត ដែលមានបេក្ខជនសរុប ៩៧២នាក់ ស្រី ៤៧៣នាក់។ ក្នុងនោះ បេក្ខជនជ្រើសរើសប្រឡងមុខវិជ្ជាភាសាបរទេស អង់គ្លេស ៩៦៤នាក់ និងបារាំង ០៨នាក់។

តាមកាលវិភាគរបស់ក្រសួងអប់រំ ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះ ការបិទផ្សាយ​បញ្ជី​ឈ្មោះបេក្ខជន​ប្រឡង នឹងត្រូវ​ធ្វើ​ចំនួន ២លើក​នៅតាម​មណ្ឌលសំណេរនីមួយៗ ដោយ​លើកទី១ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ និងលើកទី២ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា