បាក់ឌុប​២០២៦​បញ្ចប់​ដោយ​រលូន​ ក្រសួង​រកឃើញ​ឧបករណ៍​អេឡិចត្រូនិក​ហាមឃាត់​១២​ករណី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាក់ឌុប​២០២៦​បញ្ចប់​ដោយ​រលូន​ ក្រសួង​រកឃើញ​ឧបករណ៍​អេឡិចត្រូនិក​ហាមឃាត់​១២​ករណី​

បាក់ឌុប​២០២៦​បញ្ចប់​ដោយ​រលូន​ ក្រសួង​រកឃើញ​ឧបករណ៍​អេឡិចត្រូនិក​ហាមឃាត់​១២​ករណី​

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​បាន​បញ្ចប់​ដោយ​រលូន​នៅ​ថ្ងៃទី​១១​ ​ខែសីហា ​ដោយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​គួរឱ្យ​កត់សម្គាល់​ឡើយ​ ​ខណៈ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​រកឃើញ​ឧបករណ៍​អេឡិចត្រូនិក​ហាមឃាត់​ចំនួន​១២​ករណី​។​

Advertisement

​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​បាន​ប្រាប់​ ​AMS​ ​មុន​នេះ​បន្តិច​ថា​ ​ដំណើរការ​សំណេរ​រយៈពេល​២​ថ្ងៃ​ ​គឺ​ថ្ងៃទី​១០​-​១១​ ​ខែសីហា ​បាន​ប្រព្រឹត្តទៅ​ដោយ​ស្ងប់ស្ងាត់​ និង​មាន​សណ្តាប់ធ្នាប់​ល្អ ​ដោយ​មាន​ការ​ចូលរួម​ពី​គណៈ​មេ​ប្រយោគ ​គណៈ​អប្បមាទ ​ប្រធាន​ ​និង​អនុ​ប្រធាន​មណ្ឌល ​គណៈកម្មការ​ពាក់ព័ន្ធ​ ​ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​មន្ត្រី​សុខាភិបាល​ ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​។​

​លោកជំទាវ​បន្ថែម​ថា​ ​ក្នុង​ចំណោម​ឧបករណ៍​ហាមឃាត់​១២​ករណី​ ​មាន​៥​ករណី​ពាក់ព័ន្ធ​នឹង​បេក្ខជន ​រួមមាន​ វ៉ែនតា​ឆ្លាតវៃ​ភ្ជាប់​ទូរសព្ទ​ដៃ​១​ករណី ​ទូរសព្ទ​ឆ្លាតវៃ​១​ករណី​ ​និង​នាឡិកា​ឆ្លាតវៃ​៣​ករណី​។​

​ចំណែក​៧​ករណី​ទៀត​ ​ត្រូវបាន​រកឃើញ​ពី​គណៈកម្មការ​ប្រឡង ​រួមមាន​ទូរសព្ទ​ឆ្លាតវៃ​១​ករណី​ ​និង​នាឡិកា​ឆ្លាតវៃ​៦​ករណី​។​

​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ ​នឹង​ចាត់​វិធានការ​ចំពោះ​ករណី​ល្មើស​ទាំង​នេះ​តាម​គោលការណ៍​ជាធរមាន​ ​ហើយ​បាន​រំលឹក​ដល់​បេក្ខជន​ទាំងអស់​ឱ្យ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ការ​ហាមឃាត់​ការ​នាំ​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​មណ្ឌល​ និង​បន្ទប់​ប្រឡង​។​

​ជាមួយគ្នា​នេះ​ របាយការណ៍​បឋម​ពី​មណ្ឌល​ប្រឡង​បង្ហាញ​ថា​ ​នៅ​ថ្ងៃទី​២​ ​មាន​បេក្ខជន​អវត្តមាន​ចំនួន​ ​១​ ​៣៥២​នាក់​ ស្មើនឹង​ ​០,៨៩​% ​ក្នុង​នោះ​ស្រី​៥០២​នាក់​។ ​បេក្ខជន​អវត្តមាន​រួមមាន​បេក្ខជន​ស្វ័យ​រិន​១​ ​១៤៧​នាក់​ ​និង​បេក្ខជន​ចំណេះ​ទូទៅ​២០៥​នាក់​។​

​បេក្ខជន​ចំនួន​ ​២៦៧​នាក់​ ​មាន​បញ្ហា​សុខភាព​ ក្នុង​នោះ​មាន​អ្នកបោះបង់​ការ​ប្រឡង​១០​នាក់​ ​អ្នក​ប្រឡង​ដាច់ដោយឡែក​៦៥​នាក់​ ​អ្នក​មាន​ជំងឺ​គ្រុន​ឈាម​៦៦​នាក់​ ​និង​អ្នករងគ្រោះថ្នាក់​ចរាចរណ៍​១០​នាក់​។ ​ដោយឡែក​ ​គណៈ​មេ​ប្រយោគ​ចំនួន​២៥​នាក់​ ​ក៏​មាន​បញ្ហា​សុខភាព​ផងដែរ​។​

​ក្រសួង​បញ្ជាក់​ថា​ ​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​បាន​ទទួល​ការ​មើល​ថែ​ពី​ក្រុម​គ្រូពេទ្យ​ ​ហើយ​បាន​បន្ត​ការ​ប្រឡង​បន្ទាប់ពី​អាការៈ​ធូរស្រាល​។​

​ក្នុង​រយៈពេល​ប្រឡង​២​ថ្ងៃ​ មាន​រាជធានី​-​ខេត្ត​ចំនួន​១០​ ​មាន​ភ្លៀង​ធ្លាក់​ ​ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​ឡើយ​។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់ ​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​វាយតម្លៃ​ថា​ភាព​ជោគជ័យ​នៃ​ការ​ប្រឡង​បាក់ឌុប​ ក្រោម​គោលការណ៍​ «​ច្បាប់​ យុត្តិធម៌​ ​តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​» ​គឺ​បាន​មក​ពី​ការ​គោរព​បទប្បញ្ញត្តិ​របស់​បេក្ខជន​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

​សូម​ជម្រាប​ថា​ ​សម្រាប់​លទ្ធផល​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​គ្រោង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​២​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​សម្រាប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ និង​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា