សាលាបឋមសិក្សាបាណន់ ខេត្តបាត់ដំបង រងការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលាបឋមសិក្សាបាណន់ ខេត្តបាត់ដំបង រងការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភ

សាលាបឋមសិក្សាបាណន់ ខេត្តបាត់ដំបង រងការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភ

សាលាបឋមសិក្សាបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានរងការខូចខាតសម្ភារៈសិក្សាយ៉ាងដំណំ ដោយសារទឹកជំនន់នាពេលថ្មីៗនេះ។ តុសិស្សប្រមាណ ៧០% និងសៀវភៅពុម្ពប្រមាណ ៨០% ត្រូវបានខូចខាត ដែលបង្កការលំបាកដល់ការបង្រៀន និងការសិក្សារបស់សិស្សានុសិស្ស ខណៈសាលាកំពុងត្រៀមរៀបចំសម្រាប់ការបើកបវេសនកាលថ្មី។

តាមការប្រកាសរបស់សាលាបឋមសិក្សាបាណន់ ទឹកជំនន់បានប៉ះពាល់យ៉ាងខ្លាំងដល់បរិវេណសាលា និងសម្ភារៈសិក្សាមួយចំនួន ដោយបណ្តាលឱ្យតុសិស្សប្រមាណ ៧០% និងសៀវភៅពុម្ពប្រមាណ ៨០% រងការខូចខាត។ ស្ថានភាពនេះបានបង្កការលំបាកដល់ការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។

ក្នុងឱកាសនេះ សាលាបានអំពាវនាវដល់សប្បុរសជន អង្គការ ស្ថាប័ន និងសាធារណជនទាំងអស់ចូលរួមជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីស្តារសាលារៀន និងបរិយាកាសសិក្សាឱ្យអាចដំណើរការឡើងវិញបាន។ សាលាបានបញ្ជាក់ថា រាល់ការចូលរួម ទោះតិចក្តី ឬច្រើនក្តី គឺជាក្តីសង្ឃឹមដ៏មានតម្លៃសម្រាប់កុមារ និងវិស័យអប់រំ។

អ្នកគ្រូ ផុំ សុផារ៉ី នាយិការងសាលាបឋមសិក្សាបាណន់ បានប្រាប់ AMS ថា ទឹកជំនន់បានបង្កការខូចខាតយ៉ាងខ្លាំងដល់តុសិស្ស និងសៀវភៅពុម្ពរបស់សាលា។ ទោះជាយ៉ាងណា បច្ចុប្បន្នមានសប្បុរសជនជាច្រើនបានបន្តចូលរួមជួយឧបត្ថម្ភ ដើម្បីស្តារសាលារៀនឡើងវិញ ខណៈសាលាកំពុងព្រួយបារម្ភអំពីការត្រៀមខ្លួនទទួលសិស្សចូលរៀននៅពេលបើកបវេសនកាល។

ជាមួយគ្នានេះ អ្នកគ្រូ ម៉ុន ស្រីលៀប គ្រូបង្រៀននៅសាលាបឋមសិក្សាបាណន់ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបង្ហាញការសោកស្តាយចំពោះការខូចខាតតុ កៅអី និងសម្ភារៈសិក្សាផ្សេងៗ ដែលសាលាមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។

អ្នកគ្រូបានឱ្យដឹងថា នៅពេលទឹកជំនន់កើតឡើងកន្លងទៅថ្មីៗនេះ ទឹកបានឡើងខ្ពស់និងហូរឡើងយ៉ាងលឿននៅពេលយប់ ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូពិបាកក្នុងការជួយសង្គ្រោះសម្ភារៈសិក្សាទាំងអស់។

ក្នុងសារនោះ អ្នកគ្រូបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សប្បុរសជន និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅបណ្តាញសង្គម ដែលបានចូលរួមជួយឧបត្ថម្ភដល់សាលារៀន ព្រមទាំងអំពាវនាវឱ្យមានការគាំទ្របន្ថែម ដើម្បីស្តារបរិយាកាសសិក្សាឱ្យអាចដំណើរការឡើងវិញបាន។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ទឹកជំនន់នាពេលថ្មីៗនេះបានប៉ះពាល់ដល់សាលារៀនចំនួន ១០៧ ស្ថិតនៅក្នុងស្រុក និងក្រុងចំនួន ៩ រួមមាន ស្រុករតនមណ្ឌល ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកកំរៀង ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ស្រុកបវេល ស្រុកថ្មគោល ស្រុកបាណន់ និងស្រុកឯកភ្នំ។

សាលារៀនដែលរងផលប៉ះពាល់ទាំងនោះ រួមមានសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងមត្តេយ្យសិក្សា។

ក្នុងស្ថានភាពនេះ សាលាបឋមសិក្សាបាណន់បានអំពាវនាវដល់សប្បុរសជន អង្គការ ស្ថាប័ន និងសាធារណជន ឱ្យចូលរួមជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីស្តារសាលារៀន និងផ្តល់សម្ភារៈសិក្សាចាំបាច់ឡើងវិញ សំដៅបង្កលក្ខណៈងាយស្រួលដល់ការបង្រៀន និងការរៀនសូត្ររបស់កុមារឱ្យបានប្រសើរឡើង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា