នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ ​៖ ​បេក្ខជន​ពិការ​ភ្នែក​ និង​គថ្លង់​ ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​ប្រឡង​បាក់ឌុប ​ដោយ​បន្ត​តស៊ូ​មិន​បោះបង់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ ​៖ ​បេក្ខជន​ពិការ​ភ្នែក​ និង​គថ្លង់​ ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​ប្រឡង​បាក់ឌុប ​ដោយ​បន្ត​តស៊ូ​មិន​បោះបង់​

នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ ​៖ ​បេក្ខជន​ពិការ​ភ្នែក​ និង​គថ្លង់​ ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​ប្រឡង​បាក់ឌុប ​ដោយ​បន្ត​តស៊ូ​មិន​បោះបង់​

​ខណៈ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​២០២៦​ ​កាន់តែ​ខិត​ជិត​មកដល់​ ​បេក្ខជន​ទូទាំង​ប្រទេស​កំពុង​ត្រៀមខ្លួន​យ៉ាង​យកចិត្តទុកដាក់​ ​ដោយ​មាន​ទាំង​ការ​រំភើប​ ភ័យ​បារម្ភ​ ​និង​ក្តីសង្ឃឹម​ បន្ទាប់ពី​បាន​ខិតខំ​សិក្សា​អស់​រយៈពេល​ ​១២​ឆ្នាំ​។ ​ក្នុង​ចំណោម​នោះ​ ​បេក្ខជន​អប់រំ​ពិសេស​ដែល​មាន​ពិការ​ភាព​ផ្នែក​ភ្នែក​ និង​គថ្លង់ ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចូលរួម​ប្រឡង ​ដោយ​បង្ហាញ​ពី​ការ​តស៊ូ ​និង​មិន​បោះបង់​ការ​សិក្សា​របស់​ខ្លួន​។​

Advertisement

​លោក​ ​ម៉ៅ ​ផាត ​នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ឆ្នាំ​នេះ​មាន​បេក្ខជន​អប់រំ​ពិសេស​សរុប​ ​៤៧​នាក់​ ចូលរួម​ប្រឡង​បាក់ឌុប​ ក្នុង​នោះ​មាន​សិស្ស ​២១​នាក់​ មកពី​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​។​

​លោក​បាន​ឱ្យដឹង​ថា​ ​បេក្ខជន​ពិការ​ភ្នែក​ នឹង​ប្រឡង​នៅ​មណ្ឌល​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី ​ខណៈ​បេក្ខជន​គថ្លង់​ ​នឹង​ប្រឡង​នៅ​មណ្ឌល​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​(​RULE​)​។​

សិស្ស​ធម្មតា​ក៏​មាន​អារម្មណ៍​ភ័យ​ និង​អន្ទះសារ​ចំពោះ​ការ​ប្រឡង​ដែរ​ ​ចុះ​ទម្រាំ​សិស្ស​ពិការ​ភ្នែក​ និង​គថ្លង់ ​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​?​ ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ ​ពួកគេ​នៅតែ​តស៊ូ ​មិន​រួញរា ​និង​មិន​បោះបង់​។ ​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ បន្ទាប់ពី​បាន​រៀន​ ​និង​បំប៉ន​តាំងពី​ដើម​ឆ្នាំ​មក​

​លោក​បាន​ពន្យល់​ថា​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​រៀបចំ​ដំណើរការ​ប្រឡង​ដាច់ដោយឡែក​សម្រាប់​បេក្ខជន​អប់រំ​ពិសេស ​ដោយ​មាន​បន្ទប់​ប្រឡង​ និង​អនុ​រក្ស​ដែល​ជា​គ្រូបង្រៀន​មកពី​សាលា​អប់រំ​ពិសេស ​ដើម្បី​អាច​ទំនាក់ទំនង​ ​ពន្យល់​ ​និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ក្នុង​អំឡុង​ពេល​ប្រឡង​។

​ទោះជា​យ៉ាងណា​ ​លោក​បញ្ជាក់​ថា​ ​វិញ្ញាសា​ប្រឡង​គឺ​ដូចគ្នា​នឹង​សិស្ស​ទូទៅ​ ​ខណៈ​ការ​កែ​វិញ្ញាសា​របស់​បេក្ខជន​អប់រំ​ពិសេស​ ​ក៏​ធ្វើឡើង​ដោយ​គ្រូ​ជំនាញ​មកពី​សាលា​អប់រំ​ពិសេស​ផងដែរ​។​

​លោក​បន្ត​ថា​ ​កម្មវិធី​សិក្សា​របស់​សិស្ស​អប់រំ​ពិសេស​មាន​ខ្លឹមសារ​ដូច​សិស្ស​ទូទៅ​ ​ប៉ុន្តែ​ការ​បង្រៀន​ប្រើប្រាស់​បច្ចេកទេស​ពិសេស​ ​ដូចជា​ភាសា​សញ្ញា​ ​កាយវិការ​ និង​វិធីសាស្ត្រ​បង្រៀន​ដែល​សមស្រប​ទៅនឹង​ស្ថានភាព​របស់​សិស្ស ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​យល់​មេរៀន​បាន​កាន់តែ​ងាយស្រួល​។​

​លោក​ ​ម៉ៅ ​ផាត ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​សិស្ស​អប់រំ​ពិសេស​ទាំងអស់​ ​ដែល​ទោះបី​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​សិក្សា​ ​ក៏​នៅតែ​ខិតខំ​ប្រឹងប្រែង​ និង​មិន​បោះបង់​ក្តីស្រមៃ​របស់​ខ្លួន​។ ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​លើកទឹកចិត្ត​ដល់​បេក្ខជន​អប់រំ​ពិសេស​ទាំងនេះ​ ​ដើម្បី​ជា​កម្លាំងចិត្ត​ឱ្យ​ពួកគេ​បន្ត​ខិតខំប្រឹងប្រែង​។​

​លោក​បាន​បង្ហាញ​ក្តី​រំពឹង​ថា​ ​ដំណើរការ​ប្រឡង​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​សម្រាប់​បេក្ខជន​អប់រំ​ពិសេស​ ព្រោះ​ក្រសួង​បាន​រៀបចំ​វិធានការ​យ៉ាង​យកចិត្តទុកដាក់​ ​ដើម្បី​ធានា​ឱ្យ​ពួកគេ​អាច​ប្រឡង​បាន​ដោយ​ស្មើភាព​ ​និង​មាន​ប្រសិទ្ធភាព​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦​ ​ខែសីហា ​ឯកឧត្តម​ ហង់ ​ជួន​ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ឱ្យដឹង​ថា​ ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​ជាង​ ​១៥​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​បេក្ខជន​អប់រំ​ពិសេស​ពិការ​ភ្នែក​ និង​គថ្លង់ ​ចំនួន​ ​៤៧​នាក់​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ក្រសួង​បាន​ត្រៀម​រៀបចំ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ដំណើរការ​ប្រឡង ​ដើម្បី​ធានា​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​តម្លាភាព​ យុត្តិធម៌​ ​និង​សមធម៌ ​ខណៈ​ថវិកា​ប្រមាណ​ ​៦​លាន​ដុល្លារ​អាមេរិក​ ត្រូវបាន​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​ប្រឡង​ឆ្នាំ​នេះ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា