CADT គ្រោងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៣ ជាមួយដៃគូបារាំង និងរូម៉ានី ដើម្បីជំរុញការអភិវឌ្ឍ AI នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CADT គ្រោងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៣ ជាមួយដៃគូបារាំង និងរូម៉ានី ដើម្បីជំរុញការអភិវឌ្ឍ AI នៅកម្ពុជា

CADT គ្រោងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៣ ជាមួយដៃគូបារាំង និងរូម៉ានី ដើម្បីជំរុញការអភិវឌ្ឍ AI នៅកម្ពុជា

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គ្រោងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣ ជាមួយដៃគូបារាំង និងរូម៉ានី ក្នុងព្រឹត្តិការណ៍ FrancoTech នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា ក្នុងនោះមានគម្រោង បណ្ដុះបណ្ដាលអ្នកជំនាញ AI ចំនួន៦០នាក់ ក្នុងរយៈពេល៤ឆ្នាំ។

ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានឱ្យដឹងក្នុងបទសម្ភាសន៍ជាមួយ​ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើកដំបូងនៃវេទិកា FrancoTech កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ថា កិច្ចព្រមព្រៀងទាំង៣នេះ នឹងផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្ដល់លទ្ធភាពប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រសមត្ថភាពខ្ពស់ និងការអភិវឌ្ឍបច្ចេកវិទ្យា AI កូដបើកចំហ។

ចំណែកកិច្ចព្រមព្រៀងទី២ ជាមួយសាកលវិទ្យាល័យពហុបច្ចេកទេសមួយនៅទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី នឹងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវកម្ពុជាអាចប្រើប្រាស់បណ្ដាញកុំព្យូទ័រសមត្ថភាពខ្ពស់របស់ប្រទេសនេះ សម្រាប់ការងារគណនា និងអភិវឌ្ឍម៉ូដែល AI។

ឯកឧត្តម សុភាព បានពន្យល់ថា ការបង្កើតម៉ូដែល AI ត្រូវការធនធានកុំព្យូទ័រច្រើន ដូច្នេះភាពជាដៃគូនេះនឹងជួយបង្កើនលទ្ធភាពឱ្យអ្នកស្រាវជ្រាវកម្ពុជាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសមត្ថភាពខ្ពស់។

ដោយឡែក កិច្ចព្រមព្រៀងទី៣ នឹងភ្ជាប់ CADT ជាមួយក្រុមហ៊ុនបារាំងមួយដែលធ្វើការលើបច្ចេកវិទ្យា AI កូដបើកចំហ ដើម្បីជំរុញការស្រាវជ្រាវ និងអភិវឌ្ឍឧបករណ៍ AI ដែលអ្នកស្រាវជ្រាវអាចគ្រប់គ្រង និងដំណើរការដោយខ្លួនឯង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FrancoTech ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កិច្ចពិភាក្សាផ្សេងទៀតក្នុងព្រឹត្តិការណ៍នេះ ផ្ដោតលើរដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិរក្ស បេតិកភណ្ឌវប្បធម៌៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា