បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលាភាសាបរទេសខេម-អាស៊ាន សម្ពោធមជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសដល់អ្នកសិក្សាកម្ពុជា

សាលាភាសាបរទេសខេម-អាស៊ាន សម្ពោធមជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសដល់អ្នកសិក្សាកម្ពុជា

សាលាភាសាបរទេសខេម-អាស៊ានបានដាក់សម្ពោធជាផ្លូវការមជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិត និងអ្នកជំនាញកម្ពុជា អាចវាស់ស្ទង់ និងបញ្ជាក់កម្រិតសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន តាមរយៈតេស្តស្តង់ដារអន្តរជាតិ សម្រាប់គោលដៅសិក្សាបន្ត ការងារ និងការអភិវឌ្ឍអាជីព។

ពិធីសម្ពោធមជ្ឈមណ្ឌលតេស្តនេះធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាភាសាបរទេសខេម-អាស៊ាន ដោយមានការចូលរួមពីឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក John Knott តំណាង Oxford University Press ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក ស៊ាង សុបញ្ញា អគ្គនាយកនៃសាលាភាសាបរទេស ខេម-អាស៊ានមានប្រសាសន៍ថា ការបើកមជ្ឈមណ្ឌលតេស្ត OXFORD នេះ មិនមែនគ្រាន់តែជាការបន្ថែមទីតាំងប្រឡងភាសាអង់គ្លេសមួយប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមបង្កើតជម្រើសកាន់តែទូលំទូលាយសម្រាប់អ្នកសិក្សាកម្ពុជា ក្នុងការវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស និងត្រៀមខ្លួនសម្រាប់ឱកាសសិក្សា និងការងារនៅក្នុងតំបន់ និងពិភពលោក។

លោក ស៊ាង សុបញ្ញា បានឱ្យដឹងថា ការនាំយក Oxford Test of English មកកាន់អ្នកសិក្សាកម្ពុជា គឺជាជំហានបន្ថែមក្នុងការភ្ជាប់រវាងការរៀន ការបង្រៀន និងការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស។

លោក ស៊ាង សុបញ្ញា អគ្គនាយកនៃសាលាភាសាបរទេស ខេម-អាស៊ាន

លោកបន្ថែមថា មជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English នឹងផ្តល់ជម្រើសប្រឡងនៅក្នុងប្រទេស សម្រាប់អ្នកសិក្សា និស្សិតបញ្ចប់ការសិក្សា និងអ្នកជំនាញដែលចង់វាស់ស្ទង់ និងបង្ហាញពីសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន ដើម្បីគាំទ្រដល់ការសិក្សាបន្ត ការអភិវឌ្ឍអាជីព និងការសម្រេចគោលដៅអនាគត។

ចំណែកលោក John Knott តំណាង Oxford University Press បានលើកឡើងពីសារៈសំខាន់នៃជំនាញភាសាអង់គ្លេសសម្រាប់ការសិក្សា ការងារ និងការធ្វើដំណើររបស់យុវជនកម្ពុជា ខណៈអ្នកសិក្សាកម្ពុជាកាន់តែច្រើនចូលរួមប្រកួតប្រជែងនៅលើឆាកតំបន់ និងអន្តរជាតិ។

លោក John Knott តំណាង Oxford University Press

លោកបានបញ្ជាក់ថា Oxford Test of English មានតួនាទីគាំទ្រអ្នកសិក្សាពីថ្នាក់រៀនឆ្ពោះទៅរកអាជីព តាមរយៈការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស ដែលអាចជួយឱ្យអ្នកសិក្សាបង្ហាញពីសមត្ថភាពរបស់ខ្លួន និងត្រៀមខ្លួនសម្រាប់គោលដៅសិក្សា និងការងារនាពេលអនាគត។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានស្វាគមន៍ការបើកដំណើរការមជ្ឈមណ្ឌលនេះ ដោយលើកឡើងពីសារៈសំខាន់នៃភាសាអង់គ្លេសក្នុងការទទួលបានចំណេះដឹង និងការតភ្ជាប់ជាមួយពិភពលោក។

ឯកឧត្តមបានគូសបញ្ជាក់ថា ភាសាអង់គ្លេសមានសារៈសំខាន់សម្រាប់ការទទួលបានព័ត៌មាន និងចំណេះដឹងពីប្រភពជាច្រើននៅជុំវិញពិភពលោក ហើយការលើកកម្ពស់សមត្ថភាពភាសាអង់គ្លេសរបស់យុវជនកម្ពុជា អាចជួយពង្រីកឱកាសសិក្សា ការងារ និងការតភ្ជាប់ជាមួយសហគមន៍អន្តរជាតិ។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា

សាលាភាសាបរទេសខេម-អាស៊ាន បានបញ្ជាក់ថា ការបើកមជ្ឈមណ្ឌលតេស្តអន្តរជាតិ OXFORD Test of English គឺជាផ្នែកមួយនៃការបន្តពង្រីកសេវាអប់រំ និងការវាយតម្លៃសមត្ថភាពភាសាអង់គ្លេស ដោយផ្តល់ជម្រើសកាន់តែងាយស្រួលសម្រាប់អ្នកសិក្សាកម្ពុជា និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។

លោក ស៊ាង សុបញ្ញា បានបញ្ជាក់ថា សាលាភាសាបរទេសខេម-អាស៊ាន មានបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ Oxford University Press និងស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗ ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការអប់រំ និងការវាយតម្លៃសមត្ថភាពភាសាអង់គ្លេសនៅកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា «នៅពីក្រោយសិស្សគ្រប់រូបដែលកំពុងរៀនភាសាអង់គ្លេស គឺមានក្តីសុបិនមួយ» ដូចជា ក្តីសុបិនចង់ទៅសិក្សានៅបរទេស ចង់ទទួលបានការងារល្អ ឬចង់បង្កើនសមត្ថភាព និងទំនុកចិត្តរបស់ខ្លួន។ ដូច្នេះ ការបើកមជ្ឈមណ្ឌលតេស្តនេះ ត្រូវបានរំពឹងថានឹងជួយបើកផ្លូវឱ្យអ្នកសិក្សាកម្ពុជាកាន់តែមានជម្រើសក្នុងការបញ្ជាក់សមត្ថភាពភាសាអង់គ្លេស និងឈានទៅរកឱកាសសិក្សា និងអាជីពនាពេលអនាគត។

សូមជម្រាបថា សាលាភាសាបរទេសខេម-អាស៊ាន មានបង្រៀនភាសាអង់គ្លេស បង្រៀនភាសាចិន បណ្តុះបណ្តាលសម្រាប់ស្ថាប័ន និងក្រុមហ៊ុន (Corporate Training) កម្មវិធីសិក្សាសម្រាប់កុមារ និងយុវជន (Young Learners’ Program) សេវាប្រឹក្សា និងជួយសិស្សទៅសិក្សានៅបរទេស (Study Abroad Services) និងសេវាសិក្សាតាមប្រព័ន្ធឌីជីថល (Digital Learning Service)។

សាលាភាសាបរទេសខេម-អាស៊ាន បញ្ជាក់ថា ការបង្រៀនទាំងអស់នេះត្រូវបានផ្តល់ជូនដោយក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យរបស់ខ្លួន ដោយផ្តោតលើការផ្តល់ការអប់រំ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សា និងទីផ្សារការងារ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា