កម្ពុជាពន្លឿនការរៀបចំក្រមប្រតិបត្តិ និងស្តង់ដាវាយតម្លៃ ដើម្បីធានាគុណតម្លៃពិតប្រាកដនៃឋានៈសាស្ត្រាចារ្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាពន្លឿនការរៀបចំក្រមប្រតិបត្តិ និងស្តង់ដាវាយតម្លៃ ដើម្បីធានាគុណតម្លៃពិតប្រាកដនៃឋានៈសាស្ត្រាចារ្យ

កម្ពុជាពន្លឿនការរៀបចំក្រមប្រតិបត្តិ និងស្តង់ដាវាយតម្លៃ ដើម្បីធានាគុណតម្លៃពិតប្រាកដនៃឋានៈសាស្ត្រាចារ្យ

ដើម្បីធានាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ និងស្តង់ដា ក្នុងកម្រិតឧត្តមសិក្សា កម្ពុជាកំពុងពន្លឿនការរៀបចំយន្តការ នីតិវិធី និងក្រមប្រតិបត្តិច្បាស់លាស់ សម្រាប់ការផ្តល់ឋានៈសាស្ត្រាចារ្យទាំងបីកម្រិត។

នៅក្នុងកិច្ចប្រជុំលើកទី៣ កាលពីថ្ងៃទី២២ តុលា ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ (ក.ជ.ស.) ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងមានការ​ចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាស្ត្រាចារ្យ ព្រមទាំង​អង្គភាពពាក់ព័ន្ធ បានធ្វើ​ការ​ពិភាក្សាពីការផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា ជាមួយនឹងការលើកឡើងពីការសិក្សាបទពិសោធក្នុងតំបន់និងអន្តរជាតិ យន្តការ នីតិវិធី និងក្រមប្រតិបត្តិច្បាស់លាស់ក្នុងដំណើរការនៃការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស លក្ខណៈវិនិច្ឆ័យ និងការពិនិត្យផ្ទៀងផ្ទាត់លើគុណភាពសាស្ត្រាចារ្យទាំង ៣ឋានៈ រួមមាន សាស្ត្រាចារ្យជំនួយ, សាស្ត្រាចារ្យរង និងសាស្រ្តាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ឋានៈសាស្ត្រាចារ្យ គឺជាកិត្តិយស និងកន្លែងវិជ្ជាជីវៈខ្ពស់បំផុត ហេតុនេះ ស្នាដៃស្រាវជ្រាវមិនត្រឹមតែត្រូវមានលក្ខណៈវិទ្យាសាស្ត្រ និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សង្គមជាតិ។ បន្ថែមពីនេះ កម្ពុជាក៏កំពុងសិក្សាពីគំរូអនុវត្តល្អៗក្នុងក្របខណ្ឌអាស៊ាន និងកម្រិតអន្តរជាតិ ដើម្បីឱ្យការទទួលស្គាល់នេះ ស្របតាមស្តង់ដាក្នុងតំបន់។

សម្រាប់ជំហានបន្ទាប់ ដើម្បីឱ្យយន្តការថ្នាក់ជាតិសម្រាប់ការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យ ដំណើរការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ធានាបាននូវគុណភាពសាស្ត្រាចារ្យនៅកម្ពុជា ការងារអាទិភាពដែល ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ ត្រូវអនុវត្តបន្ត រួមមាន ១) រៀបចំបទបញ្ជាផ្ទៃក្នុង សម្រាប់កំណត់របៀបរបប និងដំណើរការរបស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា, ២) តែងតាំងសមាសភាពក្រុមការងារនៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈ សាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់ការងារបច្ចេកទេស និងរដ្ឋបាល, ៣) បង្កើតគណៈកម្មការជំនាញតាមវិស័យ រួមមានវិស័យអប់រំ កសិកម្ម និងសុខាភិបាល ដើម្បីទទួល បន្ទុកការពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើការផ្តល់ឋានៈសាស្ត្រាចារ្យតាមជំនាញ និងវិស័យរៀងៗខ្លួន, ៤) ពិនិត្យ និងរៀបចំឡើងវិញនូវសេចក្តីណែនាំ និងលក្ខខណ្ឌលម្អិតតាមវិស័យ ព្រមទាំងនីតិវិធី សម្រាប់ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់ឋានៈសាស្ត្រាចារ្យ ដើម្បីធានាបាននូវស្តង់ដារួម ភាពច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ក្នុងការអនុវត្តនៅថ្នាក់ជាតិ និង ៥) រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ ដើម្បីកំណត់ក្របខ័ណ្ឌពេលវេលា និងដំណាក់កាល នៃដំណើរការវាយតម្លៃ ការជ្រើសរើស និងការតែងតាំងឋានៈសាស្ត្រាចារ្យតាមវិស័យនីមួយៗ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា