លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល AI និងទេសចរណ៍ ជាសសរស្ដម្ភគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា-ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល AI និងទេសចរណ៍ ជាសសរស្ដម្ភគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា-ចិន

លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល AI និងទេសចរណ៍ ជាសសរស្ដម្ភគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា-ចិន

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន កាលពីថ្ងៃទី២០ តុលា នៅខេត្តសៀមរាប លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យនៃការផ្លាស់ប្ដូរយ៉ាងរហ័សនេះ ការអប់រំ វប្បធម៌ បច្ចេកវិទ្យា AI និងទេសចរណ៍ គឺជាចលករស្នូលដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន ក្នុងការបើកច្រកទ្វារនវានុវត្តន៍ កាលានុវត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងប្រទេសទាំងពីរ ប្រកបដោយចីរភាព។

បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ ជឿជាក់ថា វេទិកានេះ នឹងក្លាយជាស្ពានតភ្ជាប់ និងជាវេទិកាដ៏មានតម្លៃសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់ ដែលផ្ដល់នូវលទ្ធផលជាក់ស្ដែងសម្រាប់បម្រើផលប្រយោជន៍រវាងប្រទេសទាំងពីររួមមាន៖

-ការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ៖ ការចុះ MoU នឹងជួយជំរុញការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្ដូរសិស្ស និស្សិត និងការអភិវឌ្ឍធនធានសិក្សា និងសៀវភៅសិក្សាទំនើបៗ។

-ការតភ្ជាប់ការអប់រំវិជ្ជាជីវៈ និងបច្ចេកវិទ្យា AI ទៅនឹងឧស្សាហកម្ម ៖ តាមរយៈកិច្ចសហការជាមួយ C-CVEA និងសមាគម CARTA យើងត្រូវជំរុញការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូត និងបញ្ញាសិប្បនិម្មិត (AI)។

-ការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌតាមប្រព័ន្ធឌីជីថល៖ ការផ្សារភ្ជាប់ការអប់រំទៅនឹងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងវិស័យទេសចរណ៍ នឹងជួយបង្កើនការយល់ដឹងពីកេរដំណែលប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏ឧត្តុង្គឧត្តមទៅកាន់ពិភពលោក។

-ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៖ ការពង្រឹងចំណងមិត្តភាពរវាងយុវជន អ្នកជំនាញ និងវិស័យឯកជន តាមរយៈការបណ្ដុះបណ្ដាល និងការចែករំលែកបទពិសោធនានា។

សូមជម្រាបជូនថា នៅក្នុង «កិច្ចប្រជុំកំពូលលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន ក្នុងវេទិកាអង្គរ ឆ្នាំ២០២៦» ក៏​មាន​រួមបញ្ចូល «ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័នពាក់ព័ន្ធកម្ពុជា-ចិន» ដូចជា សមាគមផ្លាស់ប្ដូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន (C-CVEA), សាកលវិទ្យាល័យ Dalian University of Technology, គ្រឹះស្ថានបោះពុម្ព Dalian University of Technology Press, សមាគមរ៉ូបូត បញ្ញាសិប្បនិម្មិត និងការផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA), គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មនៅកម្ពុជា (RCEP) ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្ដែង និងការបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជនកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា