កម្ពុជា-ជប៉ុន ចាប់ដៃគ្នាជំរុញការអប់រំសុវត្ថិភាពចរាចរណ៍ក្នុងសាលារៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ជប៉ុន ចាប់ដៃគ្នាជំរុញការអប់រំសុវត្ថិភាពចរាចរណ៍ក្នុងសាលារៀន

កម្ពុជា-ជប៉ុន ចាប់ដៃគ្នាជំរុញការអប់រំសុវត្ថិភាពចរាចរណ៍ក្នុងសាលារៀន

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ខណៈក្រសួងអប់រំ និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងពង្រឹងការអប់រំក្នុងចំណោមកុមារ និងយុវជនកម្ពុជា។

Advertisement

លោកជំទាវ គឹម សេដ្ឋានី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នឹងផ្តោតលើការផ្លាស់ប្តូរវិជ្ជមានសំខាន់ៗចំនួនបី រួមមាន ការបណ្តុះបណ្តាលគ្រូបង្រៀន ការស្រាវជ្រាវរួមគ្នាលើទិន្នន័យចរាចរណ៍ និងការបង្កើតបណ្តាញចំណេះដឹងតាមរយៈសិក្ខាសាលា និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ។

លោកជំទាវមានប្រសាសន៍ថា « ការបំពាក់បំប៉នចំណេះដឹង ជំនាញ និងអាកប្បកិរិយាត្រឹមត្រូវដល់គ្រូបង្រៀន និងសិស្សានុសិស្ស គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងសហគមន៍មួយដែលមានសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់»។

លោកជំទាវបានបន្ថែមថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនលើវិស័យនេះ មិនមែនគ្រាន់តែជាការចុះហត្ថលេខាលើឯកសារប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការការពារជីវិតកុមារ និងយុវជន ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ។

ចំណែកលោក Takeuchi Kazuhiko ប្រធានសមាគម IATSS ប្រទេសជប៉ុន បានសម្តែងការរីករាយចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ លោកបានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកត្តាសង្គមជាច្រើន ហើយត្រូវការការចូលរួមពីអ្នកជំនាញក្នុងវិស័យផ្សេងៗដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកថា IATSS បានអនុវត្តវិធីសាស្ត្រ «អន្តរកម្មសិក្សា» ដោយប្រមូលផ្តុំអ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីវិស័យចម្រុះ ដើម្បីរួមគ្នាបង្កើតដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ និងភស្តុតាងជាក់ស្តែង សម្រាប់ដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍។

សូមជម្រាបថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តកម្មវិធី «តំបន់សុវត្ថិភាពចរាចរណ៍ជុំវិញសាលារៀន» (Road Safety Zone Around School) នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពសិស្សក្នុងការធ្វើដំណើរទៅ និងមកពីសាលារៀន។ កម្មវិធីនេះផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព ការដាក់ស្លាកសញ្ញាចរាចរណ៍ ការកំណត់ល្បឿនយានយន្ត និងការអប់រំសិស្សអំពីការប្រើប្រាស់ផ្លូវដោយសុវត្ថិភាព។

ក្រសួងអប់រំរំពឹងថា កិច្ចសហប្រតិបត្តិការថ្មីជាមួយ IATSS នឹងជួយពង្រឹងការអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលប៉ះពាល់ដល់កុមារ និងយុវជននៅកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា