កម្ពុជាចាត់ទុក "ការវិនិយោគលើការអប់រំ" ជាគន្លឹះពង្រឹងមិត្តភាពកម្ពុជា-ចិនរយៈពេលវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចាត់ទុក "ការវិនិយោគលើការអប់រំ" ជាគន្លឹះពង្រឹងមិត្តភាពកម្ពុជា-ចិនរយៈពេលវែង

កម្ពុជាចាត់ទុក "ការវិនិយោគលើការអប់រំ" ជាគន្លឹះពង្រឹងមិត្តភាពកម្ពុជា-ចិនរយៈពេលវែង

(ភ្នំពេញ) ៖ ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន លោក សរ រិទ្ធី បានអំពាវនាវឱ្យភាគីចិន និងក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រីកឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូនដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែច្រើន ដើម្បីបង្កើនធនធានមនុស្ស និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ។

Advertisement

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសបើកកម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី៣ ឆ្នាំ២០២៦ ដែលមានរយៈពេល ១៤ថ្ងៃ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើមទៅសិក្សានៅបរទេសរាប់ពាន់នាក់»។

លោក សរ រិទ្ធី មានប្រសាសន៍ថា ការផ្តល់ឱកាសសិក្សា និងការវិនិយោគលើវិស័យអប់រំនាពេលបច្ចុប្បន្ន គឺជាការដាំគ្រាប់ពូជនៃចំណេះដឹង ដែលនឹងជួយបង្កើតធនធានមនុស្សមានគុណភាពសម្រាប់អនាគត និងជាស្ពានភ្ជាប់មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកបានថ្លែងថា «យើងខ្ញុំសូមស្នើសុំដល់ថ្នាក់ដឹកនាំក្រសួងអប់រំ និងដៃគូសហប្រតិបត្តិការពាក់ព័ន្ធ បន្តពង្រីកឱកាសអាហារូបករណ៍ជូនដល់សិស្សនិស្សិតកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគេមានឱកាសបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និងរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត»។

លោក រិទ្ឋី សង្កត់ធ្ងន់ថា ការវិនិយោគលើការអប់រំ គឺជាការវិនិយោគដែលផ្តល់ផលប្រយោជន៍យូរអង្វែងបំផុត ដោយលោកបានដកស្រង់សុភាសិតមួយថា «បើយើងគិតសម្រាប់មួយឆ្នាំ ចូរដាំស្រូវ។ បើយើងគិតសម្រាប់ដប់ឆ្នាំ ចូរដាំដើមឈើ។ បើយើងគិតសម្រាប់មួយរយឆ្នាំ ចូរវិនិយោគលើការអប់រំ»។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងបន្តគាំទ្រដល់សមាគមក្នុងការស្វែងរក និងពង្រីកឱកាសអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន។

ឯកឧត្តមមានប្រសាសន៍ថា ក្រសួងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស បទដ្ឋានគតិយុត្ត និងគោលនយោបាយរយៈពេលវែង ដើម្បីជួយឱ្យកម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៥៨ ហើយក្នុងរយៈពេលជាង ៦៧ឆ្នាំកន្លងមក ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងអប់រំ វប្បធម៌ សេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

វិស័យអប់រំ ត្រូវបានចាត់ទុកជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន។ ភាគីចិនបានបន្តផ្តល់អាហារូបករណ៍រដ្ឋាភិបាលជារៀងរាល់ឆ្នាំដល់និស្សិតកម្ពុជា ខណៈកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរក៏បានកំណត់ការគាំទ្រដល់យុវជនកម្ពុជា ឱ្យមានឱកាសសិក្សានៅប្រទេសចិន និងជំរុញការផ្លាស់ប្តូរយុវជនឱ្យកាន់តែសកម្ម។

អ្នកជំនាញជាច្រើនបានវាយតម្លៃថា កម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍ មិនត្រឹមតែជួយអភិវឌ្ឍសមត្ថភាពយុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរនាពេលអនាគត។

សម្រាប់លោក សរ រិទ្ធី ការពង្រីកឱកាសអាហារូបករណ៍ដល់យុវជនកម្ពុជា គឺមិនមែនគ្រាន់តែជាការវិនិយោគលើការអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិនផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា