កម្ពុជាមិនទាន់មានគម្រោងកំណត់អាយុសម្រាប់ការប្រើប្រាស់បណ្ដាញសង្គម ខណៈបន្តពង្រឹងការការពារកុមារលើប្រព័ន្ធឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាមិនទាន់មានគម្រោងកំណត់អាយុសម្រាប់ការប្រើប្រាស់បណ្ដាញសង្គម ខណៈបន្តពង្រឹងការការពារកុមារលើប្រព័ន្ធឌីជីថល

កម្ពុជាមិនទាន់មានគម្រោងកំណត់អាយុសម្រាប់ការប្រើប្រាស់បណ្ដាញសង្គម ខណៈបន្តពង្រឹងការការពារកុមារលើប្រព័ន្ធឌីជីថល

កម្ពុជាបច្ចុប្បន្នមិនទាន់មានគម្រោងកំណត់អាយុអប្បបរមាសម្រាប់ការបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម ដូចវិធានការដែលប្រទេសមួយចំនួនកំពុងអនុវត្តនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងបន្តពង្រឹងការការពារកុមារ និងយុវជនពីហានិភ័យនៅលើប្រព័ន្ធឌីជីថល តាមរយៈវិធានការផ្នែកច្បាប់ បច្ចេកទេស និងការអប់រំផ្សព្វផ្សាយ។

Advertisement

លោក សៀង សិទ្ធី អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ AMS ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការការពារកុមារ និងយុវជននៅលើអ៊ីនធឺណិត ហើយបច្ចុប្បន្នមិនទាន់មានផែនការកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់បណ្ដាញសង្គមនៅឡើយទេ។

ការលើកឡើងនេះធ្វើឡើងស្របពេលប្រទេសជាច្រើននៅលើពិភពលោកកំពុងពង្រឹងវិធានការការពារកុមារនៅលើប្រព័ន្ធអនឡាញ។ ជាក់ស្តែង ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមអនុវត្តច្បាប់ថ្មីមួយកាលពីថ្ងៃចន្ទ ដោយហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំ មិនឱ្យបង្កើត ឬកាន់កាប់គណនីបណ្ដាញសង្គម។

យ៉ាងណាសម្រាប់ប្រទេសកម្ពុជា លោកសៀង សិទ្ធី មានប្រសាសន៍ថា «បច្ចុប្បន្ននេះ កម្ពុជាមិនមានគម្រោងកំណត់អាយុអប្បបរមាសម្រាប់ការបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម ដូចវិធានការដែលប្រទេសមួយចំនួនកំពុងអនុវត្តនោះទេ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការការពារកុមារ និងយុវជននៅលើប្រព័ន្ធឌីជីថល តាមរយៈវិធានការជាច្រើន»។

លោកបានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការតាមដាន ស្រាវជ្រាវ និងបិទខ្ទប់គេហទំព័រ និងមាតិកាខុសច្បាប់នៅលើអ៊ីនធឺណិត និងបណ្ដាញសង្គមនានា ដែលមានចំនួនជាង ៥ម៉ឺនករណីកន្លងមក។ វិធានការនេះរួមមានការបិទខ្ទប់មាតិកាអាសអាភាសកុមារ ការឆបោកតាមអ៊ីនធឺណិត និងមាតិកាខុសច្បាប់ផ្សេងៗដែលអាចបង្កផលប៉ះពាល់ដល់កុមារ និងសង្គម។

ជាមួយគ្នានេះ ក្រសួងក៏បានលើកកម្ពស់ការអប់រំ និងការយល់ដឹងអំពីសុវត្ថិភាពឌីជីថលសម្រាប់កុមារឪពុកម្តាយ គ្រូបង្រៀន និងសាធារណជន តាមរយៈយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយជាច្រើន ដើម្បីជួយឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានសុវត្ថិភាព និងទទួលខុសត្រូវ។

ពាក់ព័ន្ធនឹងការផលិតមាតិកាដែលអាចប៉ះពាល់ដល់កុមារ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ បានប្រាប់ AMS ថា អ្នកផលិតមាតិកាគួរផ្តោតលើការបង្កើតមាតិកាអប់រំ និងផ្តល់គំនិតវិជ្ជមាន ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍរបស់កុមារ ព្រោះកុមារជាក្រុមដែលងាយទទួលឥទ្ធិពលពីបណ្ដាញសង្គម។

សូមជម្រាបថា ក្រៅពីម៉ាឡេស៊ី ប្រទេសដទៃទៀត រួមមាន អូស្ត្រាលី ប្រេស៊ីល និងឥណ្ឌូនេស៊ី ក៏បានដាក់ចេញ ឬប្រកាសអំពីការរឹតបន្តឹង និងតម្រូវការផ្អែកលើអាយុសម្រាប់ការចូលប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនទៀត ដូចជា ចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ ដាណឺម៉ាក និងកូរ៉េខាងត្បូង កំពុងសិក្សា ឬអភិវឌ្ឍវិធីសាស្ត្រស្រដៀងគ្នានេះ ដើម្បីបង្កើនសុវត្ថិភាពអនឡាញសម្រាប់អ្នកប្រើប្រាស់វ័យក្មេង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា