កម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធី ICIA 2026 ប្រមូលផ្តុំយុវជនច្នៃប្រឌិត និងអ្នកអប់រំពីជុំវិញពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធី ICIA 2026 ប្រមូលផ្តុំយុវជនច្នៃប្រឌិត និងអ្នកអប់រំពីជុំវិញពិភពលោក

កម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធី ICIA 2026 ប្រមូលផ្តុំយុវជនច្នៃប្រឌិត និងអ្នកអប់រំពីជុំវិញពិភពលោក

កម្មវិធីពានរង្វាន់អន្តរជាតិស្តីពីការច្នៃប្រឌិត និងនវានុវត្តន៍ (ICIA) ឆ្នាំ២០២៦ នឹងប្រារព្ធឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយប្រមូលផ្តុំយុវជនច្នៃប្រឌិត អ្នកអប់រំ និងអ្នកបង្កើតការផ្លាស់ប្តូរពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរគំនិត និងបង្ហាញគម្រោងនវានុវត្តន៍។

Advertisement

កម្មវិធីអន្តរជាតិនេះ ត្រូវបានផ្តួចផ្តើមដោយមជ្ឈមណ្ឌល Krya Global និងនាំមកកម្ពុជាដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត។ កិច្ចសហការនេះមានគោលបំណងលើកកម្ពស់កម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលនៃភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងតំបន់។

ព្រឹត្តិការណ៍នេះនឹងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងអប់រំពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងឯកអគ្គរាជទូតនានា ដើម្បីអបអរសាទរជ័យលាភី និងគាំទ្រការអភិវឌ្ឍវិស័យនវានុវត្តន៍។

លោក Antonius Malem Barus ស្ថាបនិកកម្មវិធី ICIA បានលើកឡើងថា វេទិកានេះជាកន្លែងដែលអ្នកច្នៃប្រឌិត និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍អាចរីកចម្រើនរួមគ្នា។ លោកបញ្ជាក់ថា ការប្រមូលផ្តុំសិស្ស អ្នកអប់រំ អ្នកណែនាំ និងភាគីពាក់ព័ន្ធពីជុំវិញពិភពលោក នឹងជួយកសាងសហគមន៍នវានុវត្តន៍ដែលមានភាពរឹងមាំ និងការតភ្ជាប់កាន់តែជិតស្និទ្ធ។

ចំណុចសំខាន់មួយ នៃកម្មវិធីគឺ Educators MeeTalk ដែលជាវេទិកាអន្តរជាតិសម្រាប់អ្នកអប់រំ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិតក្នុងវិស័យអប់រំ។ វេទិកានេះនឹងមានវាគ្មិនពីសហរដ្ឋអាមេរិក កម្ពុជា ម៉ាឡេស៊ី និងជប៉ុន។

កញ្ញា ផុន សូលីតា វាគ្មិនតំណាងឱ្យកម្ពុជា បានប្រាប់ AMS ថា នាងនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់សិស្ស និងសាធារណជន។កញ្ញាបានបញ្ជាក់ថា «កម្មវិធីនេះផ្តល់ឱកាសឱ្យកុមារ និងយុវជនបង្ហាញសមត្ថភាព និងប្រកួតប្រជែងជាមួយបេក្ខជនពីបណ្តាប្រទេសផ្សេងៗ។ ការចូលរួមរបស់សិស្សអន្តរជាតិនៅកម្ពុជា ក៏ជាឱកាសសម្រាប់សិស្សខ្មែរប្រកួតដើម្បីសម្រេចជ័យលាភីផងដែរ»។

សូមជម្រាបថា កម្មវិធីសំខាន់ៗក្នុងព្រឹត្តិការណ៍នេះ រួមមានសិក្ខាសាលាលើកទឹកចិត្តសម្រាប់សិស្សានុសិស្ស កម្មវិធី Educators MeeTalk ការតាំងពិព័រណ៍គម្រោង ការវាយតម្លៃ និងផ្តល់ពិន្ទុ ព្រមទាំងកម្មវិធីវប្បធម៌ និងភូមិសកល។ ព្រឹត្តិការណ៍នេះរំពឹងថា នឹងទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា