កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិ «ក្មេងស្រីដឹកនាំ» ឆ្នាំ២០២៦-២០៣០ ដើម្បីបណ្តុះអ្នកដឹកនាំស្រ្តីជំនាន់ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិ «ក្មេងស្រីដឹកនាំ» ឆ្នាំ២០២៦-២០៣០ ដើម្បីបណ្តុះអ្នកដឹកនាំស្រ្តីជំនាន់ក្រោយ

កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិ «ក្មេងស្រីដឹកនាំ» ឆ្នាំ២០២៦-២០៣០ ដើម្បីបណ្តុះអ្នកដឹកនាំស្រ្តីជំនាន់ក្រោយ

កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ និងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

Advertisement

កម្មវិធីនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងភាគីពាក់ព័ន្ឋ។

ក្រសួងកិច្ចការនារីបានអះអាងថា កម្មវិធីនេះមិនមែនគ្រាន់តែជាការផ្តល់ឱកាសដល់ក្មេងស្រីប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគរយៈពេលវែងលើ «មូលធនមនុស្ស» ដើម្បីធានាថា ក្មេងស្រីកម្ពុជាមានសមត្ថភាព ចំណេះដឹង និងទំនុកចិត្តគ្រប់គ្រាន់ក្នុងការចូលរួមដឹកនាំ និងធ្វើការសម្រេចចិត្តនៅគ្រប់កម្រិត។

លោកជំទាវ អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា កម្មវិធីនេះផ្តោតលើក្មេងស្រី និងស្ត្រីវ័យក្មេងអាយុពី ១០ ដល់ ២៤ឆ្នាំ ជាពិសេសក្រុមដែលងាយរងគ្រោះ ដូចជា ក្មេងស្រីជនជាតិដើមភាគតិច ក្មេងស្រីមានពិការភាព ក្មេងស្រីនៅតំបន់ជនបទដាច់ស្រយាល និងក្មេងស្រីមកពីគ្រួសារក្រីក្រ ដែលជាញឹកញាប់ប្រឈមនឹងការរើសអើង និងឧបសគ្គក្នុងការទទួលបានឱកាសអភិវឌ្ឍខ្លួន។

លោកជំទាវបញ្ជាក់ថា ការកសាងភាពជាអ្នកដឹកនាំមិនអាចកើតឡើងបានដោយផ្តោតលើក្មេងស្រីតែម្នាក់ឯងនោះទេ។ ដូច្នេះ កម្មវិធីនេះក៏បានបញ្ចូលក្មេងប្រុស បុរសវ័យក្មេង គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធឱ្យចូលរួមក្នុងការបង្កើតបរិយាកាសគាំទ្រដល់ការរីកចម្រើនរបស់ក្មេងស្រីផងដែរ។

ការដាក់ឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងក្រោមការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានចាត់ទុកថា ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំរបស់ក្មេងស្រី គឺជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា នៅពេលក្មេងស្រី និងស្ត្រីមានឱកាសដឹកនាំ សហគមន៍នឹងកាន់តែរឹងមាំ ហើយប្រទេសជាតិក៏នឹងទទួលបានផលវិជ្ជមានកាន់តែច្រើន។

លោកថា «ក្មេងស្រីមិនគួរត្រូវបានមើលឃើញត្រឹមជាអ្នកទទួលផលពីគោលនយោបាយនានាប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាអ្នកសម្រេចចិត្ត និងជាភ្នាក់ងារនៃការផ្លាស់ប្តូរសង្គម»។

តាមរយៈកម្មវិធីថ្មីនេះ រាជរដ្ឋាភិបាលរំពឹងថា នឹងជួយបង្កើនសមត្ថភាព ភាពអង់អាច និងភាពជាពលរដ្ឋសកម្មរបស់ក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំដែលអាចចូលរួមជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថល និងឆ្លើយតបនឹងតម្រូវការអនាគតរបស់កម្ពុជា។

«ក្មេងស្រីមិនមែនជាអ្នកដើរតាមទៀតទេ ប៉ុន្តែកំពុងត្រូវបានរៀបចំឱ្យក្លាយជាអ្នកដឹកនាំ» គឺជាសារសំខាន់ដែលកម្មវិធីនេះចង់បញ្ជូនទៅកាន់សង្គមកម្ពុជា ខណៈប្រទេសកំពុងវិនិយោគលើជំនាន់ថ្មីដែលអាចដឹកនាំការផ្លាស់ប្តូរនាពេលអនាគត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា