កម្ពុជា​-​ឡាវ ​គ្រោង​ចុះ​ ​MoU​ ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​-​ឡាវ ​គ្រោង​ចុះ​ ​MoU​ ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​

កម្ពុជា​-​ឡាវ ​គ្រោង​ចុះ​ ​MoU​ ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​

​កម្ពុជា​ ​និង​ឡាវ ​គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MoU​) ​ថ្មី​មួយ ​ដើម្បី​ពង្រីក​កូតា​អាហារូបករណ៍​ ​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​យុវជន​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ ​ក្នុង​គោលដៅ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​អប់រំ ​យុវជន​ និង​កីឡា​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​

Advertisement

​ការ​ឱ្យដឹង​នេះ​ធ្វើឡើង​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​ រវាង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់ ​ជួន​ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​ជាមួយ​ឯកឧត្តម​ ​Sonexay​ ​Vannaxay​ ​ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ថ្ងៃទី​៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។​

​ក្នុង​ជំនួប​នោះ​ ​ឯក​អគ្គ​រដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ ​ជាពិសេស​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​អប់រំ ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកបដោយ​ជំនាញ​ឌីជីថល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​អគ្គ​រដ្ឋទូត​ ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ​កម្ពុជា​ ​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​និស្សិត​ឡាវ​ដែល​កំពុង​សិក្សា​នៅ​ភ្នំពេញ​ ​ទាំង​លើ​ការ​ផ្ដល់​អាហារូបករណ៍​ ​និង​កិច្ច​សម្រួល​ការ​ស្នាក់​នៅ​ផ្សេង​ៗ​។​

​ឯកឧត្តម​បញ្ជាក់​ថា​ ​ដោយ​ផ្អែក​លើ​ចំណង​មិត្តភាព​ វប្បធម៌​ ​និង​ប្រពៃណី​ដ៏​រឹងមាំ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ឡាវ​ក៏​កំពុង​ដើរ​តាម​ទិសដៅ​ស្រដៀង​គ្នា​នេះ​ដែរ​ ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ ​ដើម្បី​កសាង​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ថ្នាក់​ជាតិ​ ​តំបន់​ ​និង​អន្តរជាតិ​។​

​ជា​ការ​ឆ្លើយតប ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់ ​ជួន​ណារ៉ុន ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ ​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ជាមួយ​ឡាវ​លើ​វិស័យ​អប់រំ ​យុវជន​ និង​កីឡា ​ដោយ​នឹង​មាន​ការ​ពិនិត្យ​ ​និង​រៀបចំ​ឡើងវិញ​នូវ​ ​MoU​ ​ដើម្បី​ពង្រីក​កូតា​អាហារូបករណ៍​ ​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​យុវជន​ និង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​រួមគ្នា​បណ្ដុះបណ្ដាល​ ​និង​គាំទ្រ​យុវជន​ជំនាន់​ក្រោយ​ ​នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​ថែរក្សា​ចំណង​មិត្តភាព​ជា​ប្រពៃណី​ ​និង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ឡាវ ​ឱ្យ​កាន់តែ​រឹងមាំ​ ​និង​ស្ថិតស្ថេរ​ជា​និរន្តរ៍​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា