ចង់បាន​សិស្ស​ពូកែ ​ត្រូវ​មាន​គ្រូ​ពូកែ ​៖​ ​កម្ពុជា​គ្រោង​អនុវត្ត​លក្ខន្តិកៈ​ថ្មី​សម្រាប់​អង្គ​គ្រូបង្រៀន​ចាប់ពី​ឆ្នាំ​២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចង់បាន​សិស្ស​ពូកែ ​ត្រូវ​មាន​គ្រូ​ពូកែ ​៖​ ​កម្ពុជា​គ្រោង​អនុវត្ត​លក្ខន្តិកៈ​ថ្មី​សម្រាប់​អង្គ​គ្រូបង្រៀន​ចាប់ពី​ឆ្នាំ​២០២៧​

ចង់បាន​សិស្ស​ពូកែ ​ត្រូវ​មាន​គ្រូ​ពូកែ ​៖​ ​កម្ពុជា​គ្រោង​អនុវត្ត​លក្ខន្តិកៈ​ថ្មី​សម្រាប់​អង្គ​គ្រូបង្រៀន​ចាប់ពី​ឆ្នាំ​២០២៧​

​រាជធានី​ភ្នំពេញ​ ​៖​ «​ដើម្បី​ឱ្យ​សិស្ស​ទទួល​បាន​ការ​អប់រំ​ល្អ​ ត្រូវតែ​មាន​គ្រូ​ល្អ​», ​នេះ​ជា​សារសំខាន់​ដែល​ឯកឧត្ដម​ យក់​ ប៊ុន​ណា ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​មុខងារ​សាធារណៈ​ ​បាន​លើកឡើង​ ​ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​ «​ព្រះរាជ​ក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​នៃ​អង្គ​គ្រូបង្រៀន​» ​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​គ្រូបង្រៀន​ ​និង​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​នៃ​សង្គម​ និង​ការ​ប្រកួតប្រជែង​ក្នុង​យុគសម័យ​ឌីជីថល​។

Advertisement

​ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​វេទិកា​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្រសួង​មុខងារ​សាធារណៈ​ សហការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​ព្រះរាជ​ក្រឹត្យ​ស្ដីពី​ «​លក្ខន្តិកៈ​នៃ​អង្គ​គ្រូបង្រៀន​» ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​៣០​ ​ខែឧសភា ​ឆ្នាំ​២០២៦​ ​ហើយ​នឹង​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃទី​១​ ​ខែមករា ​ឆ្នាំ​២០២៧​ ត​ទៅ​។​

​ឯកឧត្តម​ យក់​ ប៊ុន​ណា បាន​បញ្ជាក់​ថា​ ​ការ​កសាង​ធនធាន​មនុស្ស​គឺជា​អាទិភាព​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ​ព្រោះ​គុណភាព​អប់រំ​ចាប់ផ្ដើម​ពី​គុណភាព​គ្រូបង្រៀន​។ ​លោក​បាន​រំលឹក​ថា​ ​ក្រោយ​ឆ្នាំ​១៩៧៩​ កម្ពុជា​បាន​ប្រឈម​នឹង​ការ​ខ្វះខាត​ធនធាន​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​ដោយ​ការ​ជ្រើសរើស​គ្រូបង្រៀន​នៅ​ពេល​នោះ​ផ្អែក​លើ​គោលការណ៍​ «​អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ​សោះ​ ​និង​អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច​» ​ខណៈ​អ្នក​មាន​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ ​និង​ទទួល​ការ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី ​ក៏​អាច​ក្លាយ​ជា​គ្រូបង្រៀន​បាន​ផងដែរ​។​

​ឯកឧត្តម​ យក់​ ប៊ុន​ណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ

​ប៉ុន្តែ​ ​លោក​បាន​គូស​បញ្ជាក់​ថា​ ​ប្រព័ន្ធ​អប់រំ​កម្ពុជា​បច្ចុប្បន្ន​បាន​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ​ហើយ​ទាមទារ​ឱ្យ​គ្រូបង្រៀន​មាន​គុណ​វុឌ្ឍិ ​និង​សមត្ថភាព​កាន់តែ​ខ្ពស់ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​ឥត​ឈប់ឈរ​របស់​សង្គម​ និង​បច្ចេកវិទ្យា​។​

​ឯកឧត្តម​មានប្រសាសន៍​ថា​ «​យើង​កំពុង​ស្ថិត​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ ​៤.០​ ​ដែល​បច្ចេកវិទ្យា​ឌីជីថល​ និង​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​កំពុង​ផ្លាស់ប្ដូរ​សង្គម​យ៉ាង​ឆាប់រហ័ស​។ ​ដូច្នេះ​ ​ការ​មាន​គ្រូ​ដែល​មាន​គុណ​វុឌ្ឍិ​កម្រិត​ខ្ពស់​ ​ជាពិសេស​កម្រិត​បរិញ្ញាបត្រ ​គឺជា​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​ជាតិ​។​

​ព្រះរាជ​ក្រឹត្យ​ថ្មី​នេះ​ ​បុគ្គលិក​អប់រំ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ប្រភេទ​ «​ក» ​និង​បែងចែក​ជា​ ​៣​ កម្រិត​ ​ដោយ​ផ្អែក​លើ​គុណ​វុឌ្ឍិ ​និង​កម្រិត​បង្រៀន​ ​រួមមាន​៖​

​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្ដម​ ​៖ ​សម្រាប់​បុគ្គលិក​អប់រំ​ដែល​មាន​គុណ​វុឌ្ឍិចាប់ពី​បរិញ្ញាបត្រ​ឡើង​ទៅ​ ​និង​បំពេញ​មុខងារ​នៅ​កម្រិត​ឧត្ដម​សិក្សា​ ​និង​មធ្យមសិក្សា​ទុតិយភូមិ​។​

​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ ​៖ ​សម្រាប់​បុគ្គលិក​អប់រំ​ដែល​បំពេញ​មុខងារ​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​។​

​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម ​៖ ​សម្រាប់​បុគ្គលិក​អប់រំ​នៅ​កម្រិត​បឋមសិក្សា​ ​និង​មត្តេយ្យ​សិក្សា​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្ដម​ ណាត ​ប៊ុន​រឿន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​ព្រះរាជ​ក្រឹត្យ​ថ្មី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ ​តាមរយៈ​ការ​យកចិត្តទុកដាក់​ និង​លើកកម្ពស់​តួនាទី​គ្រូបង្រៀន​ ​និង​បុគ្គលិក​អប់រំ ​ដែល​ជា​ស្នូល​សំខាន់​ ​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​។​

​សូម​ជម្រាប​ថា​ ​ការ​ដាក់​ឱ្យ​អនុវត្ត​ព្រះរាជ​ក្រឹត្យ​នេះ​ចាប់ពី​ឆ្នាំ​២០២៧​ ត្រូវបាន​ចាត់ទុក​ថា​ ​ជា​កំណែទម្រង់​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​អប់រំ​កម្ពុជា​ ​ដោយ​ផ្ដោត​លើ​ការ​កសាង​កម្លាំង​គ្រូបង្រៀន​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព​ ​គុណ​វុឌ្ឍិ ​និង​វិជ្ជាជីវៈ​ខ្ពស់​ជាង​មុន​ ​ដើម្បី​ត្រៀម​កម្ពុជា​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះដឹង​ ​និង​ការ​ប្រកួតប្រជែង​ក្នុង​សតវត្សរ៍​ទី​២១​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា