កម្ពុជាជំរុញការធានា​ឱ្យ​កុមារគ្រប់រូបទទួលបានអាហារតាមសាលារៀនប្រកបដោយសុខភាព និងអាហារូបត្ថម្ភ ត្រឹមឆ្នាំ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជំរុញការធានា​ឱ្យ​កុមារគ្រប់រូបទទួលបានអាហារតាមសាលារៀនប្រកបដោយសុខភាព និងអាហារូបត្ថម្ភ ត្រឹមឆ្នាំ២០៣០

កម្ពុជាជំរុញការធានា​ឱ្យ​កុមារគ្រប់រូបទទួលបានអាហារតាមសាលារៀនប្រកបដោយសុខភាព និងអាហារូបត្ថម្ភ ត្រឹមឆ្នាំ២០៣០

ត្រឹមឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ កុមារ​កម្ពុជា​គ្រប់រូប​នឹង​ទទួលបានអាហារតាមសាលារៀន​ប្រកប​ដោយ​សុខភាព និង​អាហារូបត្ថម្ភ​ជារៀងរាល់ថ្ងៃ។ នេះជា​ការ​លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្ដល់អាហារតាមសាលារៀននៅបណ្ដាប្រទេសសមាជិកអាស៊ាន។

ប្រតិភូនៃបណ្តា​ប្រទេស​សមាជិកអាស៊ាន, លេខាធិការដ្ឋានអាស៊ាន, ក្រសួង ស្ថាប័នសមាជិកគណៈកម្មការដឹកនាំនិងគ្រប់គ្រងកម្មវិធីផ្តល់អាហារតាមសាលារៀន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា (KOICA Cambodia), កម្មវិធីស្បៀងអាហារពិភពលោកស្នាក់ការប្រចាំកម្ពុជា (WFP Cambodia), កម្មវិធីស្បៀងអាហារពិភពលោកទីស្នាក់ការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក , ក្រុមការងារនៃមជ្ឈមណ្ឌល SEARCA, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នានៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ ដើម្បី ផ្តល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវ និងអនុសាសន៍ផ្នែកគោលនយោបាយ, ចែករំលែកឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ (HGSF), កំណត់បញ្ហាប្រឈមរួម និងឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការថ្នាក់តំបន់, រៀបចំអនុសាសន៍ផ្នែកគោលនយោបាយថ្នាក់តំបន់ ដើម្បីពន្លឿនការដាក់បញ្ចូលស្តង់ដាអាហារូបត្ថម្ភតាមសាលារៀនរបស់អាស៊ានទៅអនុវត្តនៅថ្នាក់ជាតិ និង គាំទ្រការធ្វើស្ថាបនូបនីយកម្មគំនិតផ្តួចផ្តើមស្តីពីការផ្តល់អាហារតាមសាលារៀន នៅក្នុងលេខាធិការដ្ឋានអាស៊ាន។

ថ្លែង​ទៅកាន់ប្រទេស​សមាជិក​ និង​អង្គការដៃគូអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត មានប្រសាសន៍ថា កម្មវិធីផ្ដល់អាហារតាមសាលារៀន មិនត្រឹមតែរួមចំណែកដល់វិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សារភ្ជាប់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ ការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចមូលដ្ឋាន និងកិច្ចគាំពារសង្គម។ ការផ្ដល់អាហារតាមសាលារៀនជាការវិនិយោគដ៏មានប្រសិទ្ធភាព​បំផុតលើការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការស្រាវជ្រាវនេះនឹងផ្ដល់ភស្តុតាងដ៏ទូលំទូលាយអំពីស្ថានភាព អភិបាលកិច្ច ហិរញ្ញប្បទាន និងការអនុវត្តកម្មវិធីនៅបណ្ដាប្រទេសសមាជិកអាស៊ាន ដែលជាមូលដ្ឋានសម្រាប់រៀបចំក្របខ័ណ្ឌរួមថ្នាក់តំបន់ ដោយគោរពតាមបរិបទរបស់ប្រទេសនីមួយៗ។ ហើយក្នុងនាមជាប្រទេសដឹកនាំការស្រាវជ្រាវនេះ កម្ពុជានៅតែប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដោយហេតុថា គ្មានប្រទេសណាមួយត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះដោយពុំមានកិច្ចសហការពីបណ្តាប្រទេសក្នុងតំបន់នោះទេ។

ប្រទេស​កម្ពុជាបានផ្តួចផ្តើម​អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន​កាលពីឆ្នាំ១៩៩៩ តាមរយៈ​កម្មវិធីស្បៀងអាហារពិភពលោក សហការ​ជាមួយក្រសួងអប់រំ ផ្តោតលើការ​ផ្តល់អាហារដល់កុមារ​ក្នុង​ខេត្ត​ដែលមានបញ្ហា​អសន្តិសុខស្បៀង និង​ងាយរងគ្រោះបំផុត ដើម្បីជំរុញ​ការចូលរៀន និង​កាត់បន្ថយភាពស្រេកឃ្លានរយៈពេលខ្លី។ បន្ទាប់ពីការ​អនុវត្ត​ការ​ផ្តួចផ្តើម​ខាងលើបានជោគជ័យ និងស្ថិតក្នុង​ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ការផ្លាស់ប្តូរ​ពីការពឹងផ្អែក​លើ​ការ​ឧបត្ថម្ភ​ជាស្បៀងពីម្ចាស់ជំនួយ ទៅជា​យុទ្ធសាស្រ្តថ្មី​មួយ​ប្រកប​ដោយនិរន្តរភាព​ត្រូវ​បាន​បង្កើត​ឡើង។

ក្នុងឆ្នាំ២០១៤ ក្រសួងអប់រំ សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក បានសាកល្បងកម្មវិធីផ្តល់​អាហារតាមសាលារៀន​​ប្រើប្រាស់​កសិផល​ក្នុងសហគមន៍ ដោយផ្សារភ្ជាប់កម្មវិធីផ្តល់អាហារតាមសាលារៀន ទៅនឹងការផលិតស្បៀងក្នុងសហគមន៍​មូលដ្ឋាន។

គិតត្រឹមឆ្នាំសិក្សា​២០២៤-២០២៥ មានសាលាបឋមសិក្សា​គោលដៅ ១១១៤ ក្នុងនោះសិស្ស ៣០៧,៥៥៩នាក់ បាន​និង​កំពុង​អនុវត្ត​កម្មវិធី​ផ្តល់អាហារតាមសាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុងសហគមន៍៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា