កម្ពុជាឈ្នះមេដាយជាង ៤០គ្រឿងពីកម្មវិធី ICIA 2026 កម្រិតអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាឈ្នះមេដាយជាង ៤០គ្រឿងពីកម្មវិធី ICIA 2026 កម្រិតអន្តរជាតិ

កម្ពុជាឈ្នះមេដាយជាង ៤០គ្រឿងពីកម្មវិធី ICIA 2026 កម្រិតអន្តរជាតិ

កម្ពុជាទទួលបានមេដាយសរុបជាង ៤០គ្រឿង ពីកម្មវិធីពានរង្វាន់អន្តរជាតិសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍ (International Creative & Innovation Award – ICIA) ឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតរយៈពេលបីថ្ងៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងមានការចូលរួមពីបេក្ខជនមកពី ២៧ ប្រទេសជុំវិញពិភពលោក។

Advertisement

លោកស្រី លី សាម៉ាត់ អ្នកសម្របសម្រួលមកពីអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានប្រាប់ AMS ថា កម្មវិធី ICIA 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជ័យលាភីពីបណ្តាប្រទេសជាច្រើន។

តាមការបញ្ជាក់ពីគណៈកម្មការរៀបចំ កម្ពុជាទទួលបានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ២០គ្រឿង និងមេដាយសំរឹទ្ធ ១៥គ្រឿង ព្រមទាំងពានរង្វាន់ពិសេសផ្សេងៗ លើគម្រោងពាក់ព័ន្ធនឹងការច្នៃប្រឌិត STEM និងនវានុវត្តន៍។

ក្រៅពីកម្ពុជា ប្រទេសដែលទទួលបានពានរង្វាន់រួមមាន ហ្វីលីពីន ស៊ីរី សហរដ្ឋអាមេរិក ជប៉ុន ប្រេស៊ីល ឥណ្ឌា ស្រីលង្កា ទីម័រខាងកើត វៀតណាម ឥណ្ឌូនេស៊ី និងម៉ិចស៊ីកូផងដែរ។

ថ្លែងក្នុងឱកាសពិធីបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្រិតសកល នៃកម្មវិធី ICIA នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនទាំងអស់ ទាំងនៅក្នុងស្រុក និងមកពីបណ្តាប្រទេសនានា ដែលបានខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព និងទេពកោសល្យ ដើម្បីនាំយកនូវគំនិតច្នៃប្រឌិត រួមទាំងស្នាដៃនវានុវត្តន៍ថ្មីៗ មកបង្ហាញក្នុងវេទិកាប្រកួតប្រជែងកម្រិតអន្តរជាតិមួយនេះ។

ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរចំពោះភាពក្លាហាន ភាពវៃឆ្លាត និងស្មារតីសហការរបស់យុវជន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនទាំងអស់បន្តស្មារតីចង់ចេះចង់ដឹង ប្រកបដោយភាពធន់ និងឆន្ទៈតស៊ូ ដើម្បីក្លាយជាមូលធនមនុស្សចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមក៏បានបង្ហាញសេចក្ដីរីករាយដែលកម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ នៃកម្មវិធីដ៏មានសារៈសំខាន់នេះក្នុងឆ្នាំនេះ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ និងបំផុសគំនិតដល់អ្នកច្នៃប្រឌិតជំនាន់ក្រោយ បណ្ដុះកិច្ចសហការឆ្លងដែន និងឆ្លងវិស័យ ដែលជួយពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍សកល។

សូមជម្រាបថា ICIA គឺជាវេទិកាសកលមួយ ដែលបង្កើតឡើងស្របតាមទិវាពិភពលោកសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍របស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រកម្រិតសកលនៅកម្ពុជា បេក្ខជនត្រូវបានជ្រើសរើសពីការប្រកួតថ្នាក់ជាតិចំនួន ៣៣កម្មវិធី មកពី ២៧ប្រទេសជុំវិញពិភពលោក៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា