កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ២០២៦៖ យុវជនកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ២០២៦៖ យុវជនកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ»

កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ២០២៦៖ យុវជនកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ»

ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មឆ្លាតវៃ គណៈប្រតិភូយុវជនកម្ពុជាចំនួន ១៩រូប ដែលតំណាងឱ្យស្ថាប័នរដ្ឋ សហគ្រាសឯកជន និងសហគមន៍កសិកម្ម បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម «កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ឆ្នាំ២០២៦» រៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងដឹកនាំផ្ទាល់ដោយ ឯកឧត្តម ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះ ផ្តោតសំខាន់លើការស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មទំនើប និងការបង្កើតឱកាសតភ្ជាប់ភាពជាដៃគូធុរកិច្ច ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ «ច្រករបៀងមច្ឆា និងអង្ករ» រវាងកម្ពុជា និងចិន។

ការសិក្សាស្រាវជ្រាវ និងការស្វែងយល់ពីបច្ចេកវិទ្យាកសិកម្មទំនើបនៅសៀងហៃ

ក្នុងដំណើរទស្សនកិច្ច​នៅទីក្រុងសៀងហៃ គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មសៀងហៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាពីការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍពូជដំណាំទំនើបៗ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម។

ក្រៅពីនេះ គណៈប្រតិភូក៏បានចូលរួមទស្សនាពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៩ ដើម្បីស្វែងយល់ពីផលិតផល បច្ចេកវិទ្យា និន្នាការទីផ្សារ និងតម្រូវការនាំចូលរបស់ចិន ព្រមទាំងប្រាស្រ័យទាក់ទងជាមួយតំណាងសហគ្រាស និងដៃគូធុរកិច្ចនានា។

វេទិកាធុរកិច្ចកសិពាណិជ្ជកម្មកម្ពុជា-ចិន នៅទីក្រុងណានជីង

ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូយុវជនកម្ពុជា ក៏បានចូលរួមក្នុង «វេទិកាធុរកិច្ចកសិពាណិជ្ជកម្មកម្ពុជា-ចិន» នៅទីក្រុងណានជីង ក្រោមប្រធានបទ «ជំរុញច្រករបៀងមច្ឆា និងអង្ករ តាមរយៈភាពជាដៃគូ និងការវិនិយោគក្នុងវិស័យកសិធុរកិច្ច» ដែលមានការចូលរួមពីតំណាងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងតំណាងស្ថាប័ន សមាគម និងសហគ្រាសចិនជាង ២០ក្រុមហ៊ុន។

លោក ខុន សារឿន មន្ត្រីកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ និងបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់វិនិយោគិនចិន ដែលមានបំណងស្វែងរកឱកាសធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ស៊ឹម វីរៈ បានគូសបញ្ជាក់ពីសក្តានុពលនៃកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ និងមានអត្តសញ្ញាណច្បាស់លាស់ ព្រមទាំងបានលើកទឹកចិត្តដល់វិនិយោគិនឱ្យពង្រីកការវិនិយោគលើការកែច្នៃ ការបង្កើនតម្លៃបន្ថែម និងការជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពង្រីកកិច្ចសហប្រតិបត្តិការ និងទស្សនកិច្ចខេត្តជាំងស៊ូ

គណៈប្រតិភូយុវជនកម្ពុជា ក៏បានបន្តដំណើរទស្សនកិច្ចទៅកាន់ទីតាំងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនទៀតក្នុងខេត្តជាំងស៊ូ រួមមាន៖

សួនកសិឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ថ្នាក់ជាតិណានជីង៖ សិក្សាពីគំរូអភិវឌ្ឍកសិកម្មបៃតង និងកសិកម្មឆ្លាតវៃ ការផ្សារភ្ជាប់ការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយផលិតកម្ម និងការកែច្នៃកសិផល។

សួនអេកូឡូស៊ីប៉ានឈៀវ៖ ស្វែងយល់ពីការរួមបញ្ចូលគ្នារវាងកសិកម្ម វប្បធម៌ និងទេសចរណ៍ ការគ្រប់គ្រងសួនកសិទេសចរណ៍ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។

ទីក្រុងជិនជាំង និងឆាងចូវ៖ សិក្សាពីប្រព័ន្ធភស្តុភារកម្ម ខ្សែច្រវាក់ត្រជាក់ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសួនកសិឧស្សាហកម្មទំនើបស៊ីនប៉ី និងសហគ្រាសចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មទំនើប បច្ចេកវិទ្យាផ្ទះកញ្ចក់ និងជលផល។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយុវជនកម្ពុជាក្រោម «កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ឆ្នាំ២០២៦» នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់មួយបន្ថែមទៀត ក្នុងការរឹតចំណងមិត្តភាព ក៏ដូចជាកសាងទំនាក់ទំនងរវាងវិស័យឯកជន និងយុវជននៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ» ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា