យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ ក៏​ដូចជាល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ស្នាដៃទាំងនេះមិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌បុរាណ ទៅនឹងសម័យកាលទំនើបផងដែរ។

Advertisement

លោក សួន ម៉ៃសុផានិត ជាអ្នក​​រចនា​ពុ​ម្ព​អក្សរ​​ខ្មែរដ៏ល្បីមួយរូបនៅកម្ពុជា បានប្រាប់ AMS ថា លោកបានរចនាគំនូរតុក្កតាឌីជីថល​​ អមដោយឈ្មោះល្បែងប្រជាប្រិយខ្មែរ និងបានដាក់ឱ្យប្រើប្រាស់សេរី គឺដើម្បីជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលគួរត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្ស​ជំនាន់ក្រោយ។ ការរចនា និង​ដាក់​ឱ្យ​ប្រើប្រាស់​ដោយសេរីនេះ ក៏ព្រោះតែលោកចង់​ឱ្យមនុស្សគ្រប់គ្នាអាចប្រើប្រាស់បានងាយស្រួល ក្នុងការអប់រំ និងទូលំទូលាយ ក៏ដូចជាលើកទឹកចិត្តយុវជនឱ្យស្គាល់ និងចូលចិត្តវប្បធម៌ប្រពៃណីតាមរយៈរចនាបថទំនើប។

អ្នក​​រចនា​ពុ​ម្ព​អក្សរ​​ខ្មែរ រូបនេះ បន្ថែមថា​ លោកបានប្រើរយៈពេលពីពីរសប្ដាហ៍ ទៅមួយខែដើម្បីរចនាគំនូរឌីជីថលនេះ​ឡើង ដោយរំលេចឈ្មោះល្បែងប្រជាប្រិយខ្មែរសរុបចំនួន ១៦ រួមមាន ពង្រាត់កូនក្រមុំ រាំដណ្ដើមកៅអី ចាប់កូនខ្លែង បោះអង្គុញ បូមទឹកដាក់ដប វាយខ្អម គ្របមាន់ ដណ្ដើមស្លឹកឈើ ញ៉ាំប៉ិកួៈ ឡើងសសរខ្លាញ់ លោតបាវ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បីដកមួយ និងស្ដេចចង់។

លោក សួន ម៉ៃសុផានិត បញ្ជាក់ថា ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ ការចូលរួមកិច្ចការសង្គមតាមរយៈសិល្បៈឌីជីថល​ គឺមានភាពសម្បូរបែបក្នុងការប្រើប្រាស់អ្វីដែលជារបស់ខ្មែរ។​ ម៉ៃសុផានិត យល់ថា យុវជនផ្សេងទៀតក៏អាចប្រើឌីជីថលផ្សារភ្ជាប់សិល្បៈច្នៃប្រឌិត ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរច្រើនវិធី រួមមាន បង្កើត poster, illustration, animation អំពីល្បែងប្រជាប្រិយ ក៏ដូចជាផលិតវីដេអូខ្លី បង្ហាញល្បែង ឬប្រពៃណីរចនាប្រើនៅលើបណ្តាញសង្គម ចែករំលែកស្នាដៃនៅលើ Facebook, Instagram ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរផងដែរ។

ជាមួយគ្នានេះ កញ្ញា ម៉ម លីសា ដែលជាវិចិត្រករសហសម័យ ក៏​បានជ្រើសរើស​ការ​គូសគំនូរឌីជីថលទេវត្តាឆ្នាំថ្មី ដោយលើការផ្ដោតតុបតែងលើគ្រឿងអលង្ការរចនាបទខ្មែរ ហើយ​ក៏​បានដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​តេលេក្រាមផងដែរ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។​

វិចិត្រករសហសម័យរូបនេះ ចង់ឃើញយុវជនខ្មែរដែលមានទេពកោសល្យ និងស្នាដៃក្នុងការគូសគំនូរ មិនថា គំនូរប្រើប្រាស់ទឹកថ្នាំ ទឹកប៊ិក ឬគំនូរឌីជីថល គឺអាចចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ឬពិធីបុណ្យផ្សេងៗ តាមរយៈស្នាដៃគំនូរ និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់សិល្បៈគំនូរនៅប្រទេសកម្ពុជា ហើយក៏ធ្វើឱ្យស្នាដៃគំនូររបស់កូនខ្មែរកាន់តែរីកចម្រើន។

លោក ផាត សោភ័ណ្ឌ ជាអ្នករចនា (Graphic design) ក៏​បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈគំនូរតុក្កតា អបអសាទរពិធីបុណ្យចូលឆ្នាំខ្មែរ, ដោយថា លោកចង់បង្ហាញស្នាដៃរបស់ខ្លួន ដើម្បីឱ្យវិស័យនេះមានអ្នកស្គាល់កាន់តែច្រើន ជាពិសេសចង់ចែករំលែកបទពិសោធន៍ដែលខ្លួនមាន។

លោក សោភ័ណ្ឌ យល់ថា ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរ យុវជនអាចចូលរួមប្រើប្រាស់ឌីជីថលផ្សារភ្ជាប់ជាមួយសិល្បៈចៃ្នប្រឌិត ដោយផ្សព្វផ្សាយថារយៈគំរូឌីជីថល ( Digital art ) គឺជាការជួយគ្នាផ្សព្វផ្សាយអ្វីដែលជាវប្បធម៌ខ្មែរ ទំនៀមទំលាប់ ប្រពៃណី ប្រវត្តិសាស្រ្ត ឱ្យកាន់តែទូលំទូលាយ។

ដូចគ្នានេះដែរ លោក ផល រ៉ាណន់ ជាវិចិត្រករ ដែលបានរចនាគំនូរតុក្កតាឌីជីថលអបអរបុណ្យចូលឆ្នាំខ្មែរនៅ​លើបណ្ដាញសង្គម យល់ថា ការប្រើប្រាស់បច្ចេកវិទ្យា (Digital Art) ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃបរិយាកាសកំឡុងពេលពិធីចូលឆ្នាំថ្មី គឺជាការរួមបញ្ចូលគ្នារវាង “អនុស្សាវរីយ៍កាលពីក្មេងវ័យ និងវ័យពេលបច្ចុប្បន្ន” គឺយើងនៅរក្សារបាននូវទំនៀមទំលាប់នេះបានគង់វង់ ដែលធ្វើឱ្យយុវជនជំនាន់ក្រោយងាយនឹងទទួលយក និងមានមោទនភាពចំពោះវប្បធម៌ខ្លួនឯងកាន់តែខ្លាំង។

“សូមកុំខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ព្រោះរាល់ស្នាដៃច្នៃប្រឌិតរបស់អ្នក គឺជាចំណែកមួយក្នុងការថែរក្សា និងអភិវឌ្ឍមរតកដូនតាឱ្យរស់រវើកជានិច្ចក្នុងសម័យកាលបច្ចេកវិទ្យានេះ!”

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម បានកោតសរសើរដល់យុវជនខ្មែរទាំងនេះ ដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរចនាគំនូរឌីជីថលអបអរបុណ្យចូលឆ្នាំថ្មី ជាពិសេសទាក់ទងល្បែងប្រជាប្រិយខ្មែរ, មិនតែប៉ុណ្ណោះផ្ដល់ឱកាសឱ្យសាធារណៈជនទាញយកដោយសេរី។ នេះបង្ហាញពីសមត្ថភាព​យុវជនខ្មែរ កំពុងតែដើរទាន់សម័យ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម 

អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម សង្ឃឹមថា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​សហការធ្វើការងារនេះ​ ជាមួយប្អូនៗយុវជន ដើម្បីធ្វើឱ្យប្រទេសយើងមានសមាហរណកម្មរវាងអ្វីដែលបុរាណជាមួយបច្ចេកវិទ្យាទំនើប៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា