យុវជនកម្ពុជា ឈ្នះការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR នៅប្រទេសឥណ្ឌូនេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនកម្ពុជា ឈ្នះការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR នៅប្រទេសឥណ្ឌូនេស៊ី

យុវជនកម្ពុជា ឈ្នះការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR នៅប្រទេសឥណ្ឌូនេស៊ី

លោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែល​​បានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា ដែលប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដែល​មាន​ការ​ចូលរួមប្រកួត​ពី​យុវជន​មក​ពីបណ្តា​​ប្រទេសក្នុង​តំបន់អាស៊ាន​។

កម្មវិធីនេះ រៀបចំដោយមូលនិធិកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ (AKCF) សហការជាមួយវិទ្យាស្ថានអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សា (ASEAN-IPR) ដោយផ្ដល់ឱកាសសម្រាប់យុវជនដែលមានអាយុពី ២១ ដល់ ៣៥ឆ្នាំ មកពីប្រទេសសមាជិកអាស៊ានទាំង ១១ ចូលរួមជួបជាមួយអ្នកជំនាញ អ្នកអនុវត្ត និងមេដឹកនាំវ័យក្មេងមកពីទូទាំងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

លោក តូច ឥនសុភា ជានិស្សិតថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រទិន្នន័យ នៅ ECI Distribution លើកឡើងថា ការចូលរួមក្នុងការប្រកួតនេះ ដោយសារលោកជឿជាក់ថា បញ្ញាសិប្បនិម្មិត (AI) គួរតែបម្រើមនុស្ស សន្តិភាព និងសង្គម មិនមែនត្រឹមតែការច្នៃប្រឌិតបច្ចេកវិទ្យាតែមួយមុខនោះទេ។

លោក តូច ឥនសុភា បន្ថែមថា សម្រាប់ការដាក់អត្ថបទប្រកួត លោកបានជ្រើសរើសប្រធានបទ «តួនាទីរបស់វេទិកាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អនឡាញក្នុងការបង្កើតភាពធន់ ឬភាពផុយស្រួយរបស់យុវជន»។ លោក តូច ឥនសុភា បន្តថា ក្នុងនាមជាអ្នកស្រាវជ្រាវវ័យក្មេងជនជាតិខ្មែរផ្នែកបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ លោកចង់ប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឌីជីថលថ្មីៗ ដូចជា ព័ត៌មានក្លែងបន្លំ ការបោកបញ្ឆោតតាមអនឡាញ និងខ្លឹមសារបង្កគ្រោះថ្នាក់ ព្រមទាំងពង្រឹងចំណេះដឹង និងភាពធន់ខាងឌីជីថលក្នុងចំណោមយុវជនអាស៊ាន។

ប្រធានក្រុមអ្នកវិទ្យាសាស្ត្រទិន្នន័យ នៅ ECI Distribution បញ្ជាក់ថា តាមរយៈការឈ្នះក្នុងការប្រកួតនេះ បានផ្តល់ឱ្យលោកនូវឱកាសដ៏មានតម្លៃ ដើម្បីតំណាងប្រទេសកម្ពុជានៅលើឆាកអាស៊ាន ចែករំលែកទស្សនៈ និងបទពិសោធន៍របស់ខ្លួន ព្រមទាំងរៀនសូត្រពីអ្នកដឹកនាំវ័យក្មេងទូទាំងតំបន់។

«ខ្ញុំចង់រួមចំណែកកសាងអាស៊ានមួយ ដែលបច្ចេកវិទ្យាជួយកសាងទំនុកចិត្ត ផ្តល់អំណាចដល់យុវជន និងពង្រឹងសន្តិភាព»

គួរជំរាបជូនថា សម្រាប់បេក្ខជនជ័យលាភី នឹងទទួលបានវិញ្ញាបនបត្រពី ASEAN-IPR ហើយអត្ថបទជ័យលាភី នឹងត្រូវបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ ASEAN-IPR ផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា