យុវជនកម្ពុជា ឈ្នះពាន​ពីការប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate Championship 2026 នៅហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនកម្ពុជា ឈ្នះពាន​ពីការប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate Championship 2026 នៅហ្វីលីពីន

យុវជនកម្ពុជា ឈ្នះពាន​ពីការប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate Championship 2026 នៅហ្វីលីពីន

ក្រោយការប្រកួតជជែកយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល ទីបំផុត ក្រុមយុវជនមក​ពីប្រទេស​កម្ពុជា ដណ្ដើមបានពានជើងឯកពិភពលោក JCI World Debate Championship 2026 នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះក្រុមមកពីប្រទេសឥណ្ឌា និងហ្សាម៉ាអ៊ីក។ នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា និងជាមោទនភាពសម្រាប់កម្ពុជា ក្នុងការបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដែល​ដណ្ដើមបានជើងឯកពិភពលោកលើឆាកអន្តរជាតិ។

ក្រុមយុវជនកម្ពុជា ដែលបានលើកពាន JCI World Debate Championship 2026 រួមមាន លោក ស៊ាង ធានសឹង្ហ, កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ និងកញ្ញា ស្លេះ រ៉យ្យ៉ាន។

ជ័យជម្នះដ៏អស្ចារ្យនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានឃើញកូនខ្មែរលើកទង់ជាតិ និងនាំយកកិត្តិយសជូនមាតុភូមិលើឆាកអន្តរជាតិ។

លោក ស៊ាង ធានសឹង្ហ ប្រាប់ AMS ថា សម្រាប់សមាជិកក្រុមទាំង៣នាក់ ពិតជាមានអារម្មណ៍ថា រំភើប សប្បាយរីករាយ និងមានមោទនភាពបំផុត ដែលអាចតំណាងឱ្យប្រទេសកម្ពុជាឈរជើងលើឆាកប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ ហើយកសាងប្រវត្តិសាស្រ្តលើកដំបូងបំផុតសម្រាប់កម្ពុជាក្នុងការឈ្នះជាម្ចាស់ជ័យលាភី និងម្ចាស់ពានរង្វាន់នៃការប្រកួតជជែកដេញដោលលំដាប់ពិភពលោកនេះ។

លោក ធានសឹង្ហ បន្ថែមថា ក្រៅពីការរំភើប និងសប្បាយចិត្តនេះ ក្រុមរបស់ខ្លួនយល់ថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់យុវជនកម្ពុជាក្នុងការបង្ហាញទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាជាប្រទេសតូច ប៉ុន្តែមានសមត្ថភាពឈរជើងប្រកួតប្រជែងស្មើនឹងយុវជនមកពីបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកដូចគ្នា។

«ភាពជោគជ័យនេះ មិនគ្រាន់តែជាភាពជោគជ័យរបស់យើងទាំង៣នាក់ទេ ប៉ុន្តែជាភាពជោគជ័យរបស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល»

កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ សមាជិកក្រុមម្ចាស់ពានរង្វាន់ JCI World Debate Championship 2026 លើកឡើងថា សម្រាប់លក្ខណៈពិសេសដែលជំរុញឱ្យក្រុមខ្លួនយកឈ្នះក្រុមមកពីប្រទេសឥណ្ឌា និងហ្សាម៉ាអ៊ីក រួមមាន ទី១. ភាពស៊ីសង្វាក់ និងភាពប្រទាក់ក្រឡាគ្នា ដោយសារតែការតស៊ូមតិ គឺប្រៀបដូចជាកីឡាជាក្រុម មិនដូចទៅនឹងការនិយាយជាសាធារណៈដែលធ្វើបទបង្ហាញតែម្នាក់ឯងទេ។ ការតស៊ូមតិ គឺទាមទារឱ្យសមាជិកក្រុមទាំងបីនាក់យល់ពីគ្នាទៅវិញទៅមក យល់ពីភាពខ្លាំង និងចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក ហើយជួយបំពេញគ្នា មានភាពប្រទាក់ក្រឡាគ្នា ស្មើដៃគ្នាក្នុងការធ្វើការងារក្រុម ដែលធ្វើឱ្យគណៈកម្មការប្រាប់បានថា សមាជិកក្រុមទាំងបីនាក់ មានភាពខ្លាំងដូចគ្នា មានកម្លាំងស្មើដៃគ្នា។

ចំពោះលក្ខណៈពិសេសទី២ ការហ្វឹកហាត់ និងការត្រៀមខ្លួនមុនប្រកួត, ដោយសារតែមុនប្រកួតគេផ្ដល់ពេលឱ្យត្រឹមសប្តាហ៍ប៉ុណ្ណោះ ហើយមានរហូតដល់ ១០ប្រធានបទ ដែលក្រុមត្រូវរៀបចំចម្លើយចំនួន ១០ប្រធានបទ ទាំងស្រប និងបដិសេធ។ ទោះបីជាមានរយៈពេលខ្លីក៏ដោយ ហើយសមាជិកក្រុមត្រូវរៀនផង ធ្វើការផង គឺនៅតែខិតខំព្យាយាមហ្វឹកហាត់ទាំង ១០ប្រធានបទ ធ្វើយ៉ាងណាបែងចែកតួនាទីការងារសមាជិកក្រុមនីមួយៗឱ្យបានល្អ។ ហើយអំឡុងពេលពិភាក្សាក្រុម បើទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏ក្រុមស្វែងរកចំណុចកណ្ដាលនិងហ្វឹកហាត់ទាំងសងខាង។ ការហ្វឹកហាត់ទាំងសងខាងនេះ អាចធ្វើឱ្យក្រុមអាចត្រៀមខ្លួនរួចជាស្រេចចំពោះស្ថានការណ៍កើតឡើងភ្លាមៗ។

ទី៣ ទំនាក់ទំនងរវាងក្រុមអំឡុងពេលប្រកួត, នៅលើឆាកគឺសំខាន់ ដោយសារសមាជិកក្រុមត្រូវទូរស័ព្ទផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកភ្លាមៗ និងអាចជួយបំពេញគ្នាទៅវិញទៅមកអំឡុងពេលប្រកួត។ ដូច្នេះ ដោយសារតែក្រុមអាចមានទំនាក់ទំនងនៅលើឆាកបានល្អ មានភាពស៊ីសង្វាក់គ្នាល្អ អាចផ្ដល់ព័ត៌មានឱ្យគ្នាទាន់ពេល អាចជួយបំពេញគ្នាភ្លាមៗ។

ជាមួយគ្នានេះ កញ្ញា ស្លេះ រ៉យ្យ៉ាន ជាសមាជិកក្រុម បន្ថែមថា តាមរយៈការចូលរួមក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ មេរៀនសំខាន់បំផុតដែលខ្លួន និងក្រុមទទួលបាន គឺការយល់ដឹងថា សមត្ថភាពរបស់ក្រុមអាចអភិវឌ្ឍ និងឈានទៅដល់កម្រិតណាមួយបាន ប្រសិនបើយើងហ៊ានសាកល្បងអ្វីដែលថ្មី និងបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ។ ទន្ទឹមគ្នានេះ ក្រុមបានរៀនពីរបៀបគិតវិភាគឱ្យបានស៊ីជម្រៅ ការស្រាវជ្រាវ ការប្រាស្រ័យទាក់ទង ការធ្វើការជាក្រុម និងការសម្របខ្លួនទៅនឹងស្ថានការណ៍ដែលយើងមិនអាចរំពឹងទុកជាមុនបាន។

កញ្ញា ស្លេះ រ៉យ្យ៉ាន បន្តថា អ្វីដែលពិសេសនោះគឺ ការប្រកួតនេះបានផ្តល់ឱកាសឱ្យក្រុមរបស់ខ្លួនជួបជាមួយអ្នកចូលរួមមកពីប្រទេស និងតំបន់ផ្សេងៗជុំវិញពិភពលោក ដែលមានទស្សនៈ វប្បធម៌ និងរបៀបគិតខុសៗគ្នា។ ស្របគ្នានេះ ក្រុមបានរៀនថា ការស្តាប់ និងស្វែងយល់ពីទស្សនៈរបស់អ្នកដទៃ ក៏មានសារៈសំខាន់មិនចាញ់ការបង្ហាញទស្សនៈរបស់ខ្លួនដែរ។ បទពិសោធនេះបានបង្រៀនក្រុមខ្លួនឱ្យមានជំនឿលើសមត្ថភាពរបស់ខ្លួន និងមិនដាក់កម្រិតលើអ្វីដែលអាចសម្រេចបាន ដោយសារយើងមកពីប្រទេសតូចមួយ។ យើងបានបង្ហាញថា យុវជនកម្ពុជាក៏អាចឈរនៅលើឆាកពិភពលោក និងប្រកួតប្រជែងជាមួយយុវជនពីប្រទេសផ្សេងៗបានដែរ។

សម្រាប់កញ្ញា ស្លេះ រ៉យ្យ៉ាន ពានរង្វាន់គឺជាសមិទ្ធផលដ៏មានតម្លៃ ប៉ុន្តែអ្វីដែលមានតម្លៃជាងនេះទៅទៀត គឺចំណេះដឹង បទពិសោធ និងទំនាក់ទំនងដែលយើងទទួលបាន។ “ខ្ញុំសង្ឃឹមថា យើងអាចយកអ្វីដែលបានរៀនពីការប្រកួតនេះមកចែករំលែក និងបន្តលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយ ដើម្បីឱ្យពួកគេមានភាពក្លាហានក្នុងការចេញទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិដូចគ្នា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា