បេក្ខជន​ប្រឡង​បំពេញ​វិជ្ជា​ ​៖ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​តម្លៃ​សម្រាប់​អនាគត​បន្ត​ការ​សិក្សា​ ​និង​ការងារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជន​ប្រឡង​បំពេញ​វិជ្ជា​ ​៖ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​តម្លៃ​សម្រាប់​អនាគត​បន្ត​ការ​សិក្សា​ ​និង​ការងារ​

បេក្ខជន​ប្រឡង​បំពេញ​វិជ្ជា​ ​៖ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​តម្លៃ​សម្រាប់​អនាគត​បន្ត​ការ​សិក្សា​ ​និង​ការងារ​

​បេក្ខជន​ប្រឡង​បំពេញ​វិជ្ជាមួយចំនួន​ដែល​ត្រឡប់មក​ប្រឡង​បាក់ឌុប​ឡើងវិញ​ ​បាន​លើកឡើង​ថា​ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​សារៈសំខាន់​សម្រាប់​បើក​ផ្លូវ​ទៅ​រក​ការ​សិក្សា​បន្ត​ ​និង​បង្កើន​ឱកាស​ការងារ​ ​ទើប​ពួកគេ​សម្រេចចិត្ត​ចាប់​យក​ឱកាស​ប្រឡង​ឡើងវិញ។​

Advertisement

​បេក្ខ​នារី ​ព្រីង ​ពេជ្រ​រ៉ានី ​ដែល​ប្រឡង​បំពេញ​វិជ្ជា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ​បាន​ឱ្យដឹង​ថា​ ​នាង​ត្រឡប់មក​ប្រឡង​ម្តង​ទៀត​ ​ព្រោះ​ចង់​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​ដើម្បី​បន្ត​ការ​សិក្សា​ ​និង​បង្កើន​ឱកាស​ក្នុង​ការ​ស្វែងរក​ការងារ។​

​បេក្ខ​នារី​រូប​នេះ​រំពឹង​ថា​ ​ការ​ប្រឡង​លើក​ទី​២​ ​នឹង​អាច​ទទួលបាន​លទ្ធផល​ប្រហែល​ ​៨០​% ​ដោយសារ​វិញ្ញាសា​មួយចំនួន​អាច​ធ្វើ​បាន​ ​ប៉ុន្តែ​វិញ្ញាសា​ខ្លះ​ទៀត​នៅ​មាន​ចំណុច​ដែល​នាង​មិន​ទាន់​ប្រាកដ។​

​ពេជ្រ​រ៉ានី ​ក៏​បាន​លើកឡើង​ថា​ ​ដំណើរការ​ប្រឡង​មាន​វិន័យ​តឹងរឹង ​ដោយ​បេក្ខជន​ត្រូវ​គោរព​តាម​បទបញ្ជា​ ​និង​ការ​ណែនាំ​របស់​គណៈ​មេ​ប្រយោគ​។​ នាង​យល់​ថា​ ​ការ​រក្សា​វិន័យ​បែប​នេះ​ជា​រឿង​ល្អ ​ដើម្បី​ធានា​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌។​

​បេក្ខ​នារី​រូប​នេះ​និយាយ​ថា​ «​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​វា​ជា​សញ្ញាបត្រ​ដែល​អាច​ជួយ​ឱ្យ​យើង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន​។​ ម្យ៉ាងទៀត​ ​នៅពេល​ស្វែងរក​ការងារ​ ​បើ​មាន​សញ្ញាបត្រ​នេះ​ ​ក៏​អាច​បង្កើន​ឱកាស​ក្នុង​ការ​ដាក់ពាក្យ​ ​និង​ទទួលបាន​ការងារ​ផងដែរ​»។​

​បេក្ខ​នារី​រូប​នេះ​ក៏​បាន​ផ្ញើ​សារ​ដល់​បេក្ខជន​ និង​យុវជន​ថា​ ​ទោះបី​ធ្លាប់​បរាជ័យ​ម្តង​ក៏ដោយ​ ​មិន​គួរ​បោះបង់​ការ​សិក្សា​ ​ឬ​ការ​ខិតខំប្រឹងប្រែង​ឡើយ​។ ​ផ្ទុយទៅវិញ​ ​គួរ​យក​បទពិសោធន៍​ពី​ការ​បរាជ័យ​មក​កែលម្អ​ខ្លួន​ និង​ព្យាយាម​ម្តង​ទៀត​ រហូត​ទទួលបាន​ជោគជ័យ។​

​ចំណែក​ ​ព្រះសង្ឃ ​ហឿន​ សុភ័ក្តី​ ​ដែល​ចូលរួម​ប្រឡង​បំពេញ​វិជ្ជា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ​មាន​សង្ឃ​ដីកា​ថា​ កត្តា​ដែល​ជំរុញ​ឱ្យ​ព្រះអង្គ​មក​ប្រឡង​ ​គឺ​ចង់​មាន​ទាំង​ចំណេះដឹង​ខាង​ពុទ្ធ​ចក្រ ​និង​ចំណេះដឹង​អាណាចក្រ ​ដោយ​មិន​បោះបង់​ផ្លូវ​ណាមួយ​ចោល​ឡើយ។​

​ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ថែម​ថា​ ​នៅ​ថ្ងៃ​អនាគត ​សញ្ញាបត្រ​នេះ​អាច​ជួយ​ឱ្យ​ព្រះអង្គ​បន្ត​ការ​សិក្សា​លើ​មុខជំនាញ​ដែល​ព្រះអង្គ​ស្រលាញ់​ ​ដូចជា​ ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ ​ឬ​មុខជំនាញ​ផ្សេង​ទៀត​ដែល​ព្រះអង្គ​មាន​ចំណាប់អារម្មណ៍។

​ដោយឡែក​ ​ព្រះសង្ឃ ​ពាច​ ឃុប ​ដែល​ចូលរួម​ប្រឡង​បំពេញ​វិជ្ជា​នៅ​វិទ្យាល័យ​ ​ជា ​ស៊ីម ​សាមគ្គី ​មាន​សង្ឃ​ដីកា​ថា​ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ប្រៀប​ដូចជា​ ​«​ស្ពាន​» ​មួយ​ដែល​អាច​ជួយ​ឱ្យ​ព្រះអង្គ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន។​

​ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា​ ​ប្រសិនបើ​ប្រឡង​ជាប់ ​ព្រះអង្គ​មាន​គម្រោង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ និង​ជ្រើសរើស​មុខជំនាញ​ដែល​ព្រះអង្គ​ចាប់អារម្មណ៍។​

​ព្រះសង្ឃ ​ពាច​ ឃុប ​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ឱ្យ​ចេះ​ចាប់​យក​ឱកាស​ដែល​ខ្លួន​មាន​ និង​ខិតខំ​រៀនសូត្រ ​ដោយ​មិន​គួរ​បោះបង់​ការ​សិក្សា​ ​ឬ​ការ​អភិវឌ្ឍ​ខ្លួន​ ​ទោះបី​មាន​ផ្លូវ​ជីវិត​ ​ឬ​ស្ថានភាព​ខុស​ៗ​គ្នា​ក៏ដោយ​។​ «​បើ​មាន​ឱកាស​រៀន​ ​គួរតែ​ខិតខំ​ប្រឹងប្រែង​ ​និង​ចាប់​យក​ឱកាស​នោះ​ឱ្យ​បាន​ល្អ​» ​ព្រះអង្គ​មាន​សង្ឃដីកា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា