ចិន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​ ​២​,​៧០០​នាក់​ ​ក្នុង​រយៈពេល​ ២៧​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​ ​២​,​៧០០​នាក់​ ​ក្នុង​រយៈពេល​ ២៧​ឆ្នាំ​

ចិន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​ ​២​,​៧០០​នាក់​ ​ក្នុង​រយៈពេល​ ២៧​ឆ្នាំ​

​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩ ​ដល់​ឆ្នាំ​២០២៦ ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​សរុប​ប្រមាណ​ ​២​,​៧០០​នាក់​ ​ឱ្យ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន ​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​រហូត​ដល់​ថ្នាក់​បណ្ឌិត​។​ ​ការ​ផ្តល់​អាហារូបករណ៍​​នេះ​ ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​ជា​សក្ខី​ភាព ​នៃ​ចំណង​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

​តួ​លេខ​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​ ​ឯកឧត្តម​ ​អ៊ុម រម្យណី ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្នុង​ពិធី​ទទួល​ ​និង​អបអរសាទរ​និស្សិត​ជ័យលាភី​អាហារូបករណ៍​កម្ពុជា​ ​ដែល​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧ ​កាលពី​ថ្ងៃ​ទី​២៦​ ​ខែ​សីហា ​ឆ្នាំ​២០២៦។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ចំនួន​ប្រមាណ​ ​២​,​៧០០​នាក់​នេះ​ ​មិន​ទាន់​រាប់បញ្ចូល​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​វិស័យ​ឯកជន ​និង​ដៃគូ​សហការ​នានា ​នោះ​ទេ។

​ឯកឧត្តម​ ​អ៊ុម រម្យ​ណី ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន ​ដែល​បាន​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ឱកាស​ដល់​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បាន​ណែនាំឱ្យ​និស្សិត​ជ័យលាភី​ខិតខំ​រៀនសូត្រ ​និង​ពង្រឹង​សមត្ថភាព​ ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ ​និង​បទពិសោធ​ថ្មី​ៗ ​ព្រម​ទាំង​ធ្វើ​ជា​ទូត​សុឆន្ទៈ​របស់​កម្ពុជា​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា ​និង​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​មិត្តភក្តិ​ចិន ​និង​អន្តរជាតិ។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​Wang ​Wenbin ​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​បាន​ជូន​ពរ​ឱ្យ​និស្សិត​ទាំងអស់​ទទួល​បាន​ចំណេះដឹង​ ​បង្កើន​សមត្ថភាព​ ​និង​កសាង​ចំណង​មិត្តភាព​ជាមួយ​ប្រជាជន​ចិន ​និង​អន្តរជាតិ។

​«​ពី​ទន្លេ​មេគង្គ​រហូតដល់​ទន្លេ​ឆាង​ជាំង​ ​ពី​ប្រាសាទ​អង្គរវត្ត​រហូតដល់​មហាកំពែង​ ​សិស្សានុសិស្ស​ទាំងអស់​គ្នា​នឹង​ចាប់ផ្តើម​ដំណើរ​ថ្មី​មួយ​ក្នុង​ជីវិត​»​

​ឯក​អគ្គ​រដ្ឋទូត​ចិន​បាន​បន្ថែម​ថា​ ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ ​ដើម្បី​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​យុវជន​កម្ពុជា​ឆ្នើម​ៗ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ​និង​កសាង​ស្ពាន​តភ្ជាប់​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ​ក្នុង​ការ​ស្វែងយល់​ពី​គ្នា ​និង​ពង្រឹង​ភាព​ជិតស្និទ្ធ​រវាង​គ្នា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា