សាលា​ហេបភីច័ន្ទ​តារា​រៀបចំ​ទិវា ​«​ស្អាត​ និង​បៃតង​» ​ជំរុញ​ការ​យល់ដឹង​អំពី​បរិស្ថាន​ក្នុង​ចំណោម​ក្មេងស្រី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលា​ហេបភីច័ន្ទ​តារា​រៀបចំ​ទិវា ​«​ស្អាត​ និង​បៃតង​» ​ជំរុញ​ការ​យល់ដឹង​អំពី​បរិស្ថាន​ក្នុង​ចំណោម​ក្មេងស្រី​

សាលា​ហេបភីច័ន្ទ​តារា​រៀបចំ​ទិវា ​«​ស្អាត​ និង​បៃតង​» ​ជំរុញ​ការ​យល់ដឹង​អំពី​បរិស្ថាន​ក្នុង​ចំណោម​ក្មេងស្រី​

​សាលា​ហេបភីច័ន្ទ​តារា ​(​Happy​ ​Chandara​ ​School​) ​បាន​រៀបចំ​ទិវា ​«​ស្អាត​ និង​បៃតង​» ​នៅ​បរិវេណ​សាលា ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​៦​ ​មិថុនា ​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​ការពារ​បរិស្ថាន​ ​និង​ជំរុញ​ការ​ចូលរួម​របស់​យុវជន ​ជាពិសេស​ក្មេងស្រី​ ​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

Advertisement

​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ស្រប​នឹង​ទិវា​បរិស្ថាន​ពិភពលោក​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣​ របស់​អង្គការ​សហ​ប្រជាជាតិ​ ស្តីពី​សកម្មភាព​អាកាសធាតុ​ ​ក្រោម​ប្រធានបទ​ «​ការ​អំពាវនាវ​ជា​សកល​សម្រាប់​សកម្មភាព​អាកាសធាតុ​»​។​

​តាម​សាលា​ហេបភីច័ន្ទ​តារា ​កម្មវិធី​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន ​លើកទឹកចិត្ត​ឱ្យ​យុវជន​អនុវត្ត​ទម្លាប់​រស់​នៅ​ប្រកបដោយ​ចីរភាព​ ​ដូចជា​គោលការណ៍​ «​5​Rs​» ​កាត់បន្ថយ​ការ​ប្រើប្រាស់​ ការ​ប្រើប្រាស់​ឡើងវិញ​ ​និង​ការ​កែច្នៃ​សំណល់​ ​ព្រមទាំង​អភិវឌ្ឍ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ និង​ការ​ធ្វើ​ការងារ​ជា​ក្រុម​។

​ក្នុង​កម្មវិធី​នេះ​ ​អ្នកចូលរួម​បាន​ធ្វើ​សកម្មភាព​ដើរ​រើស​សំរាម​នៅ​ភូមិ​ព្រែក​ថ្មី​ ​និង​ទស្សនកិច្ច​ទៅកាន់​កសិដ្ឋាន​សាលា​ដើម្បី​សិក្សា​អំពី​ការ​ធ្វើ​ជី​កំប៉ុស​។ ​បន្ទាប់មក​ មាន​វេទិកា​ពិភាក្សា​ស្តីពី​សកម្មភាព​អាកាសធាតុ​ ​និង​ការ​ចាក់បញ្ចាំង​ភាពយន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​។​

​នៅពេល​រសៀល ​អ្នកចូលរួម​បាន​ទស្សនា​ស្តង់​តាំងពិព័រណ៍​ និង​សកម្មភាព​អប់រំ​ជាច្រើន​ ​ព្រមទាំង​ចូលរួម​សិក្ខាសាលា​អនុវត្ត​ជាក់ស្តែង​ ​ដូចជា​ ​ការ​កែច្នៃ​ប្លាស្ទិក ​និង​ក្រណាត់​ប្រើ​រួច​ ការ​កែច្នៃ​ក្រដាស​ ការ​ផលិត​ទឹក​លាង​សម្លៀកបំពាក់​ពី​វត្ថុធាតុ​ធម្មជាតិ​ ​និង​ការ​ចម្អិន​អាហារ​បួស​ជាដើម​។

​សូម​ជម្រាប​ថា​ ​កម្មវិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ ​៤១០​នាក់​ ក្នុង​នោះ​មាន​យុវជន​ប្រមាណ​ ​៣៤០​នាក់​។​ ក្រៅពី​សិស្ស ​និង​អ្នកស្ម័គ្រចិត្ត​របស់​សាលា​ហេបភីច័ន្ទ​តារា ​ក៏​មាន​ការ​ចូលរួម​ពី​សិស្ស​មកពី​អនុវិទ្យាល័យ​ព្រែក​ថ្មី​ ​អនុវិទ្យាល័យ​ឫស្សី​ស្រុក​ ​អង្គការ​ ​Pour​ ​un​ ​Sourire​ ​d​’​Enfant​ ​(​PSE​) ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​ITC​) ​ផងដែរ​។​

​ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​ដៃគូ​ជំនាញ​ផ្នែក​បរិស្ថាន​ជាច្រើន​ ​រួមមាន​ ​One​ ​Earth​ ​One​ ​Ocean​, ​K​ä​rcher​, ​Niset​ ​Plastic​ ​និង​ ​Gomi​ ​Recycle​។​

​សាលា​ហេបភីច័ន្ទ​តារា ​រំពឹង​ថា​ ​សកម្មភាព​ «​ស្អាត​ និង​បៃតង​» ​នឹង​ជួយ​ជំរុញ​ការ​យល់ដឹង​ និង​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ ​ព្រមទាំង​រួមចំណែក​កសាង​សហគមន៍​ដែល​មាន​ភាព​ស្អាត​ ​បៃតង​ និង​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​បច្ចុប្បន្ន ​សាលា​ហេបភីច័ន្ទ​តារា ​កំពុង​ផ្តល់​ការ​អប់រំ​ដល់​ក្មេងស្រី​ជាង​ ​១,៧០០​ ​នាក់​ ​ហើយ​ទទួល​សិស្ស​ថ្មី​ប្រមាណ​ ​១០០​ ​នាក់​ជារៀងរាល់​ឆ្នាំ​។​ ក្រៅពី​ការ​អប់រំ​កម្រិត​មូលដ្ឋាន​ ​សិស្ស​ទាំងនោះ​ក៏​ទទួលបាន​ការ​គាំទ្រ​បន្ត​រហូតដល់​ថ្នាក់​ឧត្តម​សិក្សា​ ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ការ​ស្វែងរក​ការងារ​ធ្វើ​ ​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ផងដែរ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា