សាលារៀន​សហគមន៍​២១ ​ពង្រឹង​ជំនាញ​ឌីជីថល​ដល់​សិស្សានុសិស្ស​ ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​ បច្ចេកទេស ​និង​វិជ្ជាជីវៈ ​(​TV​ET​)​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀន​សហគមន៍​២១ ​ពង្រឹង​ជំនាញ​ឌីជីថល​ដល់​សិស្សានុសិស្ស​ ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​ បច្ចេកទេស ​និង​វិជ្ជាជីវៈ ​(​TV​ET​)​

សាលារៀន​សហគមន៍​២១ ​ពង្រឹង​ជំនាញ​ឌីជីថល​ដល់​សិស្សានុសិស្ស​ ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​ បច្ចេកទេស ​និង​វិជ្ជាជីវៈ ​(​TV​ET​)​

នា​ពេល​ថ្មី​ៗ​នេះ​ ​សាលា​រៀន​សហគមន៍​២១​ ​បាន​រៀបចំ​វគ្គ​ចែក​រំលែក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជូន​ដល់​សិស្សា​នុសិស្ស​របស់​សាលា​។ វគ្គ​នេះ​ជា​ការ​ផ្តល់​ជូន​បន្ថែម​ ​ក្រៅ​ពី​កម្មវិធី​សិក្សា​ ​និង​សេវាកម្ម​ដែល​សាលា​មាន​ស្រាប់ ​ក្នុង​គោលបំណង​បំពាក់​បំប៉ន​សិស្សានុសិស្ស​នូវ​ជំនាញ​ឌីជីថល ​ដែល​ចាំបាច់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ​និង​អនាគត​របស់​ពួក​គេ​។

​ក្នុង​សម័យ​ឌីជីថល​បច្ចុប្បន្ន​ ​ជំនាញ​ថត​រូប ​ថត​វីដេអូ ​និង​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម ​មិន​មែន​សម្រាប់​តែ​អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត​ទេ​។ ​វា​បាន​ក្លាយជា​ជំនាញ​ជាក់ស្តែង​ដែល​មនុស្ស​គ្រប់​គ្នា​ ​អាច​យក​ទៅ​ប្រើប្រាស់​បាន​។

​តាមរយៈ​វគ្គ​នេះ​ ​សិស្សា​នុសិស្ស​អាច​យក​ចំណេះដឹង​ដែល​ទទួល​បាន​ ​ទៅ​ជួយ​ផ្សព្វផ្សាយ​អាជីវកម្ម ​របស់​ឪពុក​ម្តាយ ​ឬ​ប្រើប្រាស់​សម្រាប់​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​នៅក្នុង​សហគមន៍​របស់​ខ្លួន​។ ​ជំនាញ​ទាំងនេះ​ ​អាច​ជួយ​ឱ្យ​មុខរបរ​គ្រួសារ​ ​និង​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ ​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ តាមរយៈ​បណ្តាញ​សង្គម​។

​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​(​TV​ET​) ​ផងដែរ​។ TV​ET ​គឺជា​គោលដៅ​ស្នូល​របស់​សាលារៀន​សហគមន៍​២១ ​ដែល​ចង់ឱ្យ​សិស្សានុសិស្ស​មិន​ត្រឹមតែ​ទទួល​បាន​ចំណេះដឹង​ក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ ​ប៉ុន្តែ​ថែមទាំង​មាន​ជំនាញ​ជាក់ស្តែង​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាម​ៗ​។ ​គោល​ដៅ​នេះ​ស្រប​តាម​បាវចនា​របស់​សាលា​ ​«​អភិវឌ្ឍ​អ្នក​ដឹកនាំ​ជំនាន់​ថ្មី​សម្រាប់​សហគមន៍​អ្នក​» ពោល​គឺ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ​ដែល​មកពី​សហគមន៍​ ​និង​ត្រឡប់​ទៅ​អភិវឌ្ឍ​សហគមន៍​ដោយ​ខ្លួនឯង​វិញ​។

​គួរ​បញ្ជាក់​ថា​ ​សាលារៀន​សហគមន៍​២១​ ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ ​ឯកឧត្តម​ ប៉ិច បូឡែន ​អគ្គ​នាយក​ ​ក្រុមហ៊ុន​ វេសឡាញ ​អេឌ្យូ​ខេសិន ​គ្រុប​ ​ក្នុង​គោលបំណង​ផ្តល់​សេវាកម្ម​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​តាម​ស្តង់ដារ​គុណភាព​អប់រំ​ជាតិ​ ក្នុង​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ​។​

​សាលា​មាន​ចក្ខុ​វិស័យ​ក្លាយជា​សាលារៀន​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ទូទាំង​ប្រទេស​ ​លើ​គុណភាព​ ​និង​វិសាលភាព​អប់រំ​ ​ការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍​ ​និង​ការ​អភិវឌ្ឍ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ ​ប្រកបដោយ​គុណ​តម្លៃ​ ក្រម​សីលធម៌ ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។

​បច្ចុប្បន្ន​ ​សាលា​ផ្តល់​កម្មវិធី​សិក្សា​ចាប់​ពី​ការ​ថែទាំ​កុមារ​តូច​អាយុ​ ​១៨​ខែ​ ​មត្តេយ្យសិក្សា​ ​បឋម​សិក្សា​ភាសា​ខ្មែរ​ ​និង​ភាសា​អង់គ្លេស ​រហូត​ដល់​ថ្នាក់​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង ​ថ្នាក់​កុំព្យូទ័រ​ ភាសា​ចិន ​និង​ថ្នាក់​គួរ​ពិសេស​បំប៉ន​ភាសា​ខ្មែរ​ ​និង​គណិតវិទ្យា​។ ​ក្រៅ​ពី​ការ​សិក្សា​ក្នុង​ថ្នាក់​ សិស្សា​នុសិស្ស​ក៏​បាន​ចូលរួម​សកម្មភាព​ជា​ច្រើន​ ដូច​ជា​ ​ទស្សន​កិច្ច​សិក្សា​ ​ការ​ដាំដុះ​ ការ​ចែក​រំលែក​ចំណេះដឹង​ ​សកម្មភាព​កីឡា​ ​និង​ដំណើរ​សិក្សា​នៅ​ក្រៅ​ប្រទេស​ផងដែរ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា