កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ជំរុញយុវជន កម្ពុជា-ចិន ផ្លាស់ប្ដូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ជំរុញយុវជន កម្ពុជា-ចិន ផ្លាស់ប្ដូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយ

កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ជំរុញយុវជន កម្ពុជា-ចិន ផ្លាស់ប្ដូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយ

កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) ក្នុង​ឆ្នាំ២០២៦នេះ បានរៀបចំឡើងក្រោមប្រធានបទ “កម្ពុជាសហសម័យក្នុងទេសភាពសកលដែលកំពុងផ្លាស់ប្តូរ”។ កិច្ចសន្ទនានេះ បានរួមចំណែកជំរុញឱ្យយុវជនកម្ពុជា-ចិន ផ្លាស់ប្តូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយប្រកបដោយសក្ដានុពលនាពេលអនាគត។

Advertisement

ក្នុងឱកាសថ្លែងសុន្ទរកថាបិទ កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) មានប្រសាសន៍ថា​ កិច្ចពិភាក្សានេះ ជាចលករដ៏សំខាន់ក្នុងការតភ្ជាប់ថ្នាក់ដឹកនាំវ័យក្មេង ជំរុញការផ្លាស់ប្ដូរយុវជន វប្បធម៌ និងការស្រាវជ្រាវ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF)

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក៏បានផ្ដល់នូវទស្សនទានជាយុទ្ធសាស្ត្រ ដោយផ្ដោតលើការប្រកាន់ខ្ជាប់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការបន្តវិនិយោគលើសក្ដានុពលយុវជន ការអប់រំ និងការស្រាវជ្រាវ ការបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយម កិច្ចសហប្រតិបត្តិការតំបន់ និងការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន។

ឯកឧត្តម សុខ សូកេន ជឿជាក់ថា វេទិកានេះ នឹងបន្តរីកលូតលាស់ជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការផ្លាស់ប្ដូរចំណេះដឹង បណ្ដុះស្មារតីទទួលខុសត្រូវរួម និងពង្រឹងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែស្ថិតស្ថេរនិងមានផ្លែផ្កាគួរជាទីមោទនៈតទៅអនាគត។

នៅក្នុងកិច្ចពិភាក្សា​ដែល​មាន​ការ​ចូលរួមពីអ្នកសិក្សាស្រាវជ្រាវ និង​អ្នកជំនាញ បានជជែកពីគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការចូលរួមរបស់យុវជន និងផលប៉ះពាល់នៃការផ្លាស់ប្តូរសកលលើប្រទេសកម្ពុជា និងសកល។ លើសពីនេះ សារៈសំខាន់នៃភាពអាចសម្របខ្លួនជាយុទ្ធសាស្ត្រ កិច្ចសហការស្ថាប័នកាន់តែរឹងមាំ និងកិច្ចសន្ទនាសិក្សា និងគោលនយោបាយកាន់តែប្រសើរឡើងក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិដែលកំពុងលេចចេញជារូបរាង ក៏​ត្រូវ​បាន​ពិភាក្សា​ផងដែរ។

កញ្ញា ម៉េង សុខឃីម ជាសិស្សមកពីសាលា CamAsean លើកឡើងថា​ កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ គឺជាកម្មវិធីដ៏ល្អមួយដែលយុវជនគ្រប់រូបអាចចូលរួមស្វែងយល់ពីវិស័យការទូត ឬទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយផ្សេងៗក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិដែលកំពុងកើតឡើង។

គួរ​ជំរាបជូនថា កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ត្រូវ​រៀបចំដោយអង្គការផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (CD-Center) និងទស្សនាវដ្តីពិភពលោកសហសម័យ ព្រមទាំង​មាន​ការ​ចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ អ្នកអនុវត្តការអភិវឌ្ឍន៍ និងតំណាងយុវជន ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីវិវត្តរបស់កម្ពុជាក្នុងទិដ្ឋភាពតំបន់ និងពិភពលោក៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា