អាជីព​សន្តិសុខ​សាយ​ប័រ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ​៖ ​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​លើកទឹកចិត្ត​ឱ្យ​យុវជន​សម័យ​ឌីជីថល​ចាប់​យក​ឱកាស​នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជីព​សន្តិសុខ​សាយ​ប័រ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ​៖ ​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​លើកទឹកចិត្ត​ឱ្យ​យុវជន​សម័យ​ឌីជីថល​ចាប់​យក​ឱកាស​នេះ​

អាជីព​សន្តិសុខ​សាយ​ប័រ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ​៖ ​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​លើកទឹកចិត្ត​ឱ្យ​យុវជន​សម័យ​ឌីជីថល​ចាប់​យក​ឱកាស​នេះ​

​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​លើកឡើង​ថា​ ​អាជីព​សន្តិសុខ​សាយ​ប័រ ​(​Cybersecurity​) ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។ ​ឯកឧត្តម​លើកទឹកចិត្ត​ឱ្យ​យុវជន​សម័យ​ឌីជីថល​ចាប់​យក​ឱកាស​នេះ​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល។

​ក្នុង​ពិធី​បើក​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​២០២៦​ កាលពី​ថ្ងៃសៅរ៍​ (​១៥​ ​សីហា​) ​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​មានប្រសាសន៍​ថា​ បច្ចុប្បន្ន ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​ដែល​ជា​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​គោល​។ ​ទន្ទឹម​គ្នា​នេះ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​បាន​បង្កើន​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​បាន​ឈានដល់​ ​៩៥​% ​នៃ​សេវា​គ្របដណ្ដប់​ប្រជាជន​ទូទាំង​ប្រទេស​ ​ហើយ​គ្រោង​នឹង​សម្រេច​ឱ្យ​បាន​ ​១០០​% ​នៅ​ត្រឹម​ឆ្នាំ​២០៣០។​

​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​លើកឡើង​ថា​ ​ទោះបីជា​មាន​គោលនយោបាយ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​ល្អ​យ៉ាងណា​ក៏ដោយ​ ​ប្រសិនបើ​គ្មាន​សុវត្ថិភាព​ ​នោះ​នឹង​ក្លាយជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​។ ​ក្នុង​នោះ​ ​គ្រប់​ឧបករណ៍​ ​ប្រព័ន្ធ​ ​និង​បច្ចេកវិទ្យា​ឌីជីថល​ទាំងអស់​ ​រួមទាំង​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​សុទ្ធតែ​ត្រូវការ​សន្តិសុខ​សាយ​ប័រ ​ដើម្បី​កសាង​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ ​និង​ធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថល​កម្ពុជា​មាន​ភាព​ធន់​ ​និង​អាច​ទុកចិត្ត​បាន។​

​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​បញ្ជាក់​ថា​ ​សន្តិសុខ​សាយ​ប័រ ​(​Cybersecurity​) ​គឺជា​បច្ចេកវិទ្យា​គន្លឹះ​ដែល​ជួយ​គាំទ្រ​ទៅដល់​ការ​កសាង​ទំនុកចិត្ត​ទៅដល់​អ្នកប្រើប្រាស់​ ​ដើម្បីឱ្យ​អ្នកប្រើប្រាស់​ប្រកបដោយ​ការ​ជឿទុកចិត្ត​ ​និង​ធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថល​កម្ពុជា​ ​មាន​ភាព​ធន់​ ​និង​អាច​ទុកចិត្ត​បាន។​

​ពាក់ព័ន្ធ​នឹង​ឱកាស​ការងារ​ ​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​គូសបញ្ជាក់​ថា​ ​អាជីព​ជា​អ្នកជំនាញ​សន្តិសុខ​សាយ​ប័រ ​មិន​ត្រឹមតែ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ទទួលបាន​ប្រាក់​ខែ​ខ្ពស់​ និង​មាន​អនាគត​ល្អ​ទៀតផង​។ ​ជាពិសេស​ ​នៅពេល​ខាងមុខ​ រាជ​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​ច្បាប់​ស្ដីពី​សន្តិសុខ​សាយ​ប័រ ​ដែល​នឹង​ធ្វើឱ្យ​តម្រូវការ​អ្នកជំនាញ​លើ​វិស័យ​នេះ​កាន់តែ​ស្ទុះ​ឡើង​ថែម​ទៀត។​

“​ខ្ញុំ​គិត​ថា​សម្រាប់​ជា​អាជីព​ជំនាញ​សន្តិសុខ​សាយ​ប័រ ​គឺ​មាន​តម្រូវការ​ច្រើន​ណាស់​ ​ហើយក៏​ទទួលបាន​ប្រាក់​ខែ​ខ្ពស់​ ​គឺ​អាជីព​មួយ​ដែល​មាន​អនាគត​ល្អ​”

​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​យុវជន​សម័យ​ឌីជីថល​ទាំងអស់​ ត្រូវ​ត្រៀមខ្លួន​ទុក​មុន​ ​និង​ដើរ​ឱ្យ​បាន​មុន​គេ​ តាមរយៈ​ការ​ជ្រើសរើស​រៀន​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​ ​ជា​ជំនាញ​កូដ ​(​Coding​) ​ឬ​បន្ថែម​លើ​ជំនាញ​សន្តិសុខ​សាយ​ប័រ ​ដែល​ជា​ជំនាញ​មួយ​ដ៏​ល្អ​។ ​ឯកឧត្តម​គាំទ្រ ​និង​លើកទឹកចិត្ត​ឱ្យ​យុវជន​បន្ត​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត​ ​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា ​ដោយ​មាន​ការ​ទទួលខុសត្រូវ​ និង​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់។​

​បើ​តាម​ ​ឯកឧត្តម​ ​សំ ​សិទ្ធិ​សេរី ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​និង​កំពុង​អនុវត្ត​សកម្មភាព​ជាច្រើន​ ​រួមទាំង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ ​និង​បញ្ញា​សិប្បនិម្មិត​ ​និង​សេចក្តីព្រាង​ច្បាប់​ស្ដីពី​សន្តិសុខ​សាយ​ប័រ​។ ​បច្ចុប្បន្ន​ ​ក្រសួង​មាន​អ្នកជំនាញ​សន្តិសុខ​សាយ​ប័រ​ចំនួន​ ​៥១​ ​នាក់​ និង​អ្នកជំនាញ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ប្រមាណ​ ​៨០​ ​នាក់​ ​ដែល​កំពុង​បំពេញ​ភារកិច្ច​ ​និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ឌីជីថល​នៅ​កម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា