ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងឆ្នាំនេះ មន្ត្រីអំពាវនាវឱ្យ​អាណាព្យាបាលចូលរួមទប់ស្កាត់ និងយកចិត្តទុកដាក់​ការពារកុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងឆ្នាំនេះ មន្ត្រីអំពាវនាវឱ្យ​អាណាព្យាបាលចូលរួមទប់ស្កាត់ និងយកចិត្តទុកដាក់​ការពារកុមារ

ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងឆ្នាំនេះ មន្ត្រីអំពាវនាវឱ្យ​អាណាព្យាបាលចូលរួមទប់ស្កាត់ និងយកចិត្តទុកដាក់​ការពារកុមារ

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បាន​ឱ្យដឹងថា ត្រឹមមួយខែសីហា ឆ្នាំ២០២៦ កុមារកើតជំងឺគ្រុនឈាម ចំនួន ៩ ៦៣១នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺកើនឡើងចំនួន ២១៥% បើធៀបនឹងខែសីហា ឆ្នាំ២០២៥ ដែលមានចំនួន តែ៣ ០៥២នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្ននេះ ស្ថានភាពជំងឺគ្រុនឈាមកំពុងស្ថិតនៅក្នុងការតាមដាន និងគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត ព្រមទាំងមានអន្តរាគមន៍ឆ្លើយតបយ៉ាងសស្រាក់សស្រាំទូទាំងប្រទេសប្រកបដោយបុរេសកម្ម។

លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ថា អត្រាស្លាប់របស់អ្នកជំងឺគ្រុនឈាមត្រូវបានគ្រប់គ្រងយ៉ាងល្អ ១០០% ពីព្រោះរាល់អ្នកជំងឺបានមកទទួលសេវាត្រឹមត្រូវទាន់ពេលវេលា។

តែយ៉ាងណា ក្នុងស្ថានភាពនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាល ត្រូវចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា និងយកចិត្តទុកដាក់ការពារកុមារ ដោយបោសសម្អាតជុំវិញផ្ទះ ជីកកប់ឬដុតវត្ថុដក់ទឹក និងដាក់ថ្នាំអាបែត ឬចិញ្ចឹមត្រីក្នុងពាង ឱ្យកូនៗស្លៀកពាក់ជិតៗ ត្រូវសម្រាកនៅក្នុងមុងជានិច្ច។

កុមារដែលកើតជំងឺគ្រុនឈាម មានអាការៈ ក្តៅខ្លួនខ្លាំងរយៈពេល ២ ទៅ ៧ថ្ងៃ មានកន្ទួលក្រហម ឬជាំនៅលើស្បែក សន្លឹមដេក ថ្លើមរីកធំ ហើយឈឺ អាចមានហូរឈាមច្រមុះ អញ្ចាញធ្មេញ ក្អួតឈាម ជុះឈាម ហើយដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺអាចមាន ជីពចរ និង សម្ពាធឈាមខ្សោយ។

ក្រសួងសុខាភិបាលបានណែនាំឱ្យឪពុកម្តាយ ប្រសិនមានកុមារក្តៅខ្លួនខ្លាំង សូមកុំផ្សំថ្នាំលេបដោយខ្លួនឯងដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ ជាពិសេសជៀសវាងការប្រើថ្នាំអាស្ពីរីន ឬអាយប៊ុយប្រូហ្វែន ពីព្រោះថ្នាំទាំងនេះ អាចបង្កើនហានិភ័យនៃការហូរឈាម។ ត្រូវនាំកុមារទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺគ្រុនឈាម ដើម្បីបង្ការផលវិបាកធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់។

អំឡុងកុមារក្តៅខ្លួនខ្លាំង គឺត្រូវស្លៀកសម្លៀកបំពាក់ស្តើងៗឱ្យកុមារ ឬដោះខោអាវចេញ ជូតកុមារនឹងទឹកក្តៅខណ្ហៗ និងឱ្យកុមារញ៉ាំទឹកឱ្យបានច្រើន៕

អត្ថបទ ៖ សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា