នាយិការង​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ​៖ ​"​នៅ​ពេល​ដែល​បរាជ័យ​ ​សូម​កុំ​ប្តូរ​គោលដៅ​ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​"​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយិការង​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ​៖ ​"​នៅ​ពេល​ដែល​បរាជ័យ​ ​សូម​កុំ​ប្តូរ​គោលដៅ​ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​"​

នាយិការង​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ​៖ ​"​នៅ​ពេល​ដែល​បរាជ័យ​ ​សូម​កុំ​ប្តូរ​គោលដៅ​ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​"​

​«​នៅ​ពេល​ដែល​បរាជ័យ​ ​សូម​កុំ​ប្តូរ​គោលដៅ​ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​», ​នេះ​ជា​ការ​លើកឡើង​របស់​ លោកស្រី​ ​ទិត ​ស្រី​ល័ង​ នាយិការង​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ស្ថិត​ក្នុង​ស្រុក​កង​មាស ​ខេត្ត​កំពង់ចាម​ ក្នុង​ឱកាស​ចែករំលែក​បទពិសោធ​ជោគជ័យ​ នៃ​ការ​ដឹកនាំ​សាលា​រហូត​ទទួលបាន​ពានរង្វាន់​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​។​

Advertisement

នៅក្នុង​អង្គ​សិក្ខាសាលា​នោះ​ លោកស្រី​ ​ទិត ​ស្រី​ល័ង​ ​បាន​ធ្វើ​បទបង្ហាញ​ទី​៤​ ​ស្តីពី​ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​អង្គភាព​ ​ដែល​ជា​លក្ខណៈ​វិនិច្ឆ័យ​ទី​៣​ ​នៃ​ការ​វាយតម្លៃ​។

​គន្លឹះ​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​

​នៅក្នុង​បទបង្ហាញ​ លោកស្រី​នាយិការង​បាន​លាតត្រដាង​ពី​សាវតា ​ស្ថានភាព​ទូទៅ​ ​និង​ចំណុច​ខ្លាំង​របស់​សាលា​បឋមសិក្សា​ថ្លុក​ជ្រៅ​។ ​លោកស្រី​បាន​គូស​រំលេច​ថា​ ​ទម្រាំ​ទទួលបាន​ជ័យលាភី​ក្នុង​ការ​ប្រកួតប្រជែង​កម្រិត​ជាតិ​ដ៏​ស្វិតស្វាញ​នេះ​ ​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ឆ្លងកាត់​ការ​អនុវត្ត​ ​និង​ការ​សាកល្បង​ជាច្រើន​ ​ដែល​ជារឿយ​ៗ​មិន​ប្រាកដ​ថា​គោលដៅ​ដែល​កំណត់​ទុក​នឹង​ជោគជ័យ​ភ្លាម​ៗ​នោះ​ឡើយ​។ ​អ្វី​ដែល​សំខាន់​ ​គឺ​ការ​មិន​បោះបង់ចោល​គោលដៅ​ ​ប៉ុន្តែ​ត្រូវ​បត់បែន​ស្វែងរក​វិធីសាស្ត្រ​ ​និង​យុទ្ធសាស្ត្រ​ថ្មី​ៗ​មក​ជំនួស​វិញ​។​

លោកស្រី ទិត ស្រីល័ង នាយិការងសាលាបឋមសិក្សា ថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម

​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​សាលារៀន​

​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ថវិកា ​លោកស្រី​ ​ទិត ​ស្រី​ល័ង​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​រៀបចំ​ផែនការ​ ការ​អនុវត្ត​ថវិកា ​ការ​ត្រួតពិនិត្យ​ ​និង​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ព្រមទាំង​សមិទ្ធកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ទាន់​ពេល​វេលា​។ ​ការ​អនុវត្ត​បាន​ល្អ​នូវ​លក្ខណៈ​វិនិច្ឆ័យ​ហិរញ្ញវត្ថុ​នេះ​ ​នឹង​ជួយ​បង្កើន​ស្វ័យ​ភាព​ក្នុង​ការ​គ្រប់គ្រង​សាលារៀន​សាធារណៈ​ ​ព្រមទាំង​ពង្រឹង​គណនេយ្យភាព​លើ​ការ​គ្រប់គ្រង​ថវិកា​ឱ្យ​មាន​តម្លាភាព​ខ្ពស់​។ ​ជាមួយគ្នា​នេះ​ វា​ក៏​ជួយ​ឱ្យ​សាលារៀន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​គ្រប់គ្រង​ ​ស្រប​តាម​គោលការណ៍​ស្នូល​នៃ​អភិបាលកិច្ច​ល្អ​ ​និង​ធានា​បាន​នូវ​ភាព​ឆ្លើយតប​ទៅនឹង​សមិទ្ធផល​សិក្សា​របស់​សិស្សានុសិស្ស​ផ្ទាល់​ផងដែរ​។​

​លើស​ពី​ការ​អនុវត្តន៍​ការងារ​ឱ្យ​ស្រប​តាម​ផែនការ​ ​គឺ​ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ និង​សហការ​ល្អ​ជាមួយ​មាតាបិតា​ ​សហគមន៍​ ​អាជ្ញាធរ​ សប្បុរស​ជនជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​បង្កើន​គុណ​ផល​សិក្សា​ ​និង​អភិវឌ្ឍ​បរិស្ថាន​សិក្សា​ ​។ ​ទន្ទឹម​នោះ​ ​សិស្ស​មាន​វិន័យ​ សីលធម៌​ ​សុខភាព​ ​គុណភាព​ ​ភាព​ច្នៃប្រឌិត​, ​បុគ្គលិក​អប់រំ ​និង​សិស្ស ​ត្រូវ​សាមគ្គីភាព​ យោគយល់​ ​អធ្យាស្រ័យ​ និង​គាំទ្រ​សហការ​គ្នា​ក្នុង​ការ​បំពេញការងារ​ ​ជំនាញ​ ​ការ​ប្រើប្រាស់​ភាសា ​បច្ចេកវិទ្យា​ស្រប​ទៅនឹង​ការ​អប់រំ​សតវត្សរ៍​ទី​២១​ ​ជាពិសេស​ បរិស្ថាន​សាលារៀន​ស្អាត​ ​គ្មាន​សំរាម ​ផាសុកភាព​ សោភ័ណភាព​ ​និង​សុវត្ថិភាព​។​

​ការ​ចែករំលែក​បទពិសោធ​ពី​បណ្តាសាលា​គំរូ​

​គួរ​ជម្រាប​ជូន​ផងដែរ​ថា​ ​នៅក្នុង​សិក្ខាសាលា​នោះ​ ​មាន​គណៈ​គ្រប់គ្រង​សាលា​បឋមសិក្សា​ចំនួន​ ​៥​ ​ដែល​ជា​ជ័យលាភី ​បាន​មក​ចូលរួម​ចែករំលែក​បទពិសោធ​លើ​ប្រធានបទ​ផ្សេង​ៗ​គ្នា​ ​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​វាយតម្លៃ​។​ ក្នុង​នោះ​ ​សាលា​បឋមសិក្សា​ ហ៊ុន ​សែន ​មិត្តភាព​ ​បាន​ធ្វើ​បទបង្ហាញ​លើ​ស្តង់ដា ​ឬ​និយាម​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ក្នុង​វិស័យ​អប់រំ ​ខណៈ​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ​ផ្ដោត​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ​ដោយឡែក​ សាលា​បឋមសិក្សា​ ​ក្រវ៉ាន់ ​បាន​ចែករំលែក​លើ​ការ​គ្រប់គ្រង​ ​និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​អង្គភាព​ ​ហើយ​សាលា​បឋមសិក្សា​ ​ស្វាយ​ជ្រំ ​ធ្វើ​បទបង្ហាញ​លើ​ការ​រៀបចំ​ និង​កែលម្អ​បរិស្ថាន​អង្គភាព​។ ​សម្រាប់​សាលា​បឋមសិក្សា​ ​សម្តេច​ ​ជា ​ស៊ីម ​វិញ​ ​បាន​ធ្វើ​បទបង្ហាញ​លើ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ សហគមន៍​ ​ដៃគូ​អភិវឌ្ឍ​ ​ការ​វាយតម្លៃ​ពី​អ្នកប្រើប្រាស់​សេវា​ ​និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​។​

​បទពិសោធន៍​ ​និង​វិធីសាស្ត្រ​ល្អ​ៗ​ដែល​បាន​ចែករំលែក​ក្នុង​សិក្ខាសាលា​នេះ​ ​គឺជា​ទុន​ដ៏​មាន​តម្លៃ​សម្រាប់​សាលារៀន​ដទៃ​ទៀត​ យក​ទៅ​អនុវត្ត​តាម​ ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ ​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា