ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបរិវត្តកម្មឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ សាលា Hertie School ដែលជាគ្រឹះស្ថានអប់រំផ្នែកគោលនយោបាយសាធារណៈលំដាប់ខ្ពស់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល (Digital Governance Scholarship)» សម្រាប់ឆ្នាំសិក្សាថ្មី ដោយបើកទូលាយដល់និស្សិតអន្តរជាតិ រួមទាំងនិស្សិតកម្ពុជាផងដែរ។

កម្មវិធីអាហារូបករណ៍នេះ ផ្តោតជាពិសេសលើនិស្សិតដែលចុះឈ្មោះចូលរៀនក្នុងកម្មវិធី អនុបណ្ឌិតគោលនយោបាយសាធារណៈ (Master of Public Policy – MPP) និងមានចំណាប់អារម្មណ៍ស្រាវជ្រាវស៊ីជម្រៅលើបញ្ហាប្រឈមនៃយុគសម័យឌីជីថល ដូចជា អភិបាលកិច្ច AI, ស្វ័យប្រវត្តិកម្ម, សន្តិសុខនិងការគ្រប់គ្រងទិន្នន័យឯកជនភាព ព្រមទាំងយន្តការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

អត្ថប្រយោជន៍ និងទំហំអាហារូបករណ៍

ចំនួនអាហារូបករណ៍៖ ផ្ដល់ជូនយ៉ាងតិចចំនួន ២ កន្លែង (អាហារូបករណ៍ពេញលេញ – Full Scholarship)។
តម្លៃអាហារូបករណ៍៖ ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ៣៩,៥០០ អឺរ៉ូ ក្នុងមួយកន្លែង។
ឱកាសពិសេសបន្ថែម៖ បេក្ខជនជ័យលាភី ក៏មានសិទ្ធិទទួលបានអាហារូបករណ៍បន្ថែមពី TSH Talent Foundation Changemaker ដែលរួមមានការស្នាក់នៅរយៈពេល ១ ឆ្នាំពេញនៅ The Social Hub ការប្រឹក្សានិងបង្វឹកសមត្ថភាពផ្ទាល់ខ្លួន (Mentorship & Coaching) និងឱកាសកសាងបណ្ដាញទំនាក់ទំនងក្នុងសហគមន៍អន្តរជាតិ។

លក្ខខណ្ឌ និងដំណើរការនៃការដាក់ពាក្យ

ដំណើរការជ្រើសរើសត្រូវបានបែងចែកជាពីរដំណាក់កាលច្បាស់លាស់៖

  1. ដំណាក់កាលទី១ (ដាក់ពាក្យចូលរៀន)៖ បេក្ខជនត្រូវបំពេញពាក្យស្នើសុំចូលរៀនទូទៅក្នុងកម្មវិធី MPP របស់សាលា Hertie ជាមុនសិន។
  2. ដំណាក់កាលទី២ (ដាក់ពាក្យអាហារូបករណ៍)៖ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងទទួលបានលិខិតផ្ដល់សិទ្ធិចូលរៀន (Admission Offer) បេក្ខជននឹងទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធស្នើសុំអាហារូបករណ៍។
  3. ការសរសេរអត្ថបទ (Personal Statement)៖ បេក្ខជនត្រូវដាក់ពាក្យសុំអាហារូបករណ៍ក្នុងអំឡុងពេល ២ សប្តាហ៍ ក្រោយទទួលបានសិទ្ធិ ដោយភ្ជាប់មកជាមួយនូវអត្ថបទបង្ហាញពីគោលបំណងផ្ទាល់ខ្លួនប្រវែង ១ ទំព័រ ពន្យល់ពីចំណាប់អារម្មណ៍លើវិស័យឌីជីថលូបនីយកម្ម និងរបៀបដែលការសិក្សានៅ Hertie ជួយជម្រុញគោលដៅអនាគត។
  4. ការសម្ភាសន៍៖ បេក្ខជនដែលជាប់បញ្ជីសម្រាំង (Shortlist) នឹងត្រូវចូលរួមសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការសាស្រ្តាចារ្យ។

កាលបរិច្ឆេទសំខាន់ៗ

ថ្ងៃទី ០១ ខែធ្នូ៖ សម្រាប់បេក្ខជនដែលដាក់ពាក្យដំណាក់កាលដំបូង (Early Application)។
ថ្ងៃទី ១៥ ខែមករា៖ ថ្ងៃផុតកំណត់អាទិភាពសម្រាប់បេក្ខជនក្រៅសហភាពអឺរ៉ុប/តំបន់សេដ្ឋកិច្ចអឺរ៉ុប (Non-EU/EEA) រួមទាំងកម្ពុជា។
ថ្ងៃទី ១៥ ខែកុម្ភៈ៖ ថ្ងៃផុតកំណត់សម្រាប់បេក្ខជនក្នុងសហភាពអឺរ៉ុប (EU/EEA)។

សម្គាល់៖ បេក្ខជនម្នាក់មានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ពេញលេញបានតែមួយគត់ក្នុងមួយឆ្នាំសិក្សា។ ព័ត៌មានលម្អិត និងការបំពេញបែបបទ សូមចូលទៅកាន់គេហទំព័រផ្លូវការ ៖ [Hertie School Digital Governance Scholarship]៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា