ជំនាញ​ទីផ្សារ​ឌីជីថល ​៖​ ​ជម្រើស​សិក្សា​ ​ឆ្លើយតប​ទីផ្សារ​ការងារ​ និង​ឱកាស​ទទួលបាន​ប្រាក់​ចំណូល​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនាញ​ទីផ្សារ​ឌីជីថល ​៖​ ​ជម្រើស​សិក្សា​ ​ឆ្លើយតប​ទីផ្សារ​ការងារ​ និង​ឱកាស​ទទួលបាន​ប្រាក់​ចំណូល​ខ្ពស់​

ជំនាញ​ទីផ្សារ​ឌីជីថល ​៖​ ​ជម្រើស​សិក្សា​ ​ឆ្លើយតប​ទីផ្សារ​ការងារ​ និង​ឱកាស​ទទួលបាន​ប្រាក់​ចំណូល​ខ្ពស់​

​ជំនាញ​ ​Digital​ ​Marketing​ ​គឺជា​ជំនាញ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ទាក់ទង​ទីផ្សារ​ ប្រម៉ូត​ផលិតផល​ ​ឬ​ម៉ាក​យីហោ​នានា​ដោយ​ប្រើប្រាស់​នូវ​ថ្នាល​ឌីជីថល ​ឬ​ហៅ​ថា​ ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​។​ បច្ចុប្បន្ន​ ​កំណើន​នៃ​អ្នកប្រើប្រាស់​ថ្នាល​ឌីជីថល ​ក៏​ដូចជា​ក្រុមហ៊ុន​អនឡាញ ​បាន​និង​កំពុង​មាន​ការ​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ក្រុមហ៊ុន​ទាំងនោះ​បាន​ងាក​មក​ប្រើប្រាស់​ថ្នាល​ឌីជីថល ​ដើម្បី​ប្រាស្រ័យទាក់ទង​ ​និង​លក់​ផលិតផល​របស់​ខ្លួន។​

​លោក​ ងួន​ លក្ខណៈ​ ​ប្រធាន​ដេប៉ាតឺ​ម៉ង​ទីផ្សារ​ នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ ​(​NIB​) ​បាន​លើកឡើង​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ប្រសិនបើ​សិស្ស​ និស្សិត​ ​ធ្វើ​ការ​ជ្រើសរើស​យក​ជំនាញ​ទីផ្សារ​ឌីជីថល​ មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​គឺជា​ឱកាស​នៅក្នុង​ការ​ទទួលបាន​ការងារ​មួយ​ដែល​ល្អ ​ក៏​ដូចជា​ទទួលបាន​នូវ​ប្រាក់​បៀវត្ស​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ ​ព្រោះ​ឥឡូវនេះ​ក្រុមហ៊ុន​នីមួយ​ៗ​សុទ្ធសឹងតែ​មាន​តម្រូវការ​ទៅ​លើ​កម្លាំង​ពលកម្ម​ទៅលើ​ជំនាញ​ទីផ្សារ​ឌីជីថល។​

​បើ​តាម​លោក​ ងួន​ លក្ខណៈ​ ​ការ​សិក្សា​ជំនាញ​ទីផ្សារ​ឌីជីថល ​នៅ​សាលា​គេ​បាន​រៀបចំ​កម្មវិធី​សិក្សា​ដោយ​រួមបញ្ចូល​គ្នា​រវាង​មុខវិជ្ជា​សម្រាប់​ជំនាញ​ទីផ្សារ​បែប​ប្រពៃណី​ផង​ ការ​ប្រើប្រាស់​កុំព្យូទ័រ​ផង​ ហើយ​បូក​ជាមួយ​ជំនាញ​បច្ចេកទេស​នៅក្នុង​វិស័យ​ឌីជីថល​។ ​បន្ថែម​ពី​នេះ​ ​ក៏​នៅ​មាន​ការ​បូក​បញ្ចូល​ការ​សិក្សា​មេរៀន​ជាច្រើន​ផ្សេងទៀត​រួមមាន​ ​ការ​គ្រប់គ្រង​ការ​លក់​ ​ឥរិយាបទ​អ្នកប្រើប្រាស់​ ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារ​ផ្សេង​ៗ​ ​ប៉ុន្តែ​ជា​សំខាន់​ ​គឺ​ផ្តោត​ទៅលើ​ការ​បញ្ចូល​ធាតុ​សំខាន់​នៅក្នុង​ទីផ្សារ​ឌីជីថល​។

«​កាលពី​មុន​ ​ការ​ធ្វើ​ទីផ្សារ​ ​គឺ​តាម​បែប​ប្រពៃណី​ ​ដូចជា​តាម​ វិទ្យុ ​ទូរទស្សន៍​ ​ឬក៏​តាម​បែប​ទម្រង់​ផ្សេង​ៗ​ជាច្រើន​ផ្សេង​ទៀត​ ​ប៉ុន្តែ​បច្ចុប្បន្ន​យើង​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ​មក​រក​ការ​ផ្សព្វផ្សាយ​ថ្នាល​ឌីជីថល ​ដូច​នៅ​កម្ពុជា​បច្ចុប្បន្ន​មនុស្ស​ជាច្រើន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ ​TikTok​ ​, ​Facebook​ ​, ​YouTube​ ​ឬ​ ​Instagram​ ​ជាដើម​ ​ដូច្នេះ​ការ​រៀបចំ​មេរៀន​ដើម្បី​បណ្ដុះបណ្ដាល​និស្សិត​ចាំបាច់​ត្រូវតែ​ស្រប​ទៅតាម​ឧបករណ៍​ ​ឬ​ធាតុ​ដែល​មនុស្ស​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​»

​ប្រធាន​ដេប៉ាតឺ​ម៉ង​ទីផ្សារ​ រូប​នេះ​ក៏​បាន​បន្ថែម​ថា​ ​ក្នុង​ជំនាញ​ទីផ្សារ​ឌីជីថល​នេះ​ ​ការ​សិក្សា​មាន​បែងចែក​ជា​ ​៣​ កម្រិត​ ​ទី​១​ ​គឺ​វគ្គ​ខ្លី ​សិក្សា​រយៈពេល​ ​៤​ ​ខែ​ដែល​ផ្តោត​ពិសេស​ទៅលើ​ការ​លក់​អនឡាញ​, ​ទី​២​ ​សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស ​(​បរិញ្ញាបត្រ​រង​) ​សិក្សា​រយៈពេល​ ​២​ ​ឆ្នាំ​ និង​ចុងក្រោយ​កម្រិត​បរិញ្ញាបត្រ ​សិក្សា​រយៈពេល​ ​៤​ ​ឆ្នាំ​ បរិញ្ញាបត្រ​បច្ចេកទេស។​

​ជាមួយគ្នា​នេះ​ ​ចំពោះ​អ្នក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​ ​ដែល​មាន​អាយុ​ចាប់ពី​ ​១៥​ ​ឆ្នាំ​ឡើង​ទៅ​អាច​ដាក់ពាក្យ​ចូល​រៀន​សម្រាប់​វគ្គ​ខ្លី​ ​ក្រោម​កម្មវិធី​ ​TVET​ ​1.5​M​ ​ដោយ​ឥត​គិត​ថ្លៃ​ រយៈពេល​ ​៤​ ​ខែ ​សម្រាប់​ការ​សិក្សា​ពី​ច័ន្ទ​ ​ដល់​សុក្រ ​និង​រយៈពេល​ ​៨​ខែ ​សម្រាប់​ការ​សិក្សា​ចុង​សប្ដាហ៍។

​យោង​តាម​ទិន្នន័យ​សង្កេត​របស់​ក្រសួង​ការងារ​ ​ពាក់ព័ន្ធ​នឹង​ទស្សនវិស័យ​ការងារ​ ​បាន​បង្ហាញ​ថា​ ​ជំនាញ​ទីផ្សារ​ឌីជីថល ​គឺជា​ជំនាញ​ដែល​មាន​តម្រូវការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ​ក៏​ដូចជា​ទៅ​អនាគត​។ ​ក្នុង​នាម​ជា​គ្រូ​បណ្ដុះបណ្ដាល​មួយ​រូប​ លោក​ ងួន​ លក្ខណៈ​ ​រំពឹង​ថា​ ​យុវជន​នឹង​ងាក​មក​សិក្សា​ជំនាញ​នេះ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ​ដើម្បី​អាច​រៀបចំ​ខ្លួន​បាន​សមស្រប​ទៅនឹង​ទីផ្សារ​ការងារ​ជាក់ស្ដែង៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា