DMC ចាក់បញ្ចាំងភាពយន្តឯកសារ ១១រឿង ឆ្លុះបញ្ចាំងពីតថភាពសង្គម និងវប្បធម៌នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
DMC ចាក់បញ្ចាំងភាពយន្តឯកសារ ១១រឿង ឆ្លុះបញ្ចាំងពីតថភាពសង្គម និងវប្បធម៌នៅកម្ពុជា

DMC ចាក់បញ្ចាំងភាពយន្តឯកសារ ១១រឿង ឆ្លុះបញ្ចាំងពីតថភាពសង្គម និងវប្បធម៌នៅកម្ពុជា

ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីចុងសប្តាហ៍​កន្លងទៅនេះ បានចាក់បញ្ចាំងភាពយន្តឯកសារខ្លីចំនួន១១រឿង ដែលឆ្លុះបញ្ចាំងអំពីតថភាពសង្គម និងវប្បធម៌នៅកម្ពុជា ក្រោមគម្រោង «Project Three 2026»។

លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានលើកឡើងថា ស្នាដៃទាំង ១១ រឿងនេះ បានគ្របដណ្តប់លើប្រធានបទយ៉ាងទូលំទូលាយ និងមានតម្លៃសម្រាប់សង្គម។ លោកថា ប្រធានបទទាំងអស់សុទ្ធតែមានប្រយោជន៍ ដោយប្រធានបទខ្លះបាននិយាយពីការរក្សាអត្តសញ្ញាណរបស់ក្រុមជនជាតិដើមភាគតិច ហើយក្រុមខ្លះ បានសិក្សាទៅលើការថែរក្សាអត្តសញ្ញាណតាមរយៈសិល្បៈ វប្បធម៌ ក៏ដូចជានិយាយរួមអំពីការតស៊ូរបស់ក្រុមសិល្បៈដែលនៅតាមមូលដ្ឋាន។

លោក អ៊ុង ប៊ុនអ៊ី បានបន្ថែមថា គម្រោង Project Three 2026 នេះ ក៏ជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងពីកម្មវិធីសិក្សានៅ DMC​ ដែលប្រើប្រាស់កម្មវិធីសិក្សាផ្អែកលើលទ្ធផល ដោយផ្តោតសំខាន់លើលទ្ធផលជាក់ស្តែងដែលនិស្សិតអាចសម្រេចបានក្រោយបញ្ចប់ការសិក្សា និងឆ្លើយតបទៅនឹងទីផ្សារការងារ។

គួរបញ្ជាក់ផងដែរថា ភាពយន្តឯកសារខ្លីទាំង ១១ រឿងនេះ ជាផ្នែកមួយនៃកិច្ចការបញ្ចប់មុខវិជ្ជា «សារព័ត៌មានសោតទស្សន៍» និង «ការផលិតកម្មវិធីទូរទ័ស្សន៍ និងវីដេអូ» របស់និស្សិតឆ្នាំទី៣ ជំនាន់ទី២៣ ចំនួនជាង ៦០នាក់។

ក្នុងចំណោមស្នាដៃទាំងនោះ ក៏មានការចូលរួមផលិតដោយនិស្សិតផ្លាស់ប្តូរការសិក្សាចំនួន ២ រូប មកពីសាកលវិទ្យាល័យ Windesheim University of Applied Science នៃប្រទេសហូឡង់ផងដែរ។

ស្នាដៃទាំងអស់បានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីតថភាពសង្គមចម្រុះ រួមមាន សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ កីឡា បរិស្ថាន ព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ចំណងជើងភាពយន្តឯកសារទាំង ១១ រឿងរួមមាន ទី១.ទីនេះប្រៀបដូចផ្ទះ, ទី២.បុរីអូរស្វាយ, ទី៣.អ្នកបន្តវេន,​ ទី៤.ជំនោរកោះស្តេច, ទី៥.សូរថ្មីលើដែនដីចាស់, ទី៦.ភាណីស្រុកស្រែ, ទី៧.រលកសមុទ្រ, ទី៨.ដង្ហើមនៃស្បែក, ទី៩.អន្តលុន, ទី១០.មរតកខ្មុករស់ និងទី១១.តម្រាចុងក្រោយ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា