មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការបង្រៀនឱ្យសិស្សចេះត្រឹមតែទ្រឹស្ដី មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវបង្រៀនឱ្យសិស្សមានភាពវៃឆ្លាតក្នុងការត្រិះរិះពិចារណា និងសម្រេចចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការបង្រៀនឱ្យសិស្សចេះត្រឹមតែទ្រឹស្ដី មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវបង្រៀនឱ្យសិស្សមានភាពវៃឆ្លាតក្នុងការត្រិះរិះពិចារណា និងសម្រេចចិត្ត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការបង្រៀនឱ្យសិស្សចេះត្រឹមតែទ្រឹស្ដី មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវបង្រៀនឱ្យសិស្សមានភាពវៃឆ្លាតក្នុងការត្រិះរិះពិចារណា និងសម្រេចចិត្ត

ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ «គរុកោសល្យទំនើប ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ឆ្ពោះទៅ PISA» អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានមានប្រសាសន៍ថា ការបង្រៀនឱ្យសិស្សចេះត្រឹមតែទ្រឹស្ដីមិនទាន់គ្រប់គ្រាន់ទេ ចេះត្រឹមសម្រួលប្រភាគក៏មិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែត្រូវបង្រៀនឱ្យសិស្សមានភាពវ័យឆ្លាតក្នុងការត្រិះរិះពិចារណា និងសម្រេចចិត្ត។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា តាមរយៈសំណួរតេស្ត PISA អាចជួយធ្វើឱ្យសិស្សានុសិស្សមានការគិតត្រិះរិះពិចារណាបានស៊ីជម្រៅ។ លោកជំទាវថា អគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ មានតួនាទីចាំបាច់ និងសំខាន់នៅក្នុងការធ្វើយ៉ាងណាឱ្យគ្រូបង្រៀនគ្រប់រូប អាចអនុវត្តវិធីសាស្រ្តបង្រៀនដែលធ្វើយ៉ាងណាឱ្យសិស្សមានបំណិនក្នុងការគិត ក្នុងការត្រិះរិះពិចារណា ដែលមិនមែនគ្រាន់តែហ្វឹកហាត់ធ្វើលំហាត់ ហើយសម្រួលប្រភាគបាននោះទេ គឺទាមទារឱ្យមានវិធីសាស្រ្តបង្រៀនល្អៗ។

អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បញ្ជាក់ថា អ្វីដែលក្រសួងត្រូវធ្វើ គឺរៀបចំជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលត្រូវតែអនុវត្តឱ្យបាននូវស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន, ការជំរុញឱ្យគ្រូបង្រៀនមានគុណវុឌ្ឍយ៉ាងហោចណាស់មានសញ្ញាបត្របរិញ្ញាបត្រ និងយកចំណេះដឹងមូលដ្ឋានទៅដឹកនាំសិស្សឱ្យមានការត្រិះរិះពិចារណា។ ទន្ទឹមគ្នានេះ  គ្រូបង្រៀនត្រូវមានបំណិនចេះប្រើប្រាស់ភាសាបរទេស ចេះប្រើប្រាស់បច្ចេកវិទ្យា និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីឱ្យគ្រូបង្រៀនម្នាក់មានសមត្ថភាពពេញលេញ អាចប្រើប្រាស់វិធីសាស្រ្តបង្រៀននានា ទៅតាមស្ថានភាពខុសៗគ្នា មិនថាសិស្សនោះពូកែ ឬខ្សោយ ប៉ុន្តែបង្រៀនឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហារស់នៅប្រចាំថ្ងៃ ដោយវ័យឆ្លាត និងបានល្អ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា OECD បានបញ្ជាក់ដែរថា គ្រូបង្រៀន គឺជាចំណុចស្នូល គឺជាមនុស្សគន្លឹះក្នុងការនាំឱ្យសិស្សអាចដោះស្រាយបញ្ហាប្រកបដោយការត្រិះរិះពិចារណាបានក្នុងជីវភាពរស់នៅ។

ជាមួយគ្នានេះ លោកស្រី ជិន វិច្ឆិកា គ្រូបង្រៀន សាលាជំនាន់ថ្មី ព្រះយុគន្ធរ មានប្រសាសន៍ថា បច្ចុប្បន្ន គ្រូធ្វើការផ្លាស់ប្ដូរតួនាទីពីអ្នកផ្ទេរចំណេះដឹងទៅជាអ្នកសម្របសម្រួល មានន័យថា ប្រសិនបើគ្រូមានចំណេះដឹងត្រឹម​ ១០ គឺមិនអាចផ្ទេរចំណេះដឹងឱ្យសិស្ស ១១បានទេ ប៉ុន្តែបើគ្រូដើរតួជាអ្នកសម្របសម្រួល គាត់អាចបង្ហាញផ្លូវដល់សិស្សឱ្យសិស្សចេះពីរបៀបរៀន នោះសិស្សអាចចេះដល់ ៣០ ឬ១០០បាន។

លោកស្រី ជិន វិច្ឆិកា បញ្ជាក់ថា ចំពោះលទ្ធផលជាក់ស្ដែងរបស់សាលាជំនាន់ថ្មី ព្រះយុគន្ធរ គឺចាប់ផ្ដើមចេញពីគោលនយោបាយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី។​ លោកស្រី ជិន វិច្ឆិកា បន្តថា អ្វីដែលលេចចេញជាលទ្ធផលជាក់ស្ដែង ដែលសិស្សមានសមត្ថភាព គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ក្រសួង របស់គណៈគ្រប់គ្រង និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ គឺមានការចូលរួមទាំងអស់គ្នា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា