អគ្គិសនីកម្ពុជាបន្ថែមថវិកាប្រមាណ ១.១ លានដុល្លារ ដើម្បីបង្កើនឱកាសយុវជនកម្ពុជាសិក្សាវិស្វកម្មនៅអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គិសនីកម្ពុជាបន្ថែមថវិកាប្រមាណ ១.១ លានដុល្លារ ដើម្បីបង្កើនឱកាសយុវជនកម្ពុជាសិក្សាវិស្វកម្មនៅអឺរ៉ុប

អគ្គិសនីកម្ពុជាបន្ថែមថវិកាប្រមាណ ១.១ លានដុល្លារ ដើម្បីបង្កើនឱកាសយុវជនកម្ពុជាសិក្សាវិស្វកម្មនៅអឺរ៉ុប

អគ្គិសនីកម្ពុជា (EDC) នឹងរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូ (ប្រមាណ ១.១ លានដុល្លារអាម៉េរិក) ទៅក្នុងកម្មវិធី Choose Europe for Science ដើម្បីពង្រីកឱកាសដល់យុវជនកម្ពុជាក្នុងការបន្តការសិក្សាជំនាញវិស្វកម្មនៅបណ្តាប្រទេសអឺរ៉ុប ខណៈវិស័យថាមពលកម្ពុជាកំពុងមានការផ្លាស់ប្តូរ និងត្រូវការធនធានមនុស្សដែលមានជំនាញបច្ចេកទេសខ្ពស់។

ការរួមចំណែកថវិកាបន្ថែមនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ ក្នុងឱកាសចូលរួមពិព័រណ៍ការសិក្សានៅអឺរ៉ុប (Study in Europe Fair) ដែលរៀបចំឡើងនៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានអនុម័តការរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូពី EDC ទៅកាន់កម្មវិធី Choose Europe for Science ដែលនឹងផ្តល់ឱកាសដល់យុវជនកម្ពុជាកាន់តែច្រើនក្នុងការសិក្សាជំនាញវិស្វកម្មនៅអឺរ៉ុប។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វិស័យថាមពលរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរ ហើយឯកឧត្តមសង្ឃឹមថា យុវជនកម្ពុជាកាន់តែច្រើននឹងមានឱកាសចូលរួមក្នុងការកំណត់ទិសដៅ និងអភិវឌ្ឍវិស័យនេះ។ ជាមួយគ្នា ឯកឧត្តមបានបញ្ជាក់ពីការបន្តខិតខំបង្កើតឱកាសឱ្យយុវជនអាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍នេះមានគោលបំណងជំរុញការបង្កើតភាពជាដៃគូបន្ថែមទៀតរវាងគ្រឹះស្ថានអប់រំ និងស្ថាប័ននានារបស់អឺរ៉ុប និងកម្ពុជា ព្រមទាំងពង្រីកឱកាសផ្លាស់ប្តូរ និងចល័តភាពសម្រាប់និស្សិត និងអ្នកស្រាវជ្រាវ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្តភាពជាដៃគូជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍ ការអភិវឌ្ឍជំនាញ កម្មវិធីផ្លាស់ប្តូរនិស្សិត និងការវិនិយោគប្រកបដោយចីរភាព។

ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏បានលើកទឹកចិត្តឱ្យមានការពង្រឹងភាពជាដៃគូរវាងស្ថាប័ន និងវិស័យឯកជន ដើម្បីបង្កើតផលប្រយោជន៍ទៅវិញទៅមកសម្រាប់កម្ពុជា និងអឺរ៉ុប។

គួរបញ្ជាក់ថា ពិព័រណ៍ Study in Europe Fair មានការចូលរួមពីសាកលវិទ្យាល័យអឺរ៉ុបជាង ៥០ និងក្រុមហ៊ុនអឺរ៉ុបជាង ១៥ ព្រមទាំងសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុក ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាស្វែងយល់អំពីអាហារូបករណ៍ និងឱកាសបន្តការសិក្សានៅបណ្តាប្រទេសអឺរ៉ុប។ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានចូលរួមអបអរសាទរដល់និស្សិតកម្ពុជាចំនួន ៣២០នាក់ ដែលទទួលបានអាហារូបករណ៍ពេញលេញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) សម្រាប់ការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា កម្មវិធី Choose Europe for Science – Cambodian Talents មានទំហំថវិកាសរុប ៨លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបានដាក់ឱ្យដំណើរការ ដោយផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិត មន្ត្រីរាជការ និងសាស្ត្រាចារ្យកម្ពុជាទៅសិក្សាជំនាញ STEM នៅអឺរ៉ុប៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា