អ្នក​ជំនាញ​អប់រំ រួមគ្នា​បញ្រ្ជាប​ឧត្តម​គតិ​អប់រំ​ដល់​យុវជន​ ​ពង្រឹង​សតិ​ស្នេហា​ជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​អប់រំ រួមគ្នា​បញ្រ្ជាប​ឧត្តម​គតិ​អប់រំ​ដល់​យុវជន​ ​ពង្រឹង​សតិ​ស្នេហា​ជាតិ​

អ្នក​ជំនាញ​អប់រំ រួមគ្នា​បញ្រ្ជាប​ឧត្តម​គតិ​អប់រំ​ដល់​យុវជន​ ​ពង្រឹង​សតិ​ស្នេហា​ជាតិ​

​អ្នក​ជំនាញ ​និង​វាគ្មិន​ល្បី​ៗ​ក្នុង​វិស័យ​អប់រំ ​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ​(​២០​សីហា​)​ ​បាន​រួមគ្នា​ចែក​រំលែក​ទស្សនទាន​ ​និង​បញ្រ្ជាប​ស្មារតី​ស្នេហា​ជាតិ​ដល់​យុវជន​កម្ពុជា​ ​នៅក្នុង​ព្រឹត្តិការណ៍​បាឋ​កថា​សាធារណៈ​ជា​ស៊េរី ​«​ឧត្តមគតិ​» ​លើក​ទី​២ ​ក្រោម​ប្រធានបទ «​ការ​អប់រំ​ ​ដើម្បី​ពង្រឹង​សតិជាតិ​របស់​មនុស្ស​ខ្មែរ​»​។ ​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ​រួម​ជាមួយ​ស្ថាប័ន​ដៃគូ ​ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​សាស្ត្រាចារ្យ​ ​បណ្ឌិត​ ថ្នាក់​ដឹកនាំ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ព្រះ​សង្ឃ ​និង​និស្សិត​ប្រមាណ ​៤០០​នាក់។​

ថ្លែងក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ជាវ អាន​សាន ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ ​លើកឡើង​ថា​ បាឋកថា​សាធារណៈ​ជា​ស៊េរី ​«​ឧត្តមគតិ​» ​លើក​ទី​២ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត​វេទិកា​សម្រាប់​ការ​ផ្លាស់ប្តូរ​ទស្សនៈ ​និង​ចែក​រំលែក​ចំណេះដឹង​អំពី​តួនាទី​នៃ​ការ​អប់រំ​ក្នុង​ការ​កសាង​សតិជាតិ​ ​និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​ប្រកប​តាម​បរិបទ​នៃ​ការ​ពង្រឹង​សង្គម​សម័យ​ទើប។

បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»

​ឯកឧត្តម​ ​ជាវ អាន​សាន ​បាន​ផ្សារភ្ជាប់​ពាក្យ​ ​«​ឧត្តម​គតិ​» ​ទៅ​នឹង​ឃ្លា​ថា ​«​ខ្ញុំ​ស្រឡាញ់​ ​ខ្ញុំ​គាំទ្រ ​ខ្ញុំ​ការពារ​កម្ពុជា​!​» ​ដែល​មាន​ន័យ​ថា​ ​ក្នុងនាម​ជា​ជនជាតិ​ខ្មែរ​ ត្រូវ​តែ​មាន​ក្ដី​ស្រឡាញ់​ គាំទ្រ ​មាន​ស្មារតី ​ភាព​ជា​ម្ចាស់​ ទំនួល​ខុសត្រូវ​ ​និង​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ ​ដើម្បី​រួមចំណែក​ការពារ​ ​និង​អភិវឌ្ឍ​ប្រទេសជាតិ។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត​ ​ហោង​ ប៉េង ​សាកលវិទ្យាធិការ ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ មានប្រសាសន៍​ថា​ ​ទាក់ទង​ទៅ​នឹង​ការ​អប់រំ​ ​ដើម្បី​ពង្រឹង​សតិជាតិ​របស់​មនុស្ស​ខ្មែរ​ ​គួរ​គិតគូរ​ពី​ទស្សនទាន​ចំនួន​ ​២​សំខាន់ ​គឺ​ទី​១​.​ ​ទស្សនជាតិ​និយម ទី​២​.​ទស្សនសកលនិយម​។​ ​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត​ ​ហោង​ ​ប៉េង ​បន្ត​ថា​ ​បើសិនជា​យើង​ពង្រឹង​ចំណុច​ទាំង​ពីរ​នេះ​បាន​ ​នោះ​ប្រទេស​យើង​នឹង​មាន​ការ​រីកចម្រើន ការ​អភិវឌ្ឍ​បាន​ល្អ ​ហើយ​បាន​កសាង​នូវ​វប្បធម៌​សន្តិភាព​មួយ។

​សម្រាប់​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត​ ​ជេត ​ជា​លី​ ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដើម្បី​បណ្ដុះទឹក​ចិត្ត​ស្នេហា​ជាតិ​ ​ឬ​មិន​ស្នេហា​ជាតិ​ ​គឺ​មាន​បុគ្គល​ ៣​ប្រភេទ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​សង្គម ​និង​ជា​អ្នក​ឆ្លាក់​សង្គម ​គឺ​អ្នក​សារព័ត៌មាន​ ​សិល្បករ ​និង​គ្រូបង្រៀន​។ ​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត ​បន្ត​ថា​ ​បើ​យើង​ចង់​បណ្ដុះ​ទឹកចិត្ត​ស្នេហា​ជាតិ​ ​មិន​ត្រឹមតែ​ប្រព័ន្ធ​អប់រំ​អាច​ធ្វើ​បាន​ទេ​ ​គឺ​បុគ្គល​ទាំង​ ៣​ក្រុម​នេះ​ ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បញ្ជាក់​ថា​ ​អ្វី​ដែល​អប់រំ​ត្រូវ​ធ្វើ​ ​គឺ​នៅ​ចំណេះទូទៅ​ថ្នាក់​តូច​ៗ​ ត្រូវ​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ​ ភាព​ជា​ខ្មែរ ​ឱ្យ​កុមារ​មាន​សុជីវធម៌​ ​ចេះ​គោរព​ចាស់​ទុំ​ ​ចេះ​ស្រឡាញ់​វប្បធម៌​ប្រពៃណី​ខ្មែរ ​បន្ទាប់មក​ទើប​រៀន​ផ្នែក​វិទ្យាសាស្ត្រ​នៅ​ថ្នាក់​ខ្ពស់​ ​ដើម្បី​ក្លាយជា​មនុស្ស​អន្តរជាតិ​ ​ដែល​ត្រូវ​ប្រណាំង​ប្រជែង​ជាមួយ​ពិភពលោក។

​«​ការ​ស្រឡាញ់​ជាតិ​ ការ​ពារ​ជាតិ​មួយ ​គឺ​ត្រូវ​ស្រឡាញ់ ​និង​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​ ​និង​វប្បធម៌​ជាតិ​នោះ​ឱ្យ​បាន​ច្បាស់​»

ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង សាស្រ្តាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាភាសាខ្មែរ

​ឯក​ឧត្តម​បណ្ឌិត​ ស៊ុំ ​ឈុំ​ឡុង​ សាស្រ្តាចារ្យ​ផ្នែក​អក្សរសិល្ប៍ ​និង​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភាសា​ខ្មែរ ​មានប្រសាសន៍​ថា​ ​«​សតិ​» ​គឺជា​ស្មារតី​ ​ឬ​ជា​ការ​ចងចាំ ​ដែល​នាំទៅ​ដល់​ ​គំនិត​ ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​។ ​ឯក​ឧត្តម​បណ្ឌិត​ ស៊ុំ ​ឈុំ​ឡុង ​បន្ត​ថា​ ការ​មាន​ ​«​សតិ​» ​នឹង​នាំឱ្យ​យើង​ដឹង​អំពី​អត្តសញ្ញាណ​ជាតិ​ ​ដែល​នាំឱ្យ​មាន​ការ​បណ្ដុះស្មារតី​ស្រឡាញ់​ជាតិ​ ​និង​ការពារ​ទឹកដី៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា