លុបបំបាត់អំពើហិង្សាលើកុមារ ចាំបាច់ត្រូវមានកិច្ច​សហការពីយើងទាំងអស់គ្នា ដើម្បីបង្កើតបរិយាកាសសិក្សា​ប្រកប​ដោយសុវត្ថិភាព និង​បរិយាប័ន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លុបបំបាត់អំពើហិង្សាលើកុមារ ចាំបាច់ត្រូវមានកិច្ច​សហការពីយើងទាំងអស់គ្នា ដើម្បីបង្កើតបរិយាកាសសិក្សា​ប្រកប​ដោយសុវត្ថិភាព និង​បរិយាប័ន្ន

លុបបំបាត់អំពើហិង្សាលើកុមារ ចាំបាច់ត្រូវមានកិច្ច​សហការពីយើងទាំងអស់គ្នា ដើម្បីបង្កើតបរិយាកាសសិក្សា​ប្រកប​ដោយសុវត្ថិភាព និង​បរិយាប័ន្ន

ដើម្បីកាត់បន្ថយ​អត្រានៃអំពើហិង្សាលើកុមារ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សាលារៀន និងសហគមន៍ ដើម្បីធានាបាននូវសុវត្ថិភាព និងលទ្ធផលសិក្សាល្អប្រសើររបស់ពួកគេ។ ការបញ្ឈប់អំពើហិង្សាទាំងក្នុងសាលា និងសហគមន៍ តម្រូវឱ្យមានកិច្ច​សហការគ្នាយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងបរិយាប័ន្ន។

Advertisement

ក្នុងវេទិការសាធារណៈស្តីពី “ការលុបបំបាត់អំពើហិង្សាលើកុមារទាំងក្នុងសាលា និងសហគមន៍“ ដែលគាំទ្រដោយអង្គការ Save the Children និងគម្រោង Peace For All នៅខេត្តកំពង់ចាម កាលពីសប្តាហ៍កន្លងទៅនេះ, លោក សេក ជឿន នាយកសាលាបឋមសិក្សាអង្គរបាន បានគូសបញ្ជាក់ថា កត្តាប្រឈមចម្បងក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ គឺបណ្តាលមកពីសមត្ថភាពអ្នកបណ្តុះបណ្តាលនៅមានកម្រិត ខណៈលោកគ្រូអ្នកគ្រូមួយចំនួនយល់ថា កិច្ចការនេះជាការងារបន្ថែម ដែលធ្វើ​ឱ្យ​ពួកគាត់មិនយកចិត្តទុកដាក់។ លើសពីនេះ អាណាព្យាបាលមួយចំនួនបានរងឥទ្ធិពលពីអំពើហិង្សាតជំនាន់ ដែលធ្វើឱ្យពួកគាត់យល់ថា អំពើហិង្សាជារឿងធម្មតា ហើយថែមទាំងផ្ដាំផ្ញើឱ្យគ្រូបង្រៀនអាចប្រើប្រាស់ការវាយ ឬគំរាមកំហែងលើកូនៗរបស់ពួកគេបាន ប្រសិនបើកូនៗមិនស្តាប់ ឬមិនខំរៀន។

យ៉ាងណាដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក សេក ជឿន បានបង្ហាញពីវិធានការសំខាន់ៗមួយ​ចំនួនដែល​លោកបានអនុវត្ត ដូចជា ការរៀបចំបណ្តាញភូមិ ដើម្បីគ្រប់គ្រងស្ថិតិកុមារតាមភូមិ, តាមដានស្ថានភាពកុមារ និងកំណត់អត្តសញ្ញាណកុមារងាយរងគ្រោះនៅក្នុងមូលដ្ឋានជាដើម។ នៅសាលារៀនវិញ គ្រូបង្រៀននឹងជួយគ្រួសារ និងកុមារតាមស្ថានភាពជាក់ស្តែង ដូចជាបញ្ហាជីវភាពក្រីក្រ ឬខ្វះខាតសម្ភារៈសិក្សា ដោយផ្តល់ដំណឹងទៅអ្នកពាក់ព័ន្ធដែលមានលទ្ធភាពជួយ ដូចជាលោកមេឃុំ ព្រះសង្ឃ និងសប្បុរសជន ដើម្បីកៀងគររកថវិកា ឬសម្ភារៈជួយ​ដល់គ្រួសារនោះ​ដើម្បី​ជំរុញឱ្យកុមារបានបន្តការសិក្សា។ ដោយឡែក​ប្រសិនបើ​ជួបទម្រង់អំពើហិង្សាធ្ងន់ធ្ងរ ដូចជាការរំលោភបំពាន ឬបង្ករបួសស្នាម សាលានឹងផ្តល់ព័ត៌មានជាបន្ទាន់ទៅសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកនាយកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំប្រកបដោយក្តីស្រឡាញ់ដោយថា “កុមារជាក្រដាសស បើយើងអប់រំថ្ងៃនេះប្រើអំពើហិង្សា ពេលដែលគាត់ចេញមកធ្វើការវិញ គាត់នឹងដិតដាម ហើយគាត់នឹងបន្តប្រើទៀតហើយ! អំពើហិង្សាវាមិនងាយរលុបទេ កាលណាកើតហើយវាដិតជាប់នៅក្នុងអារម្មណ៍“។ ដូច្នេះ វិធីសាស្រ្តបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ក៏ជាការងារសំខាន់សម្រាប់ការអប់រំកុមារដែរ ដោយបើប្រើវិធីសាស្រ្តមិនល្អ អាចនាំឱ្យកុមារមានហិង្សា ហើយបើយើងប្រើវិធីសាស្រ្តល្អក្នុងការបង្រៀន ជំរុញឱ្យកុមារមានការចូលរួម ធ្វើឱ្យកុមារមានភាពក្លាហាន ហ៊ានបញ្ចេញមតិយោបល់របស់ខ្លួន ហ៊ានការពារមតិរបស់ខ្លួន និងហ៊ានតស៊ូមតិ។

លោក សេង ឃុយ មេឃុំអង្គរបាន មានប្រសាសន៍ដែរថា ក្នុងនាមជាអាជ្ញាធរ ដើម្បីចូលរួមលុបបំបាត់អំពើហិង្សា​លើកុមារ រដ្ឋបាលឃុំបានរៀបចំគណៈកម្មការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន ដោយ​ផ្តល់ជំនួយការពារសន្តិសុខនៅពេលមានជនឆ្លៀតឱកាស ឬក្មេងទំនើងពីក្រៅសាលា ឬបាតុភាពផ្សេងៗដែលបង្កភាពអសណ្តាប់ធ្នាប់។ មួយវិញទៀត បើមានសិស្សបោះបង់ការសិក្សាដោយបញ្ហាជីវភាពគ្រួសារ ឬបញ្ហាអំពើហិង្សាពីឪពុកម្តាយ រដ្ឋបាលឃុំមានវិធានការចុះទៅសម្របសម្រួលដើម្បីឱ្យកុមារនោះបានចូលរៀនវិញ ព្រមទាំងជួយជាសម្ភារៈសិក្សាមួយចំនួនផងដែរ។

លោកស្រី Diane Foo តំណាងមកពីគម្រោង PEACE FOR ALL របស់ UNIQLO ដែលជាម្ចាស់ជំនួយ គម្រោង “ការលុបបំបាត់អំពើហិង្សា តាមរយៈការពង្រឹងអំណាចរបស់កុមារនៅកម្ពុជា” បានលើកឡើងថា គម្រោងដែលកំពុង​សហការជាមួយអង្គការ Save the Children នេះ មានគោលបំណងបង្កើតវប្បធម៌ និងបរិយាកាសដែលសម្លេងកុមារត្រូវបានស្តាប់លឺ ធ្វើឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងមានទំនុកចិត្តក្នុងការស្រមៃឱ្យបានធំ។ គម្រោងនេះជួយទប់ស្កាត់អំពើហិង្សា បង្កើតប្រព័ន្ធការពារកុមារ ពង្រឹងភាពអង់អាចដល់អ្នកតស៊ូមតិវ័យក្មេង និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមមនុស្សពេញវ័យ អំពីសារៈសំខាន់នៃការចិញ្ចឹមបីបាច់ប្រកបដោយសុវត្ថិភាព។ គម្រោងក៏សង្ឃឹមថា កិច្ចការនេះនឹងបន្តជួយគាំទ្រសិស្សឱ្យអាចផ្តោតអារម្មណ៍ទៅលើការសិក្សារបស់ពួកគេ ដើម្បីសម្រេចបាននូវមហិច្ឆតា និងផ្តល់ផលវិជ្ជមានទៅកាន់សង្គមជាតិវិញ៕

Ms. Thay Thanit | កញ្ញា ថី ថានិត

Ms. Thay Thanit | កញ្ញា ថី ថានិត

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មាន​ក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា