ជីវភាព​ខ្វះខាត​មិន​មែន​ជា​ឧបសគ្គ​!​ ​យុវ​សិស្ស​ អេង ​សុជាតិ ត​ស៊ូ​រៀន​សូត្រ​រហូតដណ្តើម​បាន​និទ្ទេស​ A ​និង​កំពុង​បន្ត​ក្តី​ស្រមៃ​ជា​គ្រូបង្រៀន​គណិតវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីវភាព​ខ្វះខាត​មិន​មែន​ជា​ឧបសគ្គ​!​ ​យុវ​សិស្ស​ អេង ​សុជាតិ ត​ស៊ូ​រៀន​សូត្រ​រហូតដណ្តើម​បាន​និទ្ទេស​ A ​និង​កំពុង​បន្ត​ក្តី​ស្រមៃ​ជា​គ្រូបង្រៀន​គណិតវិទ្យា

ជីវភាព​ខ្វះខាត​មិន​មែន​ជា​ឧបសគ្គ​!​ ​យុវ​សិស្ស​ អេង ​សុជាតិ ត​ស៊ូ​រៀន​សូត្រ​រហូតដណ្តើម​បាន​និទ្ទេស​ A ​និង​កំពុង​បន្ត​ក្តី​ស្រមៃ​ជា​គ្រូបង្រៀន​គណិតវិទ្យា

​យុវ​សិស្ស​ អេង ​សុជាតិ ​ជា​សិស្ស​ថ្នាក់​ទី​១២​ ​នៃ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន​ សែន ​កំពង់ត្របែក​ ​ខេត្ត​ព្រៃវែង ត្បិតរស់​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​លំបាក​ ​ឪពុកម្ដាយ​ជា​កសិករ ​ប៉ុន្តែ​រូប​គេ​នៅតែ​ត​ស៊ូ ​ខិតខំ​រៀនសូត្រ​រហូត​ទទួល​បាន​និទ្ទេស​ A ​ដូច​ក្ដី​ប្រាថ្នា​។ ​នេះ​មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​រូប​គេ​ផ្ទាល់​ទេ ​ប៉ុន្តែ​ក៏​ជា​កិត្តិយស​សម្រាប់​គ្រួសារ​ ​និង​សាលា​រៀន​ផងដែរ។

​សុជាតិ​ ប្រាប់​ AMS ​ថា​ ​រូប​គេ​ពិតជា​មានអារម្មណ៍​រំភើប​សប្បាយ​រីករាយ​ជា​ខ្លាំង ​ដែល​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រយៈពេល​ ១២​ឆ្នាំ​របស់​ខ្លួន​ ទី​បំផុត​ទទួល​បាន​និទ្ទេស​ A ​ដូច​ក្ដី​ប្រាថ្នា​។ ​សុជាតិ ​បន្ត​ថា​ ​នៅពេល​ប្រឡង​សាកល្បង​ ​រូប​គេ​ក៏​ជាប់​និទ្ទេស​ A ​ដែរ​ ​ដូច​នេះ​ ​ទើប​រូប​គេ​កាន់តែ​មាន​ក្ដី​សង្ឃឹម​ ​មាន​ទឹកចិត្ត​កាន់តែ​ខិតខំ​ប្រឹង​ប្រឡង​យក​និទ្ទេស​ A ​ក្នុង​ការ​ប្រឡង​ផ្លូវការ​ឱ្យ​បាន។

​ចំពោះ​បទពិសោធន៍​ដើម្បី​ទទួល​បាន​និទ្ទេស​ A ​យុវ​សិស្ស​ អេង ​សុជាតិ ​បញ្ជាក់​ថា​ ​រូប​គេ​បាន​ដាក់​គោលដៅ​រៀន​តាំងពី​ដើម​ឆ្នាំ​ ​ដោយ​មិន​ខ្ជិលច្រអូស​ឡើយ​ ​និង​ត្រូវ​ប្ដេជ្ញាចិត្ត​យក​និទ្ទេស​ A ​ជូន​ខ្លួនឯង​ ​គ្រួសារ ​សាលារៀន ​និង​ធ្វើឱ្យ​លោក​គ្រូ​ ​អ្នក​គ្រូ​សប្បាយចិត្ត​។ ​សុជាតិ ​បន្ត​ថា​ ​ក្នុង​ម៉ោង​សិក្សា​ ​រូប​គេ​តែងតែ​យកចិត្តទុកដាក់​ស្ដាប់​លោក​គ្រូ​ ​អ្នក​គ្រូ​ពន្យល់​ ​មិន​ធ្វេសប្រហែស ​ទៅ​រៀន​ទៀងទាត់​ ខិត​ខំ​ស្វ័យ​សិក្សា​ ​រំលឹក​មេរៀន​ ​ធ្វើ​លំហាត់​ជា​ប្រចាំ​ ​និង​ស្រាវជ្រាវ​បន្ថែម​។ ​លើស​ពី​នេះ​ ​រយៈពេល​ ​៣​ខែ​មុន​ប្រឡង​បាក់ឌុប​ ​សុជាតិ ​ក៏​បាន​ធ្វើ​វិញ្ញាសា​ឆ្នាំ​ចាស់​ៗ​ឱ្យ​អស់​ ស្រាវជ្រាវ​លំហាត់ ​និង​វិញ្ញាសា​ថ្មី​ៗ​ដែល​អាចនឹង​ចេញ​នៅពេល​ប្រឡង​ផងដែរ។

​បើ​ទោះជា​គ្រួសារ​ជួប​ការ​លំបាក​ ​យុវ​សិស្ស​ អេង ​សុជាតិ ​លើក​ឡើង​ថា​ ​កត្តា​ដែល​ធ្វើឱ្យ​រូប​គេ​ខិតខំ​រៀន​សូត្រ ​គឺ​ដោយសារ​មាន​ការ​លើកទឹកចិត្ត​ពី​ឪពុកម្ដាយ​ ​ដែល​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​មក​ផ្គត់ផ្គង់​ដល់​ការ​សិក្សា​របស់​ខ្លួន​។ ​ដូច្នេះ​ ​រូប​គេ​មាន​តែ​ខិតខំ​រៀន ​និង​ប្រឡង​យក​និទ្ទេស​ A ​ឱ្យ​បាន​ ​ដើម្បី​ខ្លួនឯង​ គ្រួសារ ​និង​សាលារៀន។

​សម្រាប់​ការ​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត​ ​សុជាតិ​ ​នឹង​ជ្រើសរើស​រៀន​មុខ​ជំនាញ​ផ្នែក​គណិតវិទ្យា ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ​ហើយ​នៅ​ថ្ងៃ​អនាគត​រូប​គេ​ចង់​ក្លាយជា​គ្រូបង្រៀន​គណិតវិទ្យា។

​គួរ​ជម្រាប​ជូន​ថា​ ​ឆ្នាំ​នេះ​ វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន ​សែន ​កំពង់ត្របែក​ ​ខេត្ត​ព្រៃវែង ​មាន​សិស្ស​ទទួល​បាន​និទ្ទេស​ A ​ចំនួន​ ៦​នាក់​ ​ស្រី​៤​នាក់​ ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​សម័យ​ប្រឡង​ ​១០​ សីហា ​២០២៦៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា