សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions» សម្រាប់កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត ដល់​និស្សិត​កម្ពុជា ដើម្បីបន្តការសិក្សានៅបណ្ដាសាកលវិទ្យាល័យទទួលស្គាល់ផ្លូវការក្នុងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧។ កម្មវិធីនេះធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

អាហារូបករណ៍នេះមានគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាឱ្យក្លាយជាអ្នកជំនាញកម្រិតអឺរ៉ុប ចូលរួមបម្រើការងារក្នុងការអភិវឌ្ឍវិស័យទឹកស្អាត និងគាំទ្រដល់ការវិនិយោគសាធារណៈ និងឯកជននៅកម្ពុជា ដូចជារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជាដើម។ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះ គម្រោងគ្រោងនឹងជ្រើសរើសបេក្ខជនប្រមាណ ២៥ រូប។ លើសពីនេះ អាហារូបករណ៍ក៏បានផ្ដល់កូតាចំនួន ៥ កន្លែងសម្រាប់មន្ត្រីមកពី MISTI និង ៥ កន្លែងសម្រាប់មន្ត្រី PPWSA ផងដែរ។

អត្ថប្រយោជន៍ និងការឧបត្ថម្ភ

អាហារូបករណ៍នេះជាប្រភេទអាហារូបករណ៍ពេញថ្លៃ (Full Scholarship) ដែលរ៉ាប់រងការចំណាយសំខាន់ៗរួមមាន៖
-ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្នាក់បរិញ្ញាបត្រ/វិស្វករ៖ ៨៥០ អឺរ៉ូ/ខែ (រយៈពេលសិក្សា ៣ ទៅ ៤ ឆ្នាំ), ថ្នាក់អនុបណ្ឌិត៖ ១,០០០ អឺរ៉ូ/ខែ (រយៈពេលរហូតដល់ ២ ឆ្នាំ), ថ្នាក់បណ្ឌិត៖ ១,៥០០ អឺរ៉ូ/ខែ (រយៈពេល ៣ ឆ្នាំ)
-ថ្លៃសិក្សា (Tuition fees)៖ រហូតដល់ ៤,០០០ អឺរ៉ូ (បរិញ្ញាបត្រ និងអនុបណ្ឌិត) និងរហូតដល់ ៥០០ អឺរ៉ូ (ថ្នាក់បណ្ឌិត)
-សំបុត្រយន្តហោះទៅមក៖ រហូតដល់ ២,០០០ អឺរ៉ូ
-ថ្លៃទិដ្ឋាការ (Visa fee)៖ រហូតដល់ ៦០០ អឺរ៉ូ
-ធានារ៉ាប់រងសុខភាព៖ ៤០ អឺរ៉ូ
-ប្រាក់ឧបត្ថម្ភតាំងទីលំនៅ និងការសិក្សា (Settlement & Learning support)៖ ៥០០ អឺរ៉ូ

មុខជំនាញសិក្សាដែលត្រូវជ្រើសរើស

មុខជំនាញសិក្សាត្រូវស្ថិតក្នុងវិស័យ STEM និងផ្តោតលើបញ្ហាទឹក បរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមមាន៖
-វិស្វកម្ម និងវិស័យស្នូលនៃទឹក និងបរិស្ថាន-អនាម័យ, WASH និងហេដ្ឋារចនាសម្ព័ន្ធ
-ការរៀបចំផែនការ អភិបាលកិច្ច និងគោលនយោបាយទឹក (រួមទាំងមីក្រូជីវសាស្ត្រ និងគីមីវិទ្យា)
-ការផ្គត់ផ្គង់ទឹក ប្រតិបត្តិការ និងសេវាទឹកស្អាត
-ការគ្រប់គ្រងគុណភាពទឹក និងសុខភាព
-សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងវិស័យទឹក
-និរន្តរភាព បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
-ចំណុចប្រទាក់ក្រឡារវាងកសិកម្ម និងឧស្សាហកម្ម
-បច្ចេកវិទ្យាទឹក នវានុវត្តន៍ និងទិន្នន័យ (Data)
-ជំនាញវិជ្ជាជីវៈអន្តរវិស័យពាក់ព័ន្ធនឹងទឹក

លក្ខខណ្ឌជ្រើសរើសទូទៅ

-ត្រូវតែជាជនជាតិខ្មែរ។

-អាយុ ៖ បរិញ្ញាបត្រ ត្រូវមានអាយុក្រោម ២៥ ឆ្នាំ និងមានសញ្ញាបត្របាក់ឌុបនិទ្ទេស C ឡើងទៅ, អនុបណ្ឌិត អាយុច្រើនបំផុត ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃបិទទទួលពាក្យ) និងមានសញ្ញាបត្របរិញ្ញាបត្រ (អាទិភាព STEM) និទ្ទេស B ឡើងទៅ, បណ្ឌិត មានអាយុក្រោម ៤០ ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រ និងអនុបណ្ឌិត (អាទិភាព STEM) និទ្ទេស B ឡើងទៅ

-ត្រូវទទួលបានលិខិតទទួលឱ្យចូលរៀន (Conditional offer ឬ Firm offer) ពីសាកលវិទ្យាល័យដែលទទួលស្គាល់ក្នុងប្រទេសសមាជិក EU ទាំង ២៧។

-មានសមត្ថភាពភាសាអង់គ្លេស ឬភាសាផ្លូវការរបស់សហភាពអឺរ៉ុប ស្របតាមការកំណត់របស់សាកលវិទ្យាល័យ។

-មានការប្តេជ្ញាចិត្តខ្ពស់ និងស្ម័គ្រចិត្តត្រឡប់មកបម្រើការងារក្នុងវិស័យទឹកនៅកម្ពុជាវិញក្រោយបញ្ចប់ការសិក្សា។

-មិនស្ថិតក្រោមទណ្ឌកម្មហិរញ្ញវត្ថុរបស់ EU ឬប្រទេសបារាំងឡើយ។

(ចំណាំ៖ កម្មវិធីលើកទឹកចិត្តជាពិសេសដល់បេក្ខនារី បេក្ខជនមកពីតំបន់ជនបទ និងបេក្ខជនដែលមានតម្រូវការហិរញ្ញវត្ថុ ដើម្បីធានាបាននូវសមភាព និងបរិយាបន្ន)

កាលបរិច្ឆេទសំខាន់ៗ និងរបៀបដាក់ពាក្យ

កាលបរិច្ឆេទបើកទទួលពាក្យ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ វេលាម៉ោង ២៣:៥៩ យប់ (ម៉ោងនៅភ្នំពេញ)
ការពិនិត្យពាក្យស្នើសុំ៖ ថ្ងៃទី០៣ ដល់ ១៤ ខែឧសភា ឆ្នាំ២០២៧
ការសម្ភាសបេក្ខជនជាប់សម្រាំង៖ ថ្ងៃទី១៧ ដល់ ២១ ខែឧសភា ឆ្នាំ២០២៧
ការប្រកាសលទ្ធផលជ័យលាភី៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០۲៧

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យតាមប្រព័ន្ធអនឡាញឱ្យបានទាន់ពេលវេលាតាមរយៈគេហទំព័រផ្លូវការ https://eu-scholarship.itc.edu.kh ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា