ការវិវត្ត នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការវិវត្ត នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំ

ការវិវត្ត នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំ

យោង​តាមឯកសារ​ស្រាវជ្រាវ​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ឧបករណ៍សិក្សាដែលផ្អែកលើ AI មានវត្តមាននៅក្នុងថ្នាក់រៀន តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ មុនពេល ChatGPT លេចឡើងជាង ៦០ឆ្នាំ។ ប្រព័ន្ឋដំបូងៗ អាចសម្រួលមេរៀនតាមចម្លើយរបស់សិស្ស បើទោះបីជាគ្មានចំណុច ប្រទាក់ក្រឡា នៃការសន្ទនាភាសា ដែលស្ទាត់ជំនាញដូចសម័យបច្ចុប្បន្នក៏ដោយ។ AI ក្នុងវិស័យអប់រំមិនបានចាប់ផ្តើមជាមួយ Chatbots នោះទេ តែបានចាប់ផ្តើម ជាមួយនឹងក្តារខៀន និងគំនិតចង់ដឹងចង់ឃើញដែលសួរថា តើម៉ាស៊ីនអាចបង្រៀន ដូចមនុស្សបានទេ?

Advertisement

គំនិតនៃការប្រើប្រាស់បញ្ហាសិប្បនិម្មិតក្នុងការអប់រំចាប់ផ្តើមពីសន្និសីទ Dartmouth ឆ្នាំ១៩៥៦ ដែលពាក្យ “Artificial Intelligence” ត្រូវបានបង្កើតឡើងដំបូងដោយ លោក John McCarthy ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងអ្នកវិទ្យាសាស្ត្រ ចិត្តសាស្ត្ររបស់អាម៉េរិក បានចាប់ផ្តើមបង្កើតបរិយាកាសស្រាវជ្រាវ AI រួមជាមួយនឹងមិត្តរួមការងាររបស់លោក។ ពួកលោកជាក្រុមដំបូងគេ ដែលបានពិភាក្សាលើ ប្រធានបទការដោះស្រាយបញ្ហាតាមរយៈ AI, Symbolic Reasoning និង ម៉ាស៊ីនសិក្សា (Machine Learning)។

លុះដល់ឆ្នាំ១៩៦០ ប្រព័ន្ធអប់រំដែលមានជំនួយពីកុំព្យូទ័រត្រូវបានដាក់ឱ្យដំណើរការ ដំបូងគេ ហើយនៅឆ្នាំ១៩៦៧ លោក Seymour Papert នៃ MIT បានជួយ បង្កើតភាសាសរសេរ កម្មវិធី Logo ដែលជាកម្មវិធីសរសេរកូដក្រាហ្វិកងាយស្រួល សម្រាប់កុមារ ដែលបង្ហាញពីសក្តានុពលថា កុំព្យូទ័រអាចផ្តល់ឱ្យអ្នកសិក្សាវ័យក្មេង កាន់តែខ្លាំង។

បន្ទាប់មក នៅទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ប្រព័ន្ធបង្រៀនវៃឆ្លាត (Intelligent Tutoring Systems – ITS) បានធ្វើបដិវត្តន៍ការអប់រំដោយផ្តល់នូវបទពិសោធ រៀនផ្ទាល់ខ្លួន (Personal Learning) និងការរៀនសូត្របែប Adaptive ដែល ធ្វើត្រាប់តាមគ្រូបង្រៀន។ ឧបករណ៍ទាំងនេះ មិនត្រឹមតែជួយសិស្សឱ្យរៀនដោយ ឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលារបស់គ្រូក្នុងការរៀបចំ មាតិកាបង្រៀនផងដែរ។

ជាឧទាហរណ៍ MaThia ដែលជា ITS គាំទ្រដោយ AI បានបង្ហាញពីការកើនឡើង គួរឱ្យកត់សម្គាល់ នៃសមត្ថភាពសិស្សលើមុខវិជ្ជាគណិតវិទ្យា តាមរយៈការបង្កើត មេរៀនផ្ទាល់ខ្លួនដោយផ្អែកលើអារម្មណ៍ វឌ្ឍនភាព និងចំណង់ចំណូលចិត្តនៃ ការរៀនសូត្ររបស់សិស្ស។

បច្ចេកវិទ្យា AI ក៏បន្តធ្វើបរិវត្តកម្មវិស័យអប់រំ ដោយក្រោយមក នៅឆ្នាំ២០២២ AI Chatbot ឈ្មោះ ChatGPT ត្រូវបានបង្កើតឡើង ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេង។ កម្មវិធី AI Chatbot អាចផ្តល់ជាជំនួយដល់សិស្ស និងគ្រូបង្រៀន នាពេលបច្ចុប្បន្ន ក្នុងការស្វ័យសិក្សាដោយខ្លួនឯង, ការពន្យល់, ការបង្កើតមាតិកា, ការផ្តល់មតិយោបល់ជាក់ស្តែង, ការបកប្រែ និងការបង្រៀនផ្ទាល់។ យុគសម័យ ថ្មីនៃការអប់រំបាននិងកំពុងចាប់ផ្តើម ខណៈដែល AI បន្តត្រូវបានរួមបញ្ចូលក្នុងវិស័យអប់រំ ជាពិសេសតាមរយៈប្រព័ន្ឋដាក់ពិន្ទុ និងការវាយតម្លៃដោយស្វ័យប្រវត្តិ។

បើទោះបីជា AI កំពុងមានការវិវត្តយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែតួនាទីរបស់គ្រូបង្រៀន នៅតែមានសារៈសំខាន់ ដោយពួកគាត់ផ្តល់ឱ្យនូវការគាំទ្រផ្លូវអារម្មណ៍ និងដំបូន្មាន ដែលលើសពីអ្វីដែលបច្ចេកវិទ្យាអាចធ្វើបាន។ ក្នុងន័យនេះ ដើម្បីធានាថា AI បម្រើការអប់រំប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងសុវត្ថិភាព កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកអភិវឌ្ឍន៍AI, អ្នកធ្វើគោលនយោបាយ, គ្រូបង្រៀន, សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ឋ គឺមានសារៈសំខាន់ណាស់៕

អត្ថបទដកស្រង់ ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា