អ្នកជំនាញ ៖ កម្ពុជាត្រូវការពង្រឹងជំនាញបៃតង ដើម្បីឆ្លើយតបនឹងតម្រូវការការងារនាពេលអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ ៖ កម្ពុជាត្រូវការពង្រឹងជំនាញបៃតង ដើម្បីឆ្លើយតបនឹងតម្រូវការការងារនាពេលអនាគត

អ្នកជំនាញ ៖ កម្ពុជាត្រូវការពង្រឹងជំនាញបៃតង ដើម្បីឆ្លើយតបនឹងតម្រូវការការងារនាពេលអនាគត

អ្នកជំនាញផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងពីសារៈសំខាន់នៃការពង្រឹងជំនាញបៃតងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ និងតម្រូវការកម្លាំងពលកម្មក្នុងវិស័យបៃតង និងថាមពលស្អាត។

ក្នុងវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ «សេដ្ឋកិច្ចចក្រានៅក្នុងការអនុវត្តជាក់ស្តែង ៖ ស្តីពីគោលនយោបាយឆ្ពោះទៅកាន់វឌ្ឍនភាព» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក សា កិន្នវិឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើននៃបច្ចេកវិទ្យា កំពុងជំរុញឱ្យប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវសម្របខ្លួនទៅនឹងជំនាញ និងការងារនាពេលអនាគត។

លោក សា កិន្នវិឌី បានលើកឡើងថា ជំនាញបៃតង និងការងារបៃតង គឺជាផ្នែកមួយដែលត្រូវយកចិត្តទុកដាក់ ដើម្បីឱ្យប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអាចឆ្លើយតបបានទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ និងការអភិវឌ្ឍឧស្សាហកម្ម។

ជាមួយគ្នានេះ លោក ទេព ប៊ុនថន ទីប្រឹក្សាថ្នាក់ជាតិ នៃគម្រោង ASTI GIZ កម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចចក្រា ត្រូវការកម្លាំងពលកម្មដែលមានជំនាញសមស្រប ជាពិសេសជំនាញដែលឆ្លើយតបទៅនឹងតម្រូវការនៃវិស័យថាមពលស្អាត និងវិស័យបៃតង។

លោក ទេព ប៊ុនថន បានបញ្ជាក់ថា ការផ្លាស់ប្តូរតម្រូវការនៅក្នុងទីផ្សារការងារ តម្រូវឱ្យមានការបង្កើនជំនាញ (Upskilling) និងការបណ្តុះជំនាញថ្មី (Reskilling) ដើម្បីឱ្យកម្លាំងពលកម្មអាចសម្របខ្លួនទៅនឹងមុខរបរ និងបច្ចេកវិទ្យាថ្មីៗ។

លោកបានបន្ថែមថា តាមផែនទីបង្ហាញផ្លូវបៃតងរបស់កម្ពុជា កម្ពុជាមានគោលដៅឱ្យសូចនាករពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងថាមពលបៃតងឈានដល់ ៧០% នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នមានប្រមាណ ៦៣%។ លោកក៏បានកត់សម្គាល់ពីតម្រូវការជំនាញដែលកំពុងកើនឡើង ស្របពេលវិស័យឧស្សាហកម្មមានតួនាទីកាន់តែធំក្នុងទីផ្សារការងារកម្ពុជា។

លោក ទេព ប៊ុនថន បានគូសបញ្ជាក់ថា ការឆ្លើយតបទៅនឹងតម្រូវការនេះ ត្រូវពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអ្នកបណ្តុះបណ្តាលនៅតាមក្រុមហ៊ុន ដើម្បីធានាថា កម្មវិធីបណ្តុះបណ្តាលមានភាពសមស្របនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។

លោកបានលើកឡើងថា ការអភិវឌ្ឍកម្មវិធីសិក្សា និងស្តង់ដាជំនាញបៃតង គួរធ្វើឡើងតាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ចាប់ពីការកំណត់មុខរបរដែលទីផ្សារការងារត្រូវការ ការរៀបចំកម្មវិធីបណ្តុះបណ្តាល រហូតដល់ការវាយតម្លៃ និងការទទួលស្គាល់សមត្ថភាពរបស់អ្នកសិក្សា។

លោក ទេព ប៊ុនថន ក៏បានលើកឡើងពីការគាំទ្ររបស់កម្មវិធីអាស៊ាន-ស្វីស ក្នុងការអភិវឌ្ឍស្តង់ដារ និងកម្មវិធីបណ្តុះបណ្តាលថ្មីចំនួន៤ ដែលផ្តោតលើជំនាញពាក់ព័ន្ធនឹងការថែទាំ និងការងារផ្នែកអគ្គិសនី ដើម្បីជួយឱ្យយុវជនទទួលបានជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការងារបៃតង។

ដោយឡែក អ្នកស្រី Teresa Toepfer ទីប្រឹក្សាគម្រោង RECOTwin GIZ វៀតណាម បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍស្តង់ដារសម្រាប់អ្នកបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុននៅបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យការបណ្តុះបណ្តាលជំនាញមានទំនាក់ទំនងជិតស្និទ្ធជាមួយការងារជាក់ស្តែង។

អ្នកស្រីបន្តថា ស្តង់ដារនេះផ្តោតលើតម្រូវការជាក់ស្តែងនៃការបណ្តុះបណ្តាល និងអ្នកបណ្តុះបណ្តាលក្នុងដំណើរការការងារជាក់ស្តែង ហើយត្រូវបានទទួលស្គាល់ដោយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកការងារ (SLOM) និងមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកអប់រំ (SOM-ED) ក្នុងឆ្នាំ២០១៨ ជាស្តង់ដារយោងក្នុងតំបន់។

សូមជម្រាបថា ការពង្រឹងជំនាញបៃតង និងការបណ្តុះបណ្តាលផ្អែកលើតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ត្រូវបានលើកឡើងថា ជាផ្នែកសំខាន់ក្នុងការរៀបចំកម្លាំងពលកម្មកម្ពុជា ឱ្យអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចក្រា និងការងារបៃតងនាពេលអនាគត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា