អ្នកជំនាញ ៖ ការប្រើទូរស័ព្ទរបស់សិស្សក្នុងសម័យឌីជីថល គួរមានការគ្រប់គ្រងតាមអាយុ និងការណែនាំពីមាតាបិតា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ ៖ ការប្រើទូរស័ព្ទរបស់សិស្សក្នុងសម័យឌីជីថល គួរមានការគ្រប់គ្រងតាមអាយុ និងការណែនាំពីមាតាបិតា

អ្នកជំនាញ ៖ ការប្រើទូរស័ព្ទរបស់សិស្សក្នុងសម័យឌីជីថល គួរមានការគ្រប់គ្រងតាមអាយុ និងការណែនាំពីមាតាបិតា

ក្នុងសម័យបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងទូលំទូលាយក្នុងសង្គម។ អ្នកជំនាញលើកឡើងថា ការឆ្លើយសំណួរថា “សិស្សគួរប្រើទូរស័ព្ទឬអត់” មិនអាចកំណត់ត្រឹម “បាន” ឬ “មិនបាន” នោះទេ ព្រោះបច្ចេកវិទ្យាមានទាំងអត្ថប្រយោជន៍ និងហានិភ័យ។

Advertisement

លោក អ៊ីង វន្នី អ្នកជំនាញផ្នែកអប់រំ និងចិត្តសាស្រ្តកុមារ បានប្រាប់ AMS ថា គោលដៅសំខាន់មិនមែនជាការបដិសេធបច្ចេកវិទ្យាចេញពីជីវិតកុមារទេ ប៉ុន្តែគឺការអប់រំឲ្យកុមារ និងយុវជនអាចប្រើប្រាស់បច្ចេកវិទ្យាដោយមានការយល់ដឹង និងទំនួលខុសត្រូវ។

លោកបានផ្តល់អនុសាសន៍ថា កុមារអាយុក្រោម ១០ ឆ្នាំ មិនគួរប្រើប្រាស់បណ្តាញសង្គមឡើយ ព្រោះខួរក្បាលនៅវ័យនេះមិនទាន់អភិវឌ្ឍពេញលេញ ហើយមាតិកាជាច្រើនលើអ៊ីនធឺណិតមិនសមស្របសម្រាប់កុមារ។ ក្នុងករណីចាំបាច់ ការប្រើប្រាស់គួរតែស្ថិតក្រោមការត្រួតពិនិត្យពីមនុស្សពេញវ័យ។

លោក អ៊ីង វន្នី

សម្រាប់កុមារវ័យ ១០ ដល់ ១៣ ឆ្នាំ ការប្រើប្រាស់ទូរស័ព្ទគួរត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយមិនគួរឱ្យមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួន។ មាតាបិតាគួរបង្កើតការសន្ទនាបើកចំហ និងកំណត់កិច្ចព្រមព្រៀងច្បាស់លាស់អំពីពេលវេលា និងទីកន្លែងប្រើប្រាស់អេក្រង់។

ចំពោះយុវវ័យអាយុពី ១៣ ដល់ ១៧ ឆ្នាំ លោក អ៊ីង វន្នី ពិពណ៌នាថា ជាដំណាក់កាលដែលមានហានិភ័យខ្ពស់ ព្រោះជាវ័យកំពុងស្វែងរកអត្តសញ្ញាណ និងងាយរងឥទ្ធិពលពីមិត្តភក្ដិ និងបណ្តាញសង្គម។ ទោះជាយ៉ាងណា ការប្រើប្រាស់បណ្តាញសង្គមអាចអនុញ្ញាតបាន ប្រសិនបើមានការកំណត់ពេលវេលា ការពិភាក្សាអំពីមាតិកា និងការត្រួតពិនិត្យជាប្រចាំពីមាតាបិតា។

សម្រាប់មនុស្សគ្រប់វ័យ តុបាយ និងបន្ទប់គេង គួរតែជាតំបន់គ្មានអេក្រង់ ដើម្បីលើកកម្ពស់ទំនាក់ទំនងគ្រួសារ និងធានាការគេងដែលមានគុណភាព

លោក អ៊ីង វន្នី អ្នកជំនាញផ្នែកអប់រំ និងចិត្តសាស្រ្តកុមារ

ជាមួយនឹងចំនួនប្រជាជនវ័យក្មេងច្រើន កម្ពុជាកំពុងស្ថិតនៅចំណុចសំខាន់មួយក្នុងការកំណត់របៀបប្រើប្រាស់បច្ចេកវិទ្យារបស់យុវជន។ អ្នកជំនាញបញ្ជាក់ថា ការសម្រេចចិត្តរបស់មាតាបិតា អ្នកអប់រំ និងអ្នករៀបចំគោលនយោបាយនៅថ្ងៃនេះ នឹងមានឥទ្ធិពលដល់សុខភាពផ្លូវចិត្ត សមត្ថភាពផ្តោតអារម្មណ៍ និងជំនាញទំនាក់ទំនងសង្គមរបស់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code បានប្រាប់ AMS ថា ទោះបីការប្រើប្រាស់ទូរស័ព្ទអាចមានផលប៉ះពាល់អវិជ្ជមាន ប្រសិនបើប្រើប្រាស់ខុសគោលបំណងក្តី ប៉ុន្តែទូរស័ព្ទឆ្លាតវៃនៅតែមានតួនាទីសំខាន់ក្នុងការភ្ជាប់សិស្សទៅនឹងបច្ចេកវិទ្យាទំនើប។

ប្រសិនបើសិស្សប្រើប្រាស់ទូរស័ព្ទសម្រាប់ការសិក្សា និងស្រាវជ្រាវ វានៅតែមានអត្ថប្រយោជន៍ក្នុងសម័យឌីជីថល។ ពួកគេអាចប្រើកម្មវិធីសិក្សា និងបច្ចេកវិទ្យា AI ដើម្បីស្វែងយល់ចំណេះដឹងបន្ថែម

លោកស្រី ជីន ដាលីន

សូមជម្រាបថា នៅឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ណែនាំអនុញ្ញាតឱ្យគ្រូបង្រៀនហាមសិស្សមិនឱ្យប្រើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ជាពិសេសការប្រើប្រាស់បណ្តាញសង្គម និងការលេងហ្គេមដែលមិនពាក់ព័ន្ធនឹងការសិក្សា។ វិធានការនេះមានគោលបំណងពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងបរិវេណសាលារៀន ស្របពេលដែលវិស័យអប់រំកំពុងជំរុញការសិក្សាបែបឌីជីថល។

លោក ម៉ៅ ស៊ីថា នាយកអនុវិទ្យាល័យពងទឹក ខេត្តកែប បានអះអាងថា សាលារបស់លោកអនុវត្តយ៉ាងតឹងរ៉ឹងលើការមិនអនុញ្ញាតឱ្យសិស្សប្រើទូរស័ព្ទក្នុងម៉ោងសិក្សា។ លោកបញ្ជាក់ថា សិស្សអាចប្រើប្រាស់ទូរស័ព្ទបានតែក្នុងម៉ោងសិក្សាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាប៉ុណ្ណោះ។

ទោះជាយ៉ាងណា វិធានការនេះនៅតែប្រឈមបញ្ហា ដោយសិស្សមួយចំនួននៅតែបន្តប្រើទូរស័ព្ទ លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គម បើទោះបីមានការហាមឃាត់ក៏ដោយ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា