អ្នកជំនាញគាំទ្រគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស ព្រោះបរិស្ថានស្អាតផ្តើមចេញពីសិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញគាំទ្រគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស ព្រោះបរិស្ថានស្អាតផ្តើមចេញពីសិស្ស

អ្នកជំនាញគាំទ្រគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស ព្រោះបរិស្ថានស្អាតផ្តើមចេញពីសិស្ស

អ្នកជំនាញផ្នែកបរិស្ថានគាំទ្រកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការកាត់បន្ថយ និងការគ្រប់គ្រងសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដោយចាត់ទុកថា សាលារៀនជាកន្លែងដ៏សំខាន់ក្នុងការបណ្តុះទម្លាប់ល្អដល់សិស្ស និងផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថានទៅកាន់ក្រុមគ្រួសារ និងសហគមន៍។

ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីក្រសួងទាំងពីរបានពូតដៃគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេ សមុទ្រ ដែលធ្វើការលើវិស័យបរិស្ថាននៅកម្ពុជា បានប្រាប់ AMS ថា ការចុះអនុស្សរណៈនេះ គឺជាជំហានដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា ព្រោះសិស្សានុសិស្ស និងយុវជនជាកម្លាំងស្នូលក្នុងការទទួលយកចំណេះដឹង និងចែករំលែកព័ត៌មានទៅកាន់សហគមន៍។

លោកមានប្រសាសន៍ថា ការអប់រំអំពីការគ្រប់គ្រងសំណល់នៅតាមសាលារៀន អាចជួយឱ្យសិស្សយកចំណេះដឹងទៅអនុវត្តនៅផ្ទះ និងចែករំលែកដល់សមាជិកគ្រួសារ និងមិត្តភក្តិ ដែលធ្វើឱ្យការផ្សព្វផ្សាយអំពីបរិស្ថានកាន់តែទូលំទូលាយ។

លោកបានបញ្ជាក់ថា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយរក្សាអនាម័យនៅតាមសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រែក្លាយសំណល់ទៅជាធនធានសេដ្ឋកិច្ច ប្រសិនបើមានការញែក និងគ្រប់គ្រងបានត្រឹមត្រូវ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គម្រោងនេះមានគោលដៅជំរុញឱ្យសម្រេចបាននូវ «សាលារៀនគ្មានសំណល់ប្លាស្ទិក» និងមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សាគ្រប់កម្រិត ចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា ដែលស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងសំណល់ និងការទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ គឺជាទម្លាប់ល្អដែលគួរចាប់ផ្តើមបណ្តុះតាំងពីសាលារៀន ដើម្បីឱ្យសិស្សយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃនៅតាមផ្ទះ សហគមន៍ និងទីសាធារណៈ។ ទម្លាប់នេះក៏ជួយបណ្តុះស្មារតីទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន ដើម្បីរួមគ្នាកសាងបរិស្ថានស្អាត បៃតង និងមានសុខុមាលភាពសម្រាប់ទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តាមរយៈកិច្ចសហការនេះ ក្រសួងបរិស្ថានបាននិងកំពុងផ្តល់ធុងសំរាមដល់សាលារៀន ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសំណល់។ កន្លងមក ក្រសួងបានផ្តល់ធុងសំរាមចំនួន ១៦ ៩៣៥ធុង ដល់សាលារៀនចំនួន ៥ ៦៤៥ ក្នុងខេត្តចំនួន ១១។

តាមរយៈអនុស្សរណៈថ្មីនេះ ក្រសួងបរិស្ថាននឹងបន្តផ្តល់ធុងសំរាមចំនួន ១៧ ១៧៥ធុង ដល់សាលារៀនចំនួន ៥ ៧២៥ នៅរាជធានី-ខេត្តចំនួន ១៤ បន្ថែមទៀត។ ជារួម ក្រសួងបរិស្ថានគ្រោងផ្តល់ធុងសំរាមសរុបចំនួន ៣៤ ១១០ធុង ដល់សាលារៀនចំនួន ១១ ៣៧០ទូទាំងប្រទេស។

ដោយឡែក សេចក្តីប្រកាសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្សព្វផ្សាយក្នុងឆ្នាំ២០២៦ បានឱ្យដឹងថា រាជធានីភ្នំពេញបង្កើតសំណល់រឹងប្រមាណ ៤ ២០០តោនក្នុងមួយថ្ងៃ ក្នុងនោះប្រមាណ ២០ភាគរយជាសំណល់ប្លាស្ទិក។ តួលេខនេះបង្ហាញពីសារៈសំខាន់នៃការកាត់បន្ថយសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ។ ការបណ្តុះទម្លាប់ល្អនៅតាមសាលារៀន តាមរយៈការញែកសំណល់ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមក្នុងទីតាំងសមស្រប អាចជួយបង្កើនការចូលរួមរបស់សិស្ស និងសហគមន៍ក្នុងការការពារបរិស្ថានប្រកបដោយចីរភាព៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា