របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឈុំ​​​​ ម៉េងហុង​​​ អគ្គនាយកបច្ចេកទេសវប្បធម៌ ​​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

Advertisement

ឯកឧត្តម ឈុំ​​​​ ម៉េងហុង មានប្រសាសន៍ថា ពាក្យ “ត្រុដិ” ជាភាសាសំស្ក្រឹតមានន័យថា ដំណើរកាត់, កាត់ផ្តាច់។ របាំនេះ ចាប់កំណើតក្នុងសហគមន៍ស្រុកស្រែចម្ការ ភាគច្រើនគេប្រទះឃើញមានតែនៅខេត្តសៀមរាប ឬខេត្តមួយចំនួន​ដែលនៅជាប់នឹងខេត្តសៀមរាបតែប៉ុណ្ណោះ។ អ្នកស្រុកលេងរបាំនេះ តែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ពោលគឺក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន។

ឯកឧត្តម ឈុំ​​​​ ម៉េងហុង​​​ អគ្គនាយកបច្ចេកទេសវប្បធម៌ ​​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អគ្គនាយកបច្ចេកទេសវប្បធម៌ ​​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមថា ការលេងរបាំត្រុដិរបស់អ្នកស្រុកដែលសំខាន់នោះ គឺ រៃអង្គាសទាន ដើម្បីយកមកកសាង និងជួសជុលសមិទ្ធិរួមក្នុងសហគមន៍ ពិសេសនៅតាមវត្តអារាម ពោលគឺពុំមែនយកជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

ឯកឧត្តម ឈុំ​​​​ ម៉េងហុង សង្កេតឃើញថា បច្ចុប្បន្នយុវជនខ្មែរមានការចាប់អារម្មណ៍ និងរៀនរាំរបាំត្រុដិច្រើន ជាពិសេស គឺនៅក្នុងគ្រឹះស្ថានអប់រំ ទាំងសាលារដ្ឋ និងសាលាឯកជនមួយចំនួន ពីព្រោះយុវជនសម័យបច្ចុប្បន្ន យកចិត្តទុកដាក់ ស្រលាញ់ថែរក្សា ការពារ អភិរក្ស និងចូលរួមលើកស្ទួយវិស័យវប្បធម៌ខ្មែរ។

ឯកឧត្តម ឈុំ​​​​ ម៉េងហុង លើកទឹកចិត្តដល់យុវជន ក៏ដូចជាសាធារណជនបន្តគាំទ្រ «របាំត្រុដិ» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាជំរុញលើកទឹកចិត្តដល់សិល្បករនៅតែបន្តថែរក្សា និងបន្តវេនឱ្យកាន់តែច្រើន បន្តការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ យកចិត្តទុកដាក់ការពារ និងអភិរក្សឱ្យបានគង់វង្ស ជាពិសេសគឺសហគមន៍នៅតែបន្តប្រតិបត្តិ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏លើកឡើងស្របគ្នានេះដែរថា របាំត្រុដិ មានជាយូរយារណាស់មកហើយនៅក្នុងសង្គមខ្មែរ ហើយក្រៅតែពីគេលេងដើម្បីដេញឧបទ្រពចង្រៃទាំងពួង ដែលកើតមានឡើងក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះចេញពីភូមិ ស្រុក និងសុំឱ្យមានសេរីសួស្តីក្នុងឆ្នាំថ្មី ន័យសំខាន់មួយទៀត គឺជាកិច្ចសុំទឹកភ្លៀង ត្បិតការបាញ់សម្លាប់សត្វប្រើស គឺជាការឧបកិច្ចនៃការសម្លាប់ឬបំបាត់ភាពរាំងស្ងួត។ ចំពោះស្នែងសត្វប្រើសគេប្រៀបទៅនឹងដើឈើងាប់ក្រៀមក្នុងរដូវប្រាំងស្ងួតហួតហែង។

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

«ជារួមរបាំត្រុដិគឺទាក់ទងនឹងកសិកម្ម ព្រោះក្រោយចូលឆ្នាំនឹងចូលដល់រដូវវស្សាដែលជាការចាប់ផ្តើមដាំដុះ។ ហេតុដូច្នេះ ទឹកភ្លៀងគឺជារឿងសំខាន់សម្រាប់កសិករដែលជាអ្នកប្រកបរបរធ្វើកសិកម្ម»

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនមានការផុលផុសក្នុងចូលរួមលើកស្ទួយលិស្បៈ វប្បធម៌ជាតិ តាមរយៈសកម្មភាពផ្សេងៗ។ ដោយឡែក របាំត្រុដិ ឃើញមានយុវជនសម្តែងច្រើននៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ហើយលោក​ក៏គាំទ្រ និងលើកទឹកចិត្តដល់យុវជន ក៏ដូចសាធារណៈជន បន្តចូលរួមថែរក្សា និងអភិរក្សមរតកវប្បធម៌ជាតិទាំងរូបី និងអរូបីឱ្យបានផុលផុស ព្រោះសិល្បៈ វប្បធម៌ គឺជាឬសគល់នៃអត្តសញ្ញាណជាតិ។

បច្ចុប្បន្នយុវជនខ្មែរមានការចាប់អារម្មណ៍ និងរៀនរាំរបាំត្រុដិច្រើន

បច្ចុប្បន្ននេះ របាំត្រុដិ នៅតែពេញនិយមក្នុងការលេងនៅតាមផ្ទះ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុននានា មុនពេល ឬរយៈពេលខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តីក្នុងឱកាសឆ្នាំថ្មី៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា