គន្លឹះ ៥ ចំណុចប្រឡងគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យ​ទទួលបានលទ្ធផលល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គន្លឹះ ៥ ចំណុចប្រឡងគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យ​ទទួលបានលទ្ធផលល្អ

គន្លឹះ ៥ ចំណុចប្រឡងគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យ​ទទួលបានលទ្ធផលល្អ

ការចង់ប្រែក្លាយខ្លួនជាគ្រូបង្រៀន ប្រហែលជាក្ដីស្រមៃរបស់មនុស្សជាច្រើន ជាពិសេសអ្នករស់នៅតាមបណ្ដាខេត្ត និងមានបំណងចង់ផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ ព្រមទាំងជាអាជីពមួយសមរម្យក្នុងសង្គមបច្ចុប្បន្ន។ ថ្មីៗនេះ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ពោលគឺគ្រូបង្រៀនចេញថ្មី ដែលនឹងចេញទៅបង្រៀនសិស្សនៅតាមសាលាដែលមានតម្រូវការ តាមភូមិសាស្រ្តរដ្ឋបាល-ស្រុក គឺចាំបាច់ត្រូវឆ្លងកាត់ការប្រឡងប្រជែង។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលត្រូវបានចែករំលែកដោយបេក្ខជន ដែលទទួលបានជោគជ័យ​ក្នុង​ការ​ប្រឡង​គ្រូបង្រៀនកម្រិតមធ្យម ផ្អែកលើកិច្ចព្រមពង្រៀងការងារ ៖

១.​ ការត្រៀមទុកជាមុន ៖ ប្រសិនបើអ្នកចង់ក្លាយខ្លួនជាគ្រូបង្រៀនកម្រិតមធ្យម ផ្អែកលើកិច្ចព្រមពង្រៀងការងារ គឺចាំបាច់ត្រូវសួរខ្លួនឯងថា ចង់ក្លាយជាគ្រូបង្រៀនដែរឬទេ? តើចង់បង្រៀននៅក្នុងស្រុក/ខេត្តណា? តើអាចទៅបង្រៀននៅតំបន់ខ្វះគ្រូបង្រៀនដែរទេ? អ្នកក៏ត្រូវដឹងពីភូមិសាស្រ្តរដ្ឋបាលស្រុក និងសាលាដែលខ្លួននឹងត្រូវទៅបង្រៀន និងត្រូវដាក់ពាក្យចុះឈ្មោះប្រឡងឱ្យបានទាន់ពេលវេលា។

២. ស្វែងរកវិញ្ញាសាចាស់ៗ ៖ ដើម្បីឱ្យការប្រឡងទទួលបានជោគជ័យ អ្នកក៏ត្រូវបែងចែកពេលវេលាសម្រាប់ផ្ដោតលើការត្រៀមប្រឡង ដោយការស្វែងរកវិញ្ញាសាប្រឡងចាស់ៗឆ្នាំមុនៗ មិនថាវិញ្ញាសាធ្លាប់ប្រឡងគ្រូបង្រៀនក្របខណ្ឌ ព្រោះការប្រមូលព័ត៌មានបានច្រើន ក៏ជួយឱ្យយើងមានគំនិតឆ្លើយសំណួរប្រឡងផងដែរ។ ជាពិសេស អ្នកក៏គួរស្រាវជ្រាវឯកសារតាមបណ្ដាញអ៊ីនធឺណិត អានឱ្យបានច្រើន និងដឹងពីព្រឹត្តិការណ៍ថ្មីៗក្នុងសង្គម។ អ្នកគួរពង្រឹងឱ្យខ្លាំងទៅលើមុខជំនាញឯកទេសរបស់ខ្លួន ព្រមទាំងមុខវិជ្ជាវប្បធម៌ទូទៅ និងភាសាអង់គ្លេសផងដែរ។

៣. ហ្វឹកហាត់សរសេរដូចពេលប្រឡង​ ៖ នៅពេលប្រមូលបានវិញ្ញាសាធ្លាប់ចេញប្រឡង អ្នកបានអាន និងរំលឹកមេរៀន ក៏ដោយ ក៏ការហ្វឹកហាត់សរសេរនៅតែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ស្របគ្នានេះ អ្នកគួរចំណាយពេលសរសេរឆ្លើយសំណួរក្នុងវិញ្ញាសានីមួយៗឱ្យបានច្រើនដង។ បន្ទាប់មក អ្នកគួរសាកល្បងសរសេរឆ្លើយសំណួរ និងកំណត់ពេលវេលាដូចការប្រឡងជាក់ស្ដែង និងហាមលួចមើល។

៤. កែតម្រូវចំណុចខ្វះខាត ៖ នៅពេលអ្នកបានហ្វឹកហាត់សរសេរឆ្លើយសំណួរ និងកំណត់ពេលវេលាដូចការប្រឡងជាក់ស្ដែងរួចរាល់ ត្រូវត្រឡប់មកផ្ទៀងផ្ទាត់ចម្លើយ ដើម្បីដឹងថា ការឆ្លើយរបស់ខ្លួនត្រឹមត្រូវបានប៉ុន្មានភាគរយ។ ប្រសិនរកឃើញចំណុចខ្វះខាតត្រង់ចម្លើយឆ្លើយមិនទាន់បានល្អ ឬសរសេរមិនទាន់ពេល គួរកែតម្រូវចំណុចខ្វះខាតទាំងនេះឡើងវិញ រហូតដល់អ្នកមានទំនុកចិត្តថា ប្រសិនបើសំណួរមួយនេះ ចេញក្នុងថ្ងៃប្រឡងជាក់ស្ដែង អ្នកនឹងអាចឆ្លើយសំណួរនោះបានដោយងាយស្រួល។

៥.​ របៀបសរសេរបានពិន្ទុខ្ពស់ ៖ មុខវិជ្ជាឯកទេសនីមួយៗសុទ្ធសឹងតែមានរបៀបសរសេរឱ្យទទួលបានពិន្ទុខុសៗគ្នា។ ឧទាហរណ៍ អ្នកចង់ប្រឡងគ្រូបង្រៀនកម្រិតមធ្យម ផ្អែកលើកិច្ចព្រមព្រៀងការងារ ឯកទេសភាសាខ្មែរ។ អ្នកត្រូវដឹងថា ដើម្បីសរសេរចម្លើយឱ្យទទួលបានពិន្ទុខ្ពស់លើមុខវិជ្ជាឯកទេសនេះ អ្នកត្រូវឆ្លើយសំណួរនីមួយៗ ដោយសរសេរចម្លើយក្នុងទម្រង់ជាកថាខណ្ឌ ពោលគឺសរសេររៀបរាប់គំនិតសំខាន់ៗ និងភ្ជាប់ជាមួយឧទាហរណ៍ ដោយចុះបន្ទាត់ម្ដង និងចុះបន្ទាត់ពេលសរុបសេចក្ដីប៉ុណ្ណោះ ហើយហាមសរសេរជាត្រេៗ។ លើសពីនេះ ត្រូវផ្ដោតសំខាន់លើអក្ខរាវិរុទ្ធ វេយ្យាករណ៍ និងឆ្លើយឱ្យបានគ្រប់សំណួរ។

គួរជម្រាបជូនថា វិញ្ញាសាប្រឡងគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា រួមមាន វិញ្ញាសាសរសេរ៖ ជំនាញឯកទេស រយៈពេល ២ម៉ោង (មេគុណ២), វិញ្ញាសាពហុចម្លើយ៖ ភាសាអង់គ្លេស ឬភាសាបារាំង រយៈពេល ១ម៉ោង (មេគុណ១) និងវិញ្ញាសាពហុចម្លើយចំណេះទូទៅ រយៈពេល ១ម៉ោង (មេគុណ១)៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា