អគារសិក្សាថ្មី ជួយគាំទ្រការសិក្សាឡើងវិញសម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងរងផលប៉ះពាល់ដោយ​ជម្លោះព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគារសិក្សាថ្មី ជួយគាំទ្រការសិក្សាឡើងវិញសម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងរងផលប៉ះពាល់ដោយ​ជម្លោះព្រំដែន

អគារសិក្សាថ្មី ជួយគាំទ្រការសិក្សាឡើងវិញសម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងរងផលប៉ះពាល់ដោយ​ជម្លោះព្រំដែន

អគារសិក្សាថ្មីចំនួន ៥ខ្នង ដែល​មាន២១ បន្ទប់ ត្រូវ​បានសម្ពោធឱ្យ​ប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃព្រហស្បត្តិ៍​ ដើម្បី​គាំទ្រដល់ការរៀនសូត្រ​របស់​សិស្សា​នុសិស្ស​នៅតំបន់​ដាច់ស្រយាល​បំផុតក្នុង​​ខេត្តព្រះវិហារ និងសិស្សានុសិស្ស​ដែលរងផលប៉ះពាល់​ដោយ​ជម្លោះ​ព្រំដែន​។

Advertisement

​អគារសិក្សាទាំង៥ខ្នង​នេះ ត្រូវ​សាងសង់​ក្នុងសាលា​ចំនួន ៥ ក្នុងស្រុកចំនួន៣ គឺស្រុកគូលែន ស្រុកជាំក្សាន្ត និងស្រុករវៀង។

សាលាទាំងនេះដែលក្រោម​ការជួយឧបត្ថម្ភរបស់​អង្គការទស្សនៈពិភពលោក អង្គការអាក់សិន អេឌូខេសិន អាច​នឹងទទួលបានកុមារកម្ពុជាជាង ៥០០ នាក់ មកពីភូមិចំនួន ៥ ឱ្យ​ចូលរៀនជារៀងរាល់ឆ្នាំ រួមទាំងទទួល​យក​កុមារដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា សមិទ្ធផលនេះ បានជួយ​ដល់​កុមារ​កម្ពុជា​នៅតំបន់ដាច់ស្រយាលឱ្យទទួល​បាន​ការអប់រំសម្រាប់អនាគត​កាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោក អង្គការអាក់សិន អេឌូខេសិន និងដៃគូផ្សេងៗទៀត ដែលបន្តជួយគាំទ្រវិស័យអប់រំ ជាពិសេសគឺសាលាដែលស្ថិតនៅទីដាច់ស្រយាលនេះ គឺជួយនៅក្នុងការធានាថា ទោះបីជាកុមារស្ថិតនៅតំបន់ដាច់ស្រយាល ក៏ប៉ុន្តែនៅតែមានសាលាស្អាតៗ”

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ មានប្រសាសន៍​ថា ភាពជាដៃគូនេះ គឺដើម្បីធានាថា កុមារគ្រប់រូបមានកន្លែងសុវត្ថិភាពក្នុងការសិក្សាររៀនសូត្រ ការស្តារឡើងវិញ និងការកសាងអនាគតកាន់តែប្រសើរ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើកឡើងថា សម្រាប់កុមារ និងគ្រួសារនៅតំបន់ដាច់ស្រយាល និងរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន លទ្ធភាពទទួលបានការអប់រំមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍរយៈពេលវែង។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការអាក់សិន អេឌូខេសិន ប្រចាំប្រទេសកម្ពុជា គូសបញ្ជាក់ថា នេះជា​ការឆ្លើយតបដោយប្រសិទ្ធភាពចំពោះតម្រូវការរបស់កុមារក្នុងបរិបទដែលមានបញ្ហាប្រឈម។

ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៧​ រួមមាន ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កោះកុង និង​ សៀមរាប។ ក្នុងនោះ សាលារៀនប្រមាណ ១ពាន់សាលារងផលប៉ះពាល់ ដោយ ២៧សាលាខ្ទេចខ្ទីរទាំងស្រុង និង២១សាលា មិនទាន់បើកដំណើរការបាននៅឡើយ​រហូតមកទល់ពេលនេះ។ សិស្សប្រមាណ ៣ពាន់នាក់បន្តរៀននៅជំរំភៀសសឹក៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា