វិស័យចំនួន៥ កំពុងពេញនិយមក្នុងកម្មវិធី TVET 1.5M | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យចំនួន៥ កំពុងពេញនិយមក្នុងកម្មវិធី TVET 1.5M

វិស័យចំនួន៥ កំពុងពេញនិយមក្នុងកម្មវិធី TVET 1.5M

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

វិស័យធុរកិច្ច ទេសចរណ៍ សំណង់ កសិកម្ម និង​វិស័យសេវាកម្ម គឺជា​វិស័យ​ដែលលេចធ្លោជាងគេ ដោយមានយុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមវិស័យទាំង១០ ដែល​ក្រសួងការងារ​ធ្វើការបណ្តុះបណ្តាល។

Advertisement

បើយោង​តាម​របាយការណ៍របស់​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែសីហា ឆ្នាំ២០២៥ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន១៤០ ៩៨១នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន៣១ ៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន ៥៦ ៦៨២នាក់ ហើយសិស្សដែលទទួលបានការងារធ្វើមានចំនួន២៩ ១៩០នាក់។ ក្នុងចំណោមអ្នកស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន ៦០ ១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌។

ក្នុងនោះ​វិស័យទាំង៥ រួមមានវិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន ២៧ ៩១៥នាក់, វិស័យទេសចរណ៍ មានអ្នកចុះឈ្មោះ២១ ៦៦១នាក់, វិស័យសំណង់ មានអ្នកចុះឈ្មោះចំនួន២១ ២៨៦នាក់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ៣៤៧នាក់ និងវិស័យសេវាកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ០៧៩នាក់។

សម្រាប់វិស័យទាំង១០ ដែលបានដាក់ឱ្យបណ្ដុះបណ្ដាល ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) រួមមាន៖ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្ដសាល, មេកានិចទូទៅ/មេកានិចរថយន្ដ, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) នេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖ សិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។ ចំពោះបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អាចចូលរៀនបានដោយមិនបង់ថ្លៃ គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភ។

អ្នកនាំពាក្យក្រសួងការងារដដែល បានអំពាវនាវជាថ្មីដល់យុវជន ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា